Loading...

លោកម៉ូន ជេអ៊ីន មានជំនឿថា កូរ៉េខាងជើង នឹងលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:30 pm

កាលពីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ លោកម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបង្ហាញជំហរលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ សម្ភារៈ និងគ្រឿងបរិក្ខាផ្សេងៗ  ទាក់ទងទៅនឹងការផលិតអាវុធនុយក្លេអ៊ែរ ដែលមានន័យថា បញ្ចប់ទាំងស្រុងក្នុងការកាត់រំសាយអាវុធនុយក្លេអ៊ែរ។

យោងទៅតាមកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ BBC ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា “កូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងធ្វើការរួមគ្នាដើម្បីរៀបចំឱ្យមានកិច្ចប្រជុំកំពូលលើកទី២ រវាងលោកគីម ជុងអ៊ុន និងដូណាល់ ត្រាំ ឱ្យបានកាន់តែឆាប់កាន់តែល្អ”។

បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៣ ជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅក្នុងទីក្រុងព្យុងយ៉ាង លោកម៉ូន ជេអ៊ីន បាននិយាយថា កូរ៉េខាងជើង បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអញ្ជើញអ្នកជំនាញអន្តរជាតិ មកសង្កេតការណ៍ទីតាំងផលិតមីស៊ីលសំខាន់ៗ និងបិទទីតាំងផលិតនុយក្លេអ៊ែរ Yongbyon ប្រសិនបើទីក្រុងវ៉ាស៊ីនតោន សហការបានល្អ។

ជាមួយគ្នានេះដែរ លោកម៉ូន ជេអ៊ីន ក៏បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិក ក៏មានគម្រោងបើកការិយាល័យអនុព័ន្ធយោធានៅក្នុងប្រទេសកូរ៉េខាងជើង ការិយាល័យផ្តល់ជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរអ្នកជំនាញសេដ្ឋកិច្ច ដើម្បីជួយអភិវឌ្ឍន៍ដល់ប្រទេសមួយនេះ។

ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូលលើកទី២ កាលពីថ្ងៃអង្គារ លោកដូណាល់ ត្រាំ បាននិយាយថា អាចនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះ បន្ទាប់ពីការបោះឆ្នោតសភាសហរដ្ឋអាមេរិក៕