Loading...

អាមេរិក នឹងរឹតបន្តឹងការនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរ ទៅកាន់ប្រទេសចិន

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:27 pm

កាលពីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨ ក្រសួងថាមពលសហរដ្ឋអាមេរិក បានថ្លែងថា អាមេរិក នឹងចាប់ផ្តើមបង្កើនការរឹតបន្តឹងការនាំចូលអាវុធនុយក្លេអ៊ែរ ទៅកាន់ប្រទេសចិន ស្របពេលដែលប្រធានាធិបតីដូណាល់ ត្រាំ កំពុងតែចាត់វិធានការក្តៅទៅលើសង្គ្រាមពាណិជ្ជកម្មជាមួយចិន។

ក្រសួងដដែលនេះ បានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមរឹតបន្តឹង និងធ្វើឱ្យមានការពិបាកច្រើនជាងមុន ក្នុងការដឹកជញ្ជូនបច្ចេកវិទ្យានុយក្លេអ៊ែរ ទៅកាន់ប្រទេសចិន។

លោក Rick Terry រដ្ឋលេខាធិការក្រសួងថាមពល បានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិក មិនអាចព្រងើយកន្តើយទៅនឹងការជាប់ពាក់ព័ន្ធសន្តិសុខជាតិ នៃកិច្ចប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីប្រទេសដទៃ នៅក្នង្នុកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ចិន-អាមេរិក។

នេះគឺជាវិធានការណ៍ក្តៅចុងក្រោយ ដែលជាបន្ទុកមួយថ្មីទៀត នៅក្នុងយន្តការសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធទៅលើប្រទេសចិន  ដែលថ្មីៗនេះ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានដំឡើងពន្ធនាំចូលមុខទំនិញចិន រហូតទៅដល់២៥០ពាន់លានដុល្លារ។

កាលពីឆ្នាំទៅមិញ សហរដ្ឋអាមេរិក បានដឹកជញ្ជូនបច្ចេកវិទ្យានុយក្លេអ៊ែរ ទៅកាន់ប្រទេសចិន ដែលមានទំហំទឹកប្រាក់១៧០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។

កាលពីឆ្នាំ២០១៧ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រទេសចិន គឺជាទីផ្សារធំលំដាប់ទី២ សម្រាប់ការនាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរសហរដ្ឋអាមេរិក។

ពាក់ព័ន្ធទៅនឹងសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក នេះដែរ អង្គការមូលនិធិរូបិយប័ណ្ណអន្តរជាតិ ( IMF) បានឱ្យដឹងដែរថា កំណើនសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០១៩ អាចនឹងមានការកើនឡើងតិចតួច ខណៈដែលសហរដ្ឋអាមេរិក  ក៏មានផលប៉ះពាល់ខ្លះៗដែរ៕