Loading...

អ៊ីវ៉ា ម៉ែយ៉ែមតាមឆាឆៅ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:57 pm

ថ្វីត្បិតតែអ៊ីវ៉ា មានលោកអ៊ូ វ៉ាវ ដែលជាឪពុកនាងតាមការពារគ្រប់វិនាទីមែន តែតារាសាច់សខ្ចីនេះនៅតែជាមុខសញ្ញារបស់ម៉ែយ៉ែម តាមទាក់ទងព្យាយាមអូសទាញឱ្យទៅញ៉ាំបាយជាមួយអ្នកធំៗដដែល ទើបធ្វើឱ្យស្រីក្មេងប្រឹងគេចឡើងវក់វី។

ព័ត៌មានបានឱ្យដឹងថា អតីតគូស្នេហ៍អ៊ីវ៉ា ចង់ដាក់អង្គរក្សតាមការពារស្រីស្អាតនេះ តែអ៊ីវ៉ា មិនត្រូវការ ហើយក៏គ្មានបំណងផ្សះផ្សាស្នេហ៍វិញឡើយ។

កន្លងមកធ្លាប់តែលេចឮស្រីស្អាតវ័យក្មេង ជាតារាល្បីៗមួយចំនួន ដែលក្តៅក្រហាយរឿងត្រូវម៉ែយ៉ែមតាមឆាឆៅពួកគេ ដោយលួងលោមឱ្យទៅញ៉ាំបាយជាមួយអ្នកធំៗ ជាថ្នូរលុយធីបដុំដុល្លារក្រាស់ ដូចជា នាងគៀត សុវណ្ណាឡាង, ជីជី, តូតា, គង់ វង្សយ៉ាទី, នី មុនីនាថ, គីម ហួ, បេប៊ី ជាដើម ដែលពួកគេប្រកាសប្រឆាំងប្រាប់ទៅក្រុមម៉ែយ៉ែមទាំងនោះវិញថា ពួកគេមិនរកស៊ីបែបនោះឡើយ ហើយបើនៅតែតាមអូសទាញទៀត ប្រយ័ត្នពួកគេប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ទើបធ្វើឱ្យអ្នករកស៊ីជួញសាច់ស្រស់នោះ ហាក់ស្ងាត់សកម្មភាពវិញ។

ដោយឡែក កាលពីពេលថ្មីៗនេះ មានការបង្ហើបឱ្យដឹងថា តារាចម្រៀងវ័យក្មេងល្បីឈ្មោះរបស់ផលិតកម្មសាន់ដេ នាងឃីន ស្រីនាថ ហៅអ៊ីវ៉ា ក៏ជាមុខសញ្ញារបស់ក្រុមម៉ែយ៉ែមទាំងនោះដែរ ដោយពួកគេធ្លាប់លួងលោមម្ចាស់បទ “ទឹកអប់មានពិស” នេះ ទៅញ៉ាំបាយជាមួយអ្នកធំៗ ជាថ្នូរលុយធីបរាប់ម៉ឺនដុល្លារទៀតផង។

ព័ត៌មានបានឱ្យដឹងថា នាងអ៊ីវ៉ា បានច្រានចោលចំពោះការធានាឱ្យលុយធីបនាងដុំដុល្លារទាំងបាច់ៗ ដោយមិនបាច់ចាំពិបាកប្រឹងឡើងច្រៀងលើឆាកនោះ ព្រោះថា នាងមិនមែនចូលច្រៀងដើម្បីល្បី ហើយយកសិល្បៈជាឈ្នាន់ទៅរកស៊ីលក់ខ្លួននោះឡើយ។

 

យោងតាមតារាម្នាក់ស្និទ្ធនឹងតារាល្បីៗទាំងនោះ បានឱ្យដឹងថា ក្រៅពីអ៊ីវ៉ា ក៏នៅមានតារាចម្រៀងវ័យក្មេងមួយចំនួនទៀតដែរ ដែលត្រូវក្រុមម៉ែយ៉ែមតាមលួងលោម ដូចជានាងទេព បូព្រឹក្ស, ពេជ្រ សូលីកា ជាដើម ដែលជាមុខសញ្ញានៃក្រុមពូកែណាត់អន្ទងស្រីស្អាតទៅញ៉ាំបាយនោះ។

អ៊ីវ៉ា ត្រូវបានឪពុកនាងលោកអ៊ូ វ៉ាវ តាមការពារស្អិតគ្រប់ជំហានទាំងយប់ថ្ងៃ ដើម្បីគេចចេញពីអន្ទាក់ស្នេហ៍មន្ត្រីធំៗ ហើយថ្មីៗនេះ អ៊ីវ៉ា និយាយថា នាងពិតជាមានអ្នកធំៗតាមស្រលាញ់មែន តែនាងមិនដែលមានបំណងប្រាថ្នាចង់ធ្វើ “ជំទាវ” នោះឡើយ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលផងដែរនោះ គ្រាន់តែដឹងថា អ៊ីវ៉ា មានម៉ែយ៉ែមតាមរំខាននោះ ស្រាប់តែអតីតគូស្នេហ៍អ្នកចម្រៀងរូបនេះ លោក “ប” ថៅកែក្លឹប និងហាងបញ្ចាំនៅសៀមរាប គ្រោងបញ្ជូនអង្គរក្សមកការពារនឹមនួនជាបន្ទាន់ តែអ៊ីវ៉ា មិនត្រូវការ ហើយក៏គ្មានគម្រោងផ្សះផ្សាស្នេហ៍ជាមួយប្អូនផ្កាយ៤ ដែលនាងចាត់ទុកថា ជាបុរសប្រចណ្ឌខុសរឿងលើនាងនោះដែរ៕