Loading...

សាកសពចំនួន៣៧នាក់ និងតួយន្តហោះ ក្រុមសង្គ្រោះរកឃើញហើយ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:28 pm

ប្រតិបត្តិការរុករកយន្តហោះឥណ្ឌូណេស៊ី ធ្លាក់ចូលទៅក្នុងសមុទ្រ ថ្ងៃទី3នេះ ត្រូវបានគេរាយការណ៍ឱ្យដឹងថា ក្រុមសង្គ្រោះបានរកឃើញតួយន្តហោះ ប្រវែង22ម៉ែត្រ នៅក្នុងជម្រៅទឹកសមុទ្រ 32ម៉ែត្រ ប៉ុន្តែមិនទាន់មានលទ្ធភាពទាញយកតួយន្តហោះនោះឡើងមកលើគោកបាននៅឡើយទេ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃពុធ ទី31 ខែតុលា ឆ្នាំ2018នេះ។

លោក Hadi Tjahjanto ប្រធានកងកម្លាំងកងទ័ព បានថ្លែងប្រាប់ទូរទស្សន៍ TV One ថា “គិតមកដល់ត្រឹមថ្ងៃពុធនេះ ក្រុមរុករកពិតជាបានប្រទះឃើញតួយន្តហោះ ដែលគេហៅជាភាសាអង់គ្លេសថា Fuselage។ Fuselage គឺជាតួយន្តហោះចម្បងសម្រាប់ដាក់ក្រុមនាវឹក អ្នកដំណើរ និងទំនិញ”។

លោកបានបន្តទៀតថា “ក្រុមអ្នករុករកបានប្រើប្រាស់ប្រព័ន្ធសូណា (ប្រដាប់ស្រូបសំឡេង)  រកឃើញវត្ថុមួយដែលមានប្រវែង22ម៉ែត្រ ហើយត្រូវបានគេជឿជាក់ថា គឺជាតួរបស់យន្តហោះ  នៅក្នុងជម្រៅទឹក32ម៉ែត្រ។ រហូតូមកដល់ពេលនេះ ក្រុមសង្គ្រោះរកឃើញសាកសពចំនួន37នាក់ នៅក្នុងចម្ងាយដី15គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ខណៈក្រុមរុករកនៅតែបន្តបេសកកម្មរបស់ខ្លួន និងពង្រីកទំហំនៃការរុករក។

បន្ទាប់ពីមានការធ្លាក់យន្តហោះ ដែលបណ្តាលឱ្យមនុស្ស189នាក់ ស្លាប់បាត់បង់ជីវិតនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានបញ្ជាឱ្យមានការត្រួតពិនិត្យយន្តហោះ ម៉ូឌែល 737MAX-8 ចំនួន11គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការដោយក្រុមហ៊ុន Lion Air៕