Loading...

វិធីចិញ្ចឹមកូន ឱ្យក្លាយជាក្មេងល្អ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨​ | វិជ្ជាមេផ្ទះ | | 0 | ម៉ោង 17:09 pm

៨វិធី ចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អពូកែ និងមានសេចក្តីសុខនោះ មិនចាំបាច់ត្រូវចំណាយច្រើន ឬទិញរបស់ថ្លៃៗមកឱ្យកូនឡើយ គ្រាន់តែឪពុកម្តាយយល់ពីកូន យល់ពីការវិវឌ្ឍរបស់ក្មេងក្នុងវ័យនីមួយៗ និងចិញ្ចឹមមើលថែកូនឱ្យសមស្របតាមវ័យ ក៏នឹងធ្វើឱ្យកូនបានស្វែងយល់ និងធំធាត់ជាមនុស្សធំដែលល្អ ពូកែ និងមានសេចក្តីសុខបាន។

  • លេងជាមួយកូន ដើម្បីរឹតចំណងសម្ព័ន្ធភាព ៖

ការលេង ជាសកម្មភាពងាយៗដែលធ្វើឱ្យក្មេងមានសេចក្តីសុខ ប្រសិនកូនបានមានសេរីភាព  និងបានប្រើក្តីស្រមើស្រមៃក្នុងការលេងតាមបែបផ្សេងៗនោះ កូននឹងមានឱកាសកែបញ្ហាដែលកើតឡើងក្នុងពេលលេងបានដោយខ្លួនឯង។ ប្រសិនឪពុកម្តាយលេងជាមួយទៀតនោះ នឹងជួយដល់សម្ព័ន្ធភាពរវាងសមាជិកក្នុងក្រុមគ្រួសារឱ្យកាន់តែល្អប្រសើរ។ ក្រៅពីនេះ ការបង្ហាញក្តីស្រលាញ់ចំពោះកូន ដោយការឱប ឬថើបថ្ពាល់ ក៏នឹងជួយឱ្យជិតស្និទ្ធជាមួយកូន និងជួយបង្កើនភាពកក់ក្តៅក្នុងក្រុមគ្រួសារកាន់តែប្រសើរឡើង។

  • អានសៀវភៅជាមួយគ្នា ៖

ឪពុកម្តាយធ្លាប់សង្ស័យទេថា ហេតុអ្វីកូនតូចចូលចិត្តឱ្យនិទានរឿងឱ្យស្តាប់ញឹកញាប់? មូលហេតុដោយសារក្មេងៗចូលចិត្តស្តាប់សំឡេងឪពុកម្តាយ អានសៀវភៅ ឬនិទានរឿងឱ្យស្តាប់ជានិច្ច ដែលអាចជួយជំរុញការវិវឌ្ឍផ្នែកខួរក្បាលរបស់កូន និងបង្កើនភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ បានល្អទៀតផង។ វិធីល្អបំផុត មិនមែនការអានសៀវភៅឱ្យកូនស្តាប់តែម៉្យាងឡើយ ប៉ុន្តែ ឪពុកម្តាយគួរអានសៀវភៅជាមួយកូនឆ្លាស់គ្នាជាមួយការអានពាក្យពេចន៍ ឬសំណួរពាក់ព័ន្ធនឹងសាច់រឿង និងបង្ហាញពីគំនិតយោបល់ ក្រៅពីធ្វើឱ្យកូនមានអារម្មណ៍សប្បាយហើយនោះ ជាការបណ្តុះគំនិតឱ្យកូនស្រលាញ់ការអានទៀតផង។

  • ឱ្យកូនបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិ និងមនុស្សជុំវិញ ៖

ការចូលសង្គម ជាមូលដ្ឋានគ្រឹះនៃការបង្កើតបុគ្គលិកភាពដែលសមស្របរបស់ក្មេង ដែលអាចជួយឱ្យកូនមានឱកាសបានស្វែងយល់ពីការនៅរួមគ្នាជាមួយមនុស្សក្នុងសង្គម ទាំងមិត្តភក្តិ និងមនុស្សជុំវិញខ្លួន រួមទាំងបានអភិវឌ្ឍផ្នែកអារម្មណ៍ដែលល្អ ដែលជាមូលដ្ឋានគ្រឹះល្អក្នុងការរស់នៅប្រចាំថ្ងៃ នាពេលអនាគត ព្រោះអាចជួយឱ្យកូននៅក្នុងសង្គមបានយ៉ាងមានសេចក្តីសុខ យល់ពីរបៀបវិន័យចេះចែករំលែក គ្រប់គ្រងអារម្មណ៍បានល្អ និងមានទស្សនគតិ ដែលល្អក្នុងការរស់នៅប្រចាំថ្ងៃ។

  • ជាគំរូដ៏ល្អឱ្យកូនឃើញ ៖

ការបង្រៀនដ៏ល្អបំផុត គឺការដែលអ្នកបង្រៀនអាណាព្យាបាល ឬឪពុកម្តាយធ្វើខ្លួនជាគំរូដ៏ល្អដល់កូនឱ្យឃើញជានិច្ច ព្រោះក្មេងនឹងជ្រាបពីសកម្មភាពដែលមនុស្សធំបង្ហាញចេញ មកដោយស្វ័យប្រវត្តិច្រើនជាងការបង្រៀនដោយពាក្យពេចន៍ ដែលក្នុងនោះ រួមទាំងអារម្មណ៍របស់ឪពុកម្តាយផងដែរ។ ប្រសិនឪពុកម្តាយ តានតឹង ឬឆេវឆាវ ក៏អាចធ្វើឱ្យកូនតានតឹង និងធ្វើសកម្មភាពកោងកាចចេញមកបាន។ ដូច្នេះ ឪពុកម្តាយត្រូវមើលខ្លួនឯង និងគ្រប់គ្រងអារម្មណ៍ឱ្យល្អជានិច្ច។

  • សរសើរពេលកូនធ្វើល្អ ៖

នៅពេលកូនធ្វើអំពើល្អ ឬធ្វើនូវអ្វីដែលត្រឹមត្រូវសមស្រប ឪពុកម្តាយគួរសរសើរ និងគាំទ្រឱ្យកូនដឹងថា អ្នកពេញចិត្តខ្លាំងកម្រិតណា? ដូចជាជួយការងារផ្ទះ ឬចែករំលែកនំនែកដល់មិត្តភក្តិដែលពាក្យសរសើរ ចាត់ជាទុកជាកម្លាំងចិត្ត និងកម្លាំងជំរុញវិជ្ជមានដែលជួយជំរុញឱ្យក្មេងធ្វើអំពើល្អនោះបន្តទៀតបាន។ លើសពីនេះ  ថែមទាំងជួយឱ្យកូនមានកម្លាំងជំរុញក្នុងការរៀន រួមទាំងការប្រើជីវិតប្រចាំថ្ងៃ និងកាន់តែបង្កើន ទំនាក់ទំនងល្អក្នុងក្រុមគ្រួសារផងដែរ។

  • សង្កេតទម្លាប់របស់កូន ទាំងនៅផ្ទះ និងសាលារៀន ៖

ឪពុកម្តាយគួរយកចិត្តទុកដាក់ និងព្យាយាមសង្កេតទម្លាប់របស់កូន ខណៈដែលនៅសាលារៀន ថាកូនមានទម្លាប់បែបណា? អាចសម្របខ្លួនជាមួយមិត្តភក្តិ និងគ្រូ ដែរឬអត់? ដោយអាចឧស្សាហ៍សួរគ្រូប្រចាំថ្នាក់ ឬខ្លួនកូនផ្ទាល់ថា ថ្ងៃនេះនៅសាលា យ៉ាងណាខ្លះ? រៀនមុខវិជ្ជាអ្វីខ្លះ? មិត្តភក្តិ និងគ្រូៗបែបណាដែរ? រួមទាំងសង្កេតមើលពីទម្លាប់ពេលកូននៅផ្ទះ ប្រសិនថ្ងៃនេះ កូនមើលទៅស្រងូតស្រងាត់ មិនរួសរាយដូចមុន  ឪពុកម្តាយគួរនិយាយជាមួយកូន ជួយរំលែករឿងក្នុងចិត្តរបស់កូនឱ្យកូនមានអារម្មណ៍ធូរស្រាល និងមានអារម្មណ៍ថា កូនមានឪពុកម្តាយនៅក្បែរជានិច្ច៕