Loading...

អតីតប្រធានសមាគមបាល់ទាត់ហ្គាណា ត្រូវ FIFA ពិន័យមួយជីវិត

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 15:22 pm

សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA សម្រេចពិន័យលោក Kwesi Nyantakyi អតីតប្រធានសមាគមបាល់ទាត់ហ្គាណា ដែលជាមនុស្សមានឥទ្ធិពលម្នាក់ នៅក្នុងទ្វីបអាហ្វ្រិក មួយជីវិតមិនឲ្យចូលប្រឡូកក្នុងវិស័យបាល់ទាត់ ទាំងជាតិ និងអន្តរជាតិ ពីបទទទួលយកសំណូក និងប្រព្រឹត្តិអំពើពុករលួយ។

ជាមួយគ្នានេះដែរ លោក Kwesi Nyantakyi ត្រូវបានចោទប្រកាន់ពីបទបង្កទំនាស់ផលប្រយោជន៍ ។ នេះបើយោងតាមប្រភពព័ត៌មានពី FIFA ដែលបានបណ្តាញសារព័ត៌មាន BBC ដកស្រង់ និងចេញផ្សាយនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។

ក្រុមប្រឹក្សាគ្រប់គ្រងបាល់ទាត់ បានបើកការស៊ីបអង្កេត បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានទទួលសំណូក៦៥.០០០ដុល្លារ ពីអ្នកយកព័ត៌មានដែលបន្លំខ្លួនធ្វើជាភ្នាក់ងារសម្រាប់ការដេញថ្លៃការប្រកួតបាល់ទាត់ពិភពលោក ២០២២ នៅប្រទេសកាតា ។

សហព័ន្ធបាល់ទាត់ FIFA បានពិន័យលោក Nyantakyi ចំនួន៣៩ម៉ឺនផោន ស្មើនឹងជិត៥០ម៉ឺនដុល្លារ។
លោក Nyantakyi អតីតជាអនុប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក និងជាសមាជិកក្រុមប្រឹក្សា FIFA ។ លោកបានចុះចេញពីតំណែងអនុប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក កាលពីខែមិថុនា បន្ទាប់ពីបែកធ្លាយព័ត៌មានទទួលសំណូកជាសាធារណៈ៕