Loading...

អ៊ីវ៉ា ផ្ញើខ្លួននៅសាន់ដេ បណ្តោះអាសន្ន

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:04 pm

តារាចម្រៀងវ័យ២៤ឆ្នាំ នាងអ៊ីវ៉ា ដែលស្ទើរតែក្លាយជាសមាជិកថ្មីរបស់ផលិតកម្មថោន ទៅហើយនោះ ស្រាប់តែពេលថ្មីៗនេះ បានចេញបទចម្រៀងថ្មីនៅទ្រនំចាស់សាន់ដេ របស់ខ្លួនជាបន្តទៅទៀតវិញ ដែលធ្វើឱ្យអ្នកគាំទ្រអ្នកចម្រៀងរូបនេះ មានភាពច្របូកច្របល់យ៉ាងខ្លាំង ខណៈដែលមុននេះ លេចឮថា ហង្សមាស ក៏ព្យាយាមអូសទាញនាងជាយូមកហើយដែរ។

ទោះជាយ៉ាងណា ក្នុងជំនួបជាមួយឪពុករបស់នាងអ៊ីវ៉ា កាលពីពេលថ្មីៗនេះ លោកអ៊ូ វ៉ាវ បានអះអាងថា កូនស្រីរបស់គាត់នៅបន្តច្រៀងឱ្យសាន់ដេ សិន ដោយគ្មានការកុងត្រា តែនៅពេលខាងមុខយ៉ាងណានោះ លោកមិនហ៊ានធ្វើការសន្និដ្ឋានជាមុននោះទេ។

លោកអ៊ូ វ៉ាវ ថ្លែងថា “អ៊ីវ៉ា និងខ្ញុំទើបបានបទថ្មីពីសាន់ដេ ម្នាក់ ២បទ ដូចគ្នាកាលពីពេលថ្មីៗនេះ អ៊ីចឹងយើងមានទៅណានៅហ្នឹងដដែលតើ! តែកូនស្រីខ្ញុំច្រៀងដោយគ្មានការកុងត្រាជាមួយសាន់ដេទេ ហើយយើងក៏មិនបិទផ្លូវខ្លួនឯងដែរ ពោលគឺយើងធ្វើទៅតាមពេលវេលា បើកន្លែងណានៅបានសុខ យើងចេះតែនៅសិន ទៅ”។

អ៊ីវ៉ា ដែលទស្សនិកជនរង់ចាំមើលថា នាងនឹងចេញបទចម្រៀងអីនៅថោននោះ បានចេញបទជាខ្សែរឿងខ្លី “វង្វេងភ្លើង” ហើយនាងធ្លាប់អះអាងថា អារម្មណ៍ចង់នៅ៥០% និងចង់ចេញ ៥០% តែយ៉ាងណា នាងមិនចង់និយាយទុកជាមុន គឺចង់ឱ្យមានការភ្ញាក់ផ្អើល ប៉ុន្តែនៅពេលនេះ នាងនៅតែច្រៀងឱ្យសាន់ដេ ដដែលទេ។

អ៊ីវ៉ា ដែលល្បីឈ្មោះដោយសារផលិតកម្មសាន់ដេ បណ្តុះបណ្តាលនោះ បានក្លាយទៅជាអ្នកចម្រៀងវ័យក្មេងម្នាក់ដែលបទចម្រៀងរបស់នាងល្បីស្ទើរគ្រប់បទទាំងអស់។ នៅចុងឆ្នាំ២០១៨ នេះដែរ អ៊ីវ៉ា បានវិវឌ្ឍខ្លួនពីច្រៀងតែបទស្លូវៗ មកច្រៀងបទញាក់ខ្លះ និងមានក្រុមរាំអមផងដែរ។

អ្នកចម្រៀងមកពីខេត្តកំពង់ស្ពឺ រូបនេះ មានតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃជាង ១ពាន់ដុល្លារ ហើយពេលនេះ នាងជិះរថយន្ត Lexus RX330 ដោយទៅណាមានឪពុកនាងតាមការពារជាប់ជានិច្ច ទើបធ្វើឱ្យប្រុសៗទាំងឡាយ ពិបាកឆក់ស្នេហ៍ស្រីក្មេងសាច់សខ្ចីនេះ៕