Loading...

លោក Mike Pompeo ជួបជាមួយប្រធានាធិបតីតួកគី Erdogan

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 16:50 pm

បន្ទាប់ពីជួបជាមួយព្រះមហាក្សត្រ និងព្រះអង្គម្ចាស់ អារ៉ាប៊ី សាអ៊ូឌីត នៅក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃអង្គារ ឥឡូវនេះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានបន្តដំណើរមកបំពេញទស្សនកិច្ចជួបជាមួយលោក Erdogan ប្រធានាធិបតីប្រទេសតួកគី នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ ដើម្បីជួបពិភាក្សាអំពីការបាត់ខ្លួនអ្នកកាសែតដ៏ល្បីម្នាក់ គឺលោក Jamal Khashoggi។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

លោក Mevlut Cavusoglo រដ្ឋមន្ត្រីក្រសួងការបរទេសតួកគី បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Pompeo គឺដើម្បីផ្តល់ព័ត៌មានករណីឃាតកម្មរបស់លោក Jamal Khashoggi មកឱ្យទីក្រុងអង់ការ៉ា។ ក្រោយការបាត់ខ្លួនរបស់លោក Jamal Khashoggi ដែលមានលំនៅឋាននៅសហរដ្ឋអាមេរិក និងជាអ្នករាយការណ៍ព័ត៌មានដ៏ឆ្នើមប្រចាំកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ ប្រធានាធិបតីដូណាល់ ត្រាំ បានចោទប្រកាន់ត្រង់ៗឱ្យប្រទេសអារ៉ាប៊ី សាអ៊ូឌីត ទទួលខុសត្រូវចំពោះករណីឃាតកម្មនេះ។

ទោះជាយ៉ាងណាក្តី អារ៉ាប៊ី សាអ៊ូឌីត បានច្រានចោលការចោទប្រកាន់នោះ។ ក្រោយពីជំនួបជាមួយព្រះមហាក្សត្រ និងព្រះអង្គម្ចាស់ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អារ៉ាប៊ី សាអ៊ូឌីត ត្រូវតែទទួលខុសត្រូវ និងស៊ើបអង្កេតឱ្យបានពេញលេញចំពោះការបាត់ខ្លួនរបស់ខ្លួនអ្នកកាសែតរូបនេះ។

គួររំលឹកថា លោក Khashoggi បានបាត់ខ្លួន២សប្តាហ៍ នៅពេលដែលគាត់បានធ្វើដំណើរមកស្ថានកុលសុល អារ៉ាប៊ី សាអ៊ូឌីត ប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីប្រមូលឯកសារសម្រាប់គម្រោងរៀបអាពាហ៍ពិពាហ៍របស់គាត់។

ពាក់ព័ន្ធទៅនឹងករណីនេះ មន្ត្រីតួកគី បានថ្លែងថា ការបាត់ខ្លួនអ្នកកាសែតដ៏លេចធ្លោ និងពូកកែរិះគន់ សែរាជវង្ស ត្រូវបានគេសម្លាប់ ហើយយកសាកសពទៅទម្លាក់ចោល ដើម្បីបំបាត់ភ័ស្តុតាង៕