Loading...

រឿងនេះមួយ!!! ខេមរៈ សិរីមន្ត មិនហ៊ានធ្វើតាមព្រាប សុវត្ថិ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:14 pm

គេកត់សម្គាល់ថា ខេមរៈ សិរីមន្ត តែងតែដើរតាមគន្លងតារាចម្រៀងព្រាប សុវត្ថិ ដូចជា ថ្មីៗនេះ សិរីមន្ត ឃើញសុវត្ថិ ងាកទៅរកស៊ីផ្នែក អចលនទ្រព្យពុះដីឡូតិ៍លក់នោះ លោកប៊ុន ថៃ ក៏ជិះឧទ្ធម្ភាគចក្រទៅលក់ដីឡូតិ៍ ផ្អើលពេញខេត្តកំពង់ស្ពឺ ដែរ ពោលគឺតារាដែលគេចាត់ទុកថា “ខ្លា2” នៅទ្រនំតែមួយនេះ ធ្វើអ្វីៗមិនឱ្យលើសខ្វះគ្នាឡើយ។ ប៉ុន្តែមានចំណុចមួយដែលមហាជនគិតថា ខេមរៈ សិរីមន្ត នៅតែញញើតមិនហ៊ានធ្វើតាមព្រាប សុវត្ថិ នោះ គឺការទម្លាយរូបថតអាពាហ៍ពិពាហ៍របស់ខ្លួនជាសាធារណៈ ដូចដែលព្រាប សុវត្ថិ បានធ្វើកាលពីពេលថ្មីៗនេះ បើទោះជាសិរីមន្ត ធ្លាប់អះអាងថា រូបគេបានរៀបការម្តងរួចទៅហើយ កាលពីឆ្នាំ2009 ក្តី តែរហូតមកដល់ពេលនេះ គ្មានរូបថតមួយសន្លឹកណាដែលសិរីមន្ត បង្ហាញឱ្យគេឃើញរូបថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយអ្នកនាងផល្លី នោះឡើយ ហេតុនេះហើយបានជាមហាជនជាច្រើននៅតែសង្ស័យថា សិរីមន្ត និងភរិយា អ្នកនាងផល្លី មិនទាន់រៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវឡើយ បើទោះជាពេលនេះ ពួកគេមានកូនដល់ទៅ3នាក់ ហើយអ្នកនាងផល្លី កំពុងពពោះត្រៀមសម្រាលកូនទី4 ក៏ដោយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ វីដេអូនៃពិធីមង្គលការរបស់តារាចម្រៀងព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ ដែលបានរៀបចំកាលពី ឆ្នាំ1997 នៅរង្គសាលបុប្ផាទិព្វ2 នោះ ត្រូវបានបែកធ្លាយ ហើយពេលនោះ គេចាប់អារម្មណ៍ឃើញថា អ្នកនាងស្រីមុំ និងលោកសុវត្ថិ ច្រៀងបទរួមគ្នាមានចំណងជើងថា “ស្រលាញ់អូន ឬ បងដល់ឆ្អឹង” ដែលបង្ហាញពីភក្តីស្នេហ៍ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេ ឬជាគម្រប់ខួបអាពាហ៍ពិពាហ៍ គម្រប់អាយុ21ឆ្នាំនោះ។ តាមរយៈវីដេអូមង្គលការរបស់ព្រាប សុវត្ថិ នេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើន ចង់ឱ្យតារាចម្រៀងខេមរៈ សិរីមន្ត បង្ហាញវីដេអូរៀបការរបស់ខ្លួនជាមួយភរិយាអ្នកនាងផល្លី ដែលសិរីមន្ត ធ្លាប់អះអាងថា បានធ្វើកាលពីឆ្នាំ2009នោះ តែគេមិនឃើញសិរីមន្ត មានការឆ្លើយតបចំពោះសំណូមពររបស់ទស្សនិកជន ដែលចង់ឱ្យគេបង្ហាញរូបភាពមង្គលការនោះឡើយ រហូតមកដល់ពេលនេះ។

 

ក្រុមយុវវ័យមួយចំនួន ដែលលេងបណ្តាញសង្គម បាននិយាយថា រឿងគ្រប់យ៉ាង សិរីមន្ត អាចធ្វើតាមព្រាប សុវត្ថិ បានតែរឿងបង្ហាញវីដេអូថ្ងៃការប្រពន្ធនោះ ប្រហែលជាសិរីមន្ត មិនអាចធ្វើបានទេ មើលទៅ។

ខេមរៈ សិរីមន្ត បានព្យាយាមលាក់ប្រពន្ធកូនរយៈពេល9ឆ្នាំ ពោលគឺទើបតែនៅឆ្នាំ2018 នេះទេ ដែលតារាចម្រៀងល្បីឈ្មោះរបស់ហង្សមាស រូបនេះ ព្រមទទួលស្គាល់ថា រូបគេមានប្រពន្ធនិងកូនៗ ដល់ទៅ3នាក់។ សិរីមន្ត ធ្លាប់បណ្តើរភរិយាអ្នកនាងផល្លី តែម្តងគត់ ចូលរួមកម្មវិធីកាកបាទក្រហម អឌ្ឍចន្ទក្រហម ថ្ងៃទី8 ខែឧសភា លើកទី155 នោះ សិរីមន្ត បាននាំភរិយាទៅជួបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៀតផង។

ដោយឡែក កាលពីពេលថ្មីៗនេះដែរ ខេមរៈ សិរីមន្ត និងភរិយា អ្នកនាងផល្លី បានចេញមុខសរសើរគ្នាទៅវិញទៅមក ដោយម្នាក់ៗសុទ្ធតែអះអាងថា មិនអាចខ្វះនរណាម្នាក់បានឡើយ ទើបធ្វើឱ្យតារាមិនតិចនាក់ទេ ដែលច្រណែនគូស្នេហ៍នេះ ហើយនិយាយថា ពេលលាក់គឺប្រឹងលាក់យកតែមែនទែន តែពេលផ្អែមល្ហែម បែរជាស្អិតល្មូតជាងស្ករតាំងម៉ែទៅទៀត ពិតជាពិបាកសន្និដ្ឋានមែន៕