Loading...

ស្មៀន មឿក ជំងឺធ្វើទុក្ខកាន់តែធ្ងន់

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:31 pm

តារាចម្រៀងអាយ៉ៃឆ្លងឆ្លើយ លោកតាផ្លុង មឿក បានដេកស្តូកនៅលើកន្ទេល ដោយមិនអាចកម្រើកបានឡើយនៅលើផ្ទះជួល ជាន់ទី២ នៅក្បែរវត្តស្វាយពពែ ទល់មុខផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញ។ ស្ថានភាពតារាចម្រៀងអាយ៉ៃ និងភ្លេងការរូបនេះ បានធ្វើទុក្ខកាន់តែធ្ងន់នៅរយៈពេលចុងក្រោយនេះ បើតាមកូនស្រីរបស់លោក គឺកញ្ញាផ្លុង រចនា បានប្រាប់អ្នកយកព័ត៌មានយើង កាលពីរសៀលថ្ងៃទី៣០ ខែតុលា។

កូនស្រីពៅរបស់លោកតាផ្លុង មឿក ក្នុងចំណោមកូន១០នាក់ គឺកញ្ញាផ្លុង រចនា បានឱ្យដឹងថា “ឪពុករបស់នាងមានជំងឺចាស់ជរា ព្រោះពេលនេះ គាត់ឈានចូលវ័យ៨៣ឆ្នាំទៅហើយ និងមិនអាចកម្រើកបានទេ ដោយគេងនៅលើកន្ទេល ហើយមាននាងនិងបងស្រីជាអ្នកមើលថែដោយផ្ទាល់។

កញ្ញារចនា បានឱ្យដឹងទៀតថា “ម្តាយរបស់នាងបានទទួលមរណភាព១ឆ្នាំទៅហើយ ហេតុនេះនៅតែឪពុក គឺមានតែមើលថែគាត់ឱ្យបានដិតដល់ សម្រាប់ជីវិតគាត់ពេលដែលឈឺនេះ ហើយស្ថានភាពឪពុករបស់នាងដែលមិនអាចច្រៀងអាយ៉ៃបាន គឺរយៈពេល៧ឆ្នាំមកហើយ តែគាត់នៅតែស្រលាញ់សិល្បៈ ចម្រៀងអាយ៉ៃនេះខ្លាំងណាស់ ហើយដោយសារតែបងៗរបស់នាងភាគច្រើននៅខេត្ត និងមានជីវភាពខ្វះខាតដែរ អ៊ីចឹងហើយបានជាយូរៗមកមើលឪពុកម្តង គឺមានតែនាងនិងបងស្រីទេ ដែលនៅជាប់លាប់ ហើយក៍ជួបផលវិបាកដែរ ព្រោះត្រូវរស់នៅផ្ទះជួល១ខែ ជិត២០០ដុល្លារ”។

ជាមួយគ្នានេះដែរ កញ្ញារចនា និងបងស្រី ក៏បានលើកដៃដប់សំពះដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដែលបានឧបត្ថម្ភដល់ឪពុករបស់នាងជារៀងរាល់ខែ ៥០ម៉ឺនរៀល ដើម្បីដោះស្រាយការលំបាក ក៏ដូចជាបានបង់ថ្លៃផ្ទះជួលនេះដែរ។

លោកគួច ខេវិន ដែលធ្លាប់ហៅលោកតាផ្លុង មឿក ច្រៀងជាញឹកញាប់ មុនពេលដែលលោកតាធ្លាក់ខ្លួនឈឺនោះ ក៏បានចុះទៅសួរសុខទុក្ខតារាចម្រៀងអាយ៉ៃឆ្លងឆ្លើយ ដ៏មានទេពកោសល្យនេះដែរ ហើយក្នុងនាមលោកជាស្ថាបនិកក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គមនោះ លោកក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន៥០ម៉ឺនរៀល ដល់លោកតាផ្លុង មឿក ផងដែរ។

កញ្ញាផ្លុង រចនា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលជួយផ្តល់ថវិកាដល់ឪពុកនាង ដែលធ្វើការលែងកើតនេះ ពិសេស គឺសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងលោកគួច ខេវិន ដែលចុះមកដោយផ្ទាល់នៅពេលនេះ ព្រោះនាងសង្វេគចិត្តបំផុត ពេលដែលឪពុកនាងឃើញនាងស្រក់ទឹកភ្នែក ហេតុនេះហើយ នាងចង់ឱ្យគាត់បានហូបឆ្ងាញ់ នៅដំណាក់កាលចុងក្រោយនេះដែរ៕