Loading...

ឡាយ លក្ខិណា ទៅកាណាដា ផលិតកម្មមួយទាក់ទងឲ្យច្រៀងបទ Hip Hop

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:31 pm

តារាចម្រៀង និងសម្តែង អ្នកនាងឡាយ លក្ខិណា បានហោះទៅប្រទេសកាណាដា កាលពីរាត្រីថ្ងៃទី២១ ខែតុលា ដោយរួមដំណើរជាមួយតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនៅ ស៊ីនឿន ដើម្បីទៅច្រៀងសម្តែងសិល្បៈរយៈពេល៣ខែរួមគ្នា។

នេះជាលើកទីមួយហើយ សម្រាប់អ្នកនាងឡាយ លក្ខិណា ដែលត្រូវទៅច្រៀងសម្តែងនៅក្រៅស្រុក ខណៈដែលមុននេះ មានព័ត៌មានថា អ្នកនាងឡាយ លក្ខិណា ត្រូវទៅច្រៀងសម្តែងនៅអាមេរិក តែដល់ពេលចេញដំណើរ បែរជាតារារូបនេះត្រូវចេញទៅកាណាដា ទៅវិញ។

អ្នកនាងឡាយ លក្ខិណា បានថ្លែងប្រាប់អ្នកយកព័ត៌មានយើង នៅព្រលានយន្តហោះភ្នំពេញ មុនពេលចេញដំណើរ ថា អ្នកនាងនឹងត្រូវចេញសម្តែងជាលើកដំបូង នៅប្រទេសកាណាដា ជាមួយលោកនៅ ស៊ីនឿន នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ ហើយតាមគម្រោង នៅ ស៊ីនឿន ច្រៀងជាមួយអ្នកនាងតែ១ខែទេ ហេតុនេះហើយអ្នកនាងត្រូវច្រៀងជាមួយតារាចម្រៀងខ្មែរ នៅទីនោះ២ខែ តទៅទៀតហើយ នៅថ្ងៃទី០៥ ខែកុម្ភៈ ទើបអ្នកនាងត្រូវវិលត្រឡប់មកស្រុកខ្មែរវិញ។

ឡាយ លក្ខិណា បន្ថែមទៀតថា “ដោយសារតែអ្នកនាងបានប្រឡូកក្នុងអាជីពសម្តែង និងច្រៀង ជាង១០ឆ្នាំមកហើយ ហេតុនេះការច្រៀងបំពេឱ្យបងប្អូននៅកាណាដា កម្សាន្តនោះ មិនជាឧបសគ្គនោះឡើយ ហេតុនេះហើយ អ្នកនាងមិនមានការព្រួយបារម្ភច្រើននោះទេ”។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការដល់ប្រទេសកាណាដា លើកដំបូងនោះ អ្នកនាងឡាយ លក្ខិណា ត្រូវថតសំឡេងឱ្យក្រុមហ៊ុនមួយឈ្មោះ ស៊ី ប្រូដាក់សិន ដែលដំណាក់កាលដំបូង ក្រុមហ៊ុននេះធ្វើបទឱ្យអ្នកនាងលក្ខិណា ច្រៀង៦បទ តែបទដែលត្រូវថតមាន២បទសិន  ហើយនោះគឺជាបទហ៊ីបហប ដែលអ្នកនាងលក្ខិណា មិនដែលជួបប្រទះសោះពីមុន។

ឡាយ លក្ខិណា និយាយលាយឡំសំណើចថា អ្នកនាងពិតជាត្រូវថតបទ Hip Hob ២បទ ឱ្យខាងផលិតកម្មគេនោះមែន ព្រោះថា ពេលនេះ អ្នកនាងបានក្លាយទៅជាសមាជិករបស់ផលិតកម្មគេនោះហើយ។ ដោយឡែកនៅខែមករា នោះ អ្នកនាងនឹងថតជា MV ផងដែរ ដោយទាំងការច្រៀង និងសម្តែង គឺជាមួយតារាហ៊ីបហប ម្នាក់នៅទីនោះ។ នៅអំឡុងខែមិថុនា ឆ្នាំ២០១៩ នោះ អ្នកនាងនឹងចេញទៅថតបទចម្រៀងឱ្យក្រុមហ៊ុននោះ ថែមទៀតផងដែរ ហើយការដែលអ្នកនាងចូលទៅផលិតកម្មនោះ ដោយសារតែក្រុមហ៊ុនគេមានលក្ខខណ្ឌល្អ ចំពោះអ្នកនាងទាំងការច្រៀង និងសម្តែង។

គួរបញ្ជាក់ថា មុនចេញទៅច្រៀងសម្តែងនៅកាណាដា នេះអ្នកនាងឡាយ លក្ខិណា បានថតភាពយន្តបាន៣រឿង គឺរឿង “ផ្កាថ្ម” ឱ្យផលិតកម្មហង្សមាស , រឿង “ភ្លើង” និងរឿង “រវាងយើង” ឱ្យទូរទស្សន៍បាយ័ន។ ចំណែកការទៅច្រៀងនៅកាណាដា នេះ អ្នកនាងឡាយ លក្ខិណា ត្រូវចោលការសម្តែងភាពយន្តក្នុងស្រុក ដល់ទៅ៣រឿង គឺការអាក់ខានថតឱ្យហង្សមាស, ប៉ុស្តិ៍លេខ៥ និងផលិតកម្មសមាគមសិល្បករខ្មែរ ដោយសរុបខាតលុយខ្ទង់ជាង១ម៉ឺនដុល្លារ។ ប៉ុន្តែ យ៉ាងណា អ្នកនាងឡាយ លក្ខិណា រំពឹងថា ផលិតកម្មទាំងនោះ នឹងហៅអ្នកនាងថតវិញ ពេលដែលអ្នកនាងមកដល់ស្រុកខ្មែរ នៅដើមខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ៕