Loading...

ស្បែកចាស់មុនវ័យ មូលហេតុ និងវិធីការពារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 15:41 pm

សុខភាពស្បែកដែលល្អ បញ្ជាក់ដល់ការបរិភោគអាហារបានសមស្រប និងគ្រប់គ្រាន់ តាមតម្រូវការរបស់រាងកាយ។ ចំណែកស្បែកដែលស្លេកស្លាំង ស្ងួតប្រេះរបក ដោយសារការទទួលបានសារធាតុអាហារមិនសមស្រប  និងមិនគ្រប់គ្រាន់។ ការកែសម្រួលការបរិភោគអាហារឱ្យបានសមស្រប ក្រៅពីជួយឱ្យមានសុខភាពល្អ ថែមទាំងជួយដល់សុខភាពស្បែកផងដែរ…។

សត្រូវសំខាន់ចំពោះស្បែកប្រចាំថ្ងៃ គឺកម្តៅថ្ងៃ ផ្សែងបារី អូហ្សូន និងជាតិពុលផ្សេងៗ ដែលបង្កឱ្យកើតជាសារធាតុរ៉ាឌីកាល់សេរី ដែលនាំឱ្យមានផលប៉ះពាល់ដល់រាងកាយ និងស្បែក ធ្វើឱ្យស្បែកឆាប់ចាស់មុនវ័យ។

ជាតិពុល និងរ៉ាឌីកាល់សេរីទាំងនោះ នឹងបំផ្លាញខូលឡាចេន (Collagen)  ដែលជារចនាសម្ព័ន្ធសំខាន់របស់ស្បែក ស្ថិតនៅក្នុងស្រទាប់ស្បែកពិត ហើយនៅពេលជាលិកាខូលឡាចេន ចុះខ្សោយ នឹងធ្វើឱ្យស្បែកស្ងួត ខ្វះភាពយឺត កើតស្នាមជ្រីវជ្រួញ ស្បែកមានភាពយារធ្លាក់បានងាយ។ ក្រៅពីនេះ ជាតិពុលទាំងនោះ ថែមទាំងបំផ្លាញរចនាសម្ព័ន្ធឌីអិនអេ (DNA) របស់ស្បែកទៀតផង។

ស្បែកជាផ្នែកនៃរាងកាយដែលត្រូវប្រឈមនឹងពន្លឺថ្ងៃ ច្រើនជាងផ្នែកផ្សេងទៀតនៃរាងកាយ។ រាល់ថ្ងៃ កាំរស្មីអ៊ុលត្រាវីយ៉ូឡេត៍ (UV) ពីពន្លឺថ្ងៃ ជាវត្ថុគ្រោះថ្នាក់បំផុតចំពោះស្បែក ធ្វើឱ្យឌីអិនអេ ទទួលរងនូវហានិភ័យច្រើនបំផុត និងជាមូលហេតុសំខាន់ដែលធ្វើឱ្យស្បែកក្រហម រលាក ខ្លោច ស្ងួត ក្រិនក្រោះ និងមានស្នាមជាំ ឬអាចម៍រុយ ព្រមទាំងអាចបង្កជំងឺមហារីកស្បែកទៀតផង។

ជាធម្មតា ស្បែកមានយន្តការធម្មជាតិ ក្នុងការការពារវត្ថុគ្រោះថ្នាក់ចំពោះស្បែក ដោយមានអង់ហ្ស៊ីមមួយប្រភេទ ដែលមានសារធាតុសេលេនីញ៉ូម (Selenium) ជាអង្គប្រកប ធ្វើតួនាទីកម្ចាត់រ៉ាឌីកាល់សេរី ក្នុងរាងកាយ។ ក្រៅពីនេះ សារធាតុប្រឆាំងអុកស៊ីដកម្ម ធ្វើតួនាទីជួយបន្ថយប្រតិកម្មរ៉ាឌីកាល់សេរី ផងដែរ។

សារធាតុប្រឆាំងអុកស៊ីដកម្ម ដែលសំខាន់ចំពោះស្បែក មានដូចជា វីតាមីន C, វីតាមីន E, បេតាខារ៉ូទីន (Beta-Carotene) ឬ ខារ៉ូទីណូអ៊ីដ (Caro-tenoid) និងសេលេនីញ៉ូម (Selenium)។ សារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដូចខាងលើ រាងកាយមិនអាចផលិតដោយខ្លួនឯងបានទេ ចាំបាច់ត្រូវទទួលពីអាហារ។

មនុស្សដែលទទួលទានអាហារប្រភេទផ្លែឈើ ដែលមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ 5ប្រភេទ ឡើងទៅ ជួយឱ្យស្បែកមិនងាយចាស់។

អ្នកជំនាញបានណែនាំថា ក្រៅពីការបរិភោគអាហារដែលមានសារធាតុប្រឆាំងរ៉ាឌីកាល់ សេរីខ្ពស់ ហើយការប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានភាគផ្សំរបស់សារធាតុប្រឆាំងអុកស៊ីដកម្ម ក៏មានភាពសំខាន់មិនចាញ់គ្នា ផងដែរ៕