Loading...

ឥណ្ឌា មិនខ្លាចអាមេរិក ចុះហត្ថលេខាទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:47 pm

យោងទៅតាមកាសែត The Economic Times ចេញផ្សាយកាលពីថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា ឥណ្ឌា ចុះហត្ថលេខាជាមួយរុស្ស៊ី ទិញប្រព័ន្ធការពារមីស៊ីល ប្រភេទ S-400 ដែលមានទំហំទឹកប្រាក់៥,៤ពាន់លានដុល្លារ នៅក្នុងជំនួបប្រជុំទ្វេភាគីប្រចាំឆ្នាំ នៅទីក្រុងញូវដេលី។

នៅក្នុងពិធីចុះហត្ថលេខានោះ បានបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល ប្រភេទ S-400 ចំនួន៥ដើម នឹងត្រូវបញ្ជូនមកដល់ប្រទេសឥណ្ឌា នៅខែតុលា ឆ្នាំ២០២០។

រុស្ស៊ី និងឥណ្ឌា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា បើទោះជាមានការគំរាមកំហែងដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ក៏ដោយ។

សហរដ្ឋអាមេរិក បានព្យាយាមរារាំងបណ្តាប្រទេសជាច្រើន មិនឱ្យទិញប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ដោយគំរាមថា ប្រសិនបើប្រទេសណាមួយហ៊ានទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ីនោះ ត្រូវតែប្រឈមមុខនឹងការដាក់ទណ្ឌកម្ម។

កាលពីពេលថ្មីៗនេះ ឥណ្ឌា បានបញ្ជាក់ជំហរច្បាស់លាស់ហើយថា បើទោះជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក បែបណាក្តី ខ្លួននឹងមិនខ្លាចញញើតនោះទេ។

ទាក់ទងនឹងបញ្ហានេះដែរ លោក Nirmala Sitharaman រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានចំអកឱ្យសហរដ្ឋអាមេរិក ថា ច្បាប់របស់អាមេរិក មិនមែនជាច្បាប់របស់អង្គការសហប្រជាជាតិ ហើយបានផ្គើនសហរដ្ឋអាមេរិក បន្ថែមទៀត ដោយនិយាយថា ខ្លួននៅតែទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី ដដែល។

គួររំលឹកថា ប្រព័ន្ធការពារមីស៊ីល S-400 គឺជារបកគំហើញថ្មីរបស់រុស្ស៊ី ដែលជាប្រព័ន្ធមួយការពារដែនអាកាសបានល្អ ហើយអាចចាប់យកគ្រាប់មីស៊ីលក្នុងរង្វង់៤០០គីឡូម៉ែត្រ៕