Loading...

សុឹម​ សូលិកា ជ្រើសពោះម៉ាយ ទិត ថាវរិទ្ធិ ងាកស្នេហ៍ស្រីក្មេង?

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 14:07 pm

ចំណងស្នេហ៍ច្របូលច្របល់របស់អ្នកមេម៉ាយស៊ឹម សូលិកា និងពោះម៉ាយអេង រិទ្ធី ដែលពេលនេះពួកគេបានបង្ហាញភក្ដីភាពចិត្តមួយថ្លើមមួយនោះ ត្រូវបានមហាជនមើលឃើញថា នេះគឺជាចេតនារបស់ស៊ឹម សូលិកា ដើម្បីបញ្ឈឺចិត្តអតីតសង្សារលោកទិត ថាវរិទ្ធ ឲ្យរងការឈឺចាប់ឱរានៅនឹងភ្នែកស្រស់ៗតែម្ដង ព្រោះអំឡុងពេលដែលសូលិកា ធ្លាប់រួមរស់ជាមួយលោកថាវរិទ្ធ រយៈពេលជាង៥ឆ្នាំនោះ នាងមិនដែលបង្ហាញក្ដីសុខឲ្យគេឃើញដូចនៅពេលនេះឡើយ។

ស៊ឹម សូលិកា បង្ហាញឲ្យគេឃើញនូវក្ដីរីករាយរបស់នាង ក្រោយលោកអេង រិទ្ធី បញ្ចប់វគ្គសិក្សាពិសេស និងថ្មីៗនេះត្រូវបានតំឡើងឋានៈទៅជាឯកឧត្តមទៀតផង ដែលមើលទៅសកម្មភាពគូស្នេហ៍រស់ក្រោមដំបូលបាយ័ន តែមួយនេះ ហាក់ល្អូកល្អិនគ្នាកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

សំណួរដែលមហាជនគ្រប់គ្នាតែងតែលើកឡើងនោះថា តើពេលដែលសូលិកា និងអេង រិទ្ធី ស្រលាញ់គ្នាដូចប្ដីប្រពន្ធថ្មោងថ្មីទើបរៀបការហើយបែបនេះចុះលោកទិត ថាវរិទ្ធ ដែលជាសង្សារចាស់ ហើយជួបមុខសូលិកា នោះ នឹងទៅជាយ៉ាងណាវិញ ព្រោះសុខៗស្រាប់តែសង្សារត្រូវអតីតកូនចៅ ឆក់យកទៅបាត់បែបនេះ?

លោកទិត ថាវរិទ្ធ មិនដែលបង្ហាញអារម្មណ៍ឈឺចាប់ដែលស៊ឹម សូលិកា ត្រូវលោកអេង រិទ្ធី ឆក់ស្នេហ៍ពីលោកទៅបាត់នោះឡើយ ខណៈដែលអ្នកយកព័ត៌មានយើងធ្លាប់បានទាក់ទងទៅលោកកាលពីពេលថ្មីៗនេះ តែត្រូវបានអតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ និយាយថា កំពុងជាប់ប្រជុំ មិនអាចនិយាយបាននោះទេ។

ប៉ុន្ដែតាមរយៈកម្មវិធីអ្នកសិល្បៈមួយចំនួន ដែលគេហៅទាំងស៊ឹម សូលិកា និងលោកទិត ថាវរិទ្ធ ឲ្យចូលរួមនោះ លោកថាវរិទ្ធ ត្រូវបានសូលិកា បណ្ដើរលោករិទ្ធី នៅចំពោះមុខស្រស់ៗតែម្ដង ហើយមានពេលខ្លះនាងអង្គុយតុញាំអាហារជាមួយអតីតសង្សារនេះទៀតផង ។

ប៉ុន្តែតាមព័ត៌មានថា លោកថាវរិទ្ធ មិននិយាយអ្វីទាំងអស់ ហើយមានពេលខ្លះ គឺដើរចេញតែម្នាក់ឯងទៅអង្គុយតុផ្សេងៗទៅវិញ ខណៈដែលសូលិកា ហាក់គ្មានខ្វល់ខ្វយលោកថាវរិទ្ធ ទៀតឡើយ ព្រោះថាពេលនេះ នាងកំពុងតែមានសេចក្ដីសុខជាមួយសង្សារថ្មីអតីតកូនចៅលោកថាវរិទ្ធ គឺលោករិទ្ធី ។

ថ្វីត្បិតតែពេលនេះ ស៊ឹម សូលិកា ជិតក្លាយទៅជាជំទាវ ដោយសារតែលោករិទ្ធី ឡើងឋានៈឯកឧត្តមក្ដី តែអ្នកទាំង២មិនទាន់មានគម្រោងរៀបការជាមួយគ្នាជាចំហឡើយ ស្របពេលដែលមានព័ត៌មានថា គូស្នេហ៍ចម្រូងចម្រាសនេះ បានទិញវីឡាទ្រនំស្នេហ៍នៅបុរីប៉េង ហួត (បឹងស្នោ) គម្រោងទី៨ ដោយរស់នៅយ៉ាងមានក្ដីសុខ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺនៅពេលដែលត្រូវអតីតសង្សារបញ្ឈឺចិត្តនៅចំពោះមុខបែបនេះ លោកថាវរិទ្ធ បានលេងមួយក្បាច់វិញដាក់សូលិកា តាមរយៈការងាកទៅស្និទ្ធស្នេហ៍ជាមួយស្រីក្មេង នាងនៅ សុនិតា ហើយលោកថាវរិទ្ធ បានទិញវីឡាទ្រនំស្នេហ៍នៅក្បែរសូលិកា ដែរ ទើបធ្វើឲ្យតារាសិល្បៈជាច្រើន រួមទាំងមហាជនផង ហាក់ឈឺក្បាលខ្លាំងចំពោះគូស្នេហ៍២គូនេះថា មានភាពចម្រូងចម្រាសខ្លាំង ហើយមើលទៅឡើងវិលមុខតែម្ដង ព្រោះថា សូលិកា និងលោកថាវរិទ្ធ ឌឺដងដាក់គ្នារហូត ទាំងការយកសង្សារថ្មី និងទិញផ្ទះបង្អួតគ្នាទៅវិញទៅមក​ មិនឲ្យចាញ់គ្នានោះទេ។

ស៊ឹម សូលិកា បានលែងប្ដី លោក ”វីរៈ” ដោយបន្សល់កូនស្រីស្រស់ស្អាតម្នាក់ ឈ្មោះ ”ស្រីណុច” ហើយទៅភ្ជាប់ស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ ជាង៥ឆ្នាំ ក្រោមដំបូលតែមួយ ប៉ុន្តែអ្វីដែលសូលិកា ឆ្អែតចិត្តនោះ គឺចំណងស្នេហ៍លាក់លៀមនេះ មិនត្រូវបានក្រុមគ្រួសារលោកថាវរិទ្ធ គាំទ្រឲ្យមានមង្គលការឡើយ ហើយថែមទាំងមិនទទួលយកនាងជាសមាជិកក្នុងគ្រួសារទៀតផង។ ដោយគ្មានជម្រើសសូលិកា ដែលលះបង់អ្វីៗគ្រប់យ៉ាងឲ្យលោកថាវរិទ្ធ តែសូម្បីតែមង្គលការដែលនាងចង់បាន ក៏អតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ មិនអើពើនោះ ទើបនាងលេងមួយក្បាច់ដាក់អតីតសង្សារ តាមរយៈការសាងស្នេហាជាមួយពោះម៉ាយ អេង រិទ្ធី ដែលធ្លាប់ជាកូនចៅលោកថាវរិទ្ធ។

ប្រភពបានឲ្យដឹងថា លោកថាវរិទ្ធ សោកស្ដាយកាយសូលិកា ជាខ្លាំង ហើយមុនភ្ជាប់ស្នេហ៍ជាមួយស្រីក្មេងនោះ អតីតប្ដីអ្នកនាងលី ម៉ារីណា រូបនេះ ក៏ធ្លាប់បានសុំផ្សះផ្សាស្នេហ៍ជាមួយសូលិកា វិញដែរ តែអ្នកមេម៉ាយរូបនេះមិនព្រមជាដាច់ខាត ព្រោះថាពេលនេះនាងកំពុងចុះសម្រុងគ្នាជាមួយគូស្នេហ៍ថ្មីលោករិទ្ធី ហើយអ្វីដែលនាងមានភាពកក់ក្ដៅខ្លាំងពីលោករិទ្ធី នោះ គឺប្រុសស្នេហ៍ថ្មីនេះស្រលាញ់កូននាងដូចកូនបង្កើតអ៊ីចឹង គឺខុសគ្នាជាមួយលោកថាវរិទ្ធ អំឡុងពេលដែលនាងធ្លាប់រួមរស់ជាមួយគ្នានោះ៕