Loading...

ឱក សុគន្ធកញ្ញា ផ្អែមល្ហែមស្នេហ៍នៅកោះម៉ាល់ឌីវ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:17 pm

ឱក សុគន្ធកញ្ញា និងសង្សារថ្មីសំណព្វចិត្តរបស់នាង លោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នោះ បានដឹកដៃគ្នាទៅដើរលេងកម្សាន្ដសប្បាយ នៅកោះម៉ាល់ឌីវ ដែលមានទេសភាពដ៏ខៀវស្រងាត់នោះ ធ្វើឲ្យអារម្មណ៍គូស្នេហ៍រស់ក្រោមដំបូលហង្សមាស តែមួយនេះ មើលទៅពួកគេហាក់ដូចជាកំពុងតែមានសេចក្ដីសុខសប្បាយខ្លាំងណាស់។

ការលេចមុខឱក សុគន្ធកញ្ញា និងគូស្នេហ៍ នៅលើកោះម៉ាល់ឌីវ ចំថ្ងៃបុណ្យភ្ជុំបិណ្ឌ នាំឲ្យតារាសិល្បៈជាច្រើនបានជជែកគ្នាថា កន្លងមក គេធ្លាប់តែឃើញតារាល្បីៗមួយចំនួន ដូចជា នាងអេ ដា , គង់ ច័ន្ទស្រីមុំ ជាដើម ដែលរៀបការហើយ ពួកគេបានដឹកដៃគ្នាទៅក្រេបចន្ទទឹកឃ្មុំនៅកោះម៉ាល់ឌីវ នេះ ប៉ុន្ដែពេលនេះតារាចម្រៀងល្បីល្បាញ ឱក សុគន្ធកញ្ញា បាននាំគូដណ្ដឹងរបស់នាង លោកអ៊ឹង សុខលី ទៅសាងអនុស្សារីយ៍ស្នេហ៍លើកោះដ៏ស្រស់ស្អាតនេះ មុនពេលរៀបការទៅទៀត។ ប៉ុន្ដែយ៉ាងណា ការទៅកម្សាន្ដលើឆ្នេរកោះម៉ាល់ឌីវ របស់ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី នាពេលនេះ អាចជាការរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំថែមទៀត មុនពេលពួកគេដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះព្រោះថា មុនទៅកោះម៉ាល់ឌីវ នោះ សុគន្ធកញ្ញា ក៏បានដឹកដៃលោកសុខលី ទៅដើរលេងកម្សាន្ដនៅប្រទេសជប៉ុន , ថៃ និងប្រទេសមួយចំនួនទៀតដែរ ហើយមើលទៅសកម្មភាពគូស្នេហ៍១គូនេះ ស្រលាញ់គ្នាខ្លាំងណាស់។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា ដែលបានផ្ដាច់ស្នេហ៍សង្សារចាស់ លោករ៉េតធី ដូណា កាលពីឆ្នាំ២០១១នោះ បានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ចំពេលដែលពួកគេទាំង២ បានសម្ពោធវីឡាទ្រនំស្នេហ៍ តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា ផ្លូវ២០០៤ រាជធានីភ្នំពេញ។

សុគន្ធកញ្ញា មិនទាន់មានគម្រោងដឹកដៃអនាគតស្វាមីចូលរោងការឆាប់ៗនេះឡើយ ដោយប្អូនស្រីនាង កញ្ញាណាតា អះអាងថា រឿងរៀបការអាស្រ័យទៅលើចាស់ទុំទាំងសងខាង ជាអ្នកកំណត់។ មុនពេលដែលអាពាហ៍ពិពាហ៍ឈានមកដល់នេះ ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី បានបង្ហាញភាពផ្អែមល្ហែមស្នេហ៍កាន់តែខ្លាំង ទាំងក្នុងនិងក្រៅស្រុក ដូចជាមានពេលខ្លះ សុគន្ធកញ្ញា បានដឹកដៃលោកសុខលី បណ្ដើរគ្នាពេញផ្សារទំនើបអ៊ីអនម៉ល នាំឲ្យអ្នកដំណើរទាំងឡាយភ្ញាក់ផ្អើលពេញផ្សារ ជាដើម។ ចំណងស្នេហ៍រវាងមេនិងកូនចៅនេះ ធ្វើឲ្យកក្រើកពេញចង្កោមអ្នកសិល្បៈ និងមហាជន ហើយគេអាចសន្និដ្ឋានថា ឱក សុគន្ធកញ្ញា នឹងល្បីល្បាញឈរនៅទ្រនំហង្សមាស បានយូរអង្វែងតទៅទៀតជាមិនខាន នៅពេលដែលនាងក្លាយទៅជាប្អូនថ្លៃរបស់ថៅកែហង្សមាសនេះ។

 

យ៉ាងណា ក្រោយពេលដែលសុគន្ធកញ្ញា ជិតក្លាយខ្លួនក្លាយទៅជាសមាជិករបស់គ្រួសារថៅកែហង្សមាសនេះ ពេលនេះ គេមិនសូវឃើញនាងមានបទចម្រៀងល្បីផ្ទុះខ្លាំងដូចមុនទៀតទេ ព្រោះសុគន្ធកញ្ញា ផ្ដោតលើការដើរកម្សាន្ដនៅក្រៅប្រទេស ជាមួយសង្សារថ្មី ជាងថតបទចម្រៀងថ្មីៗ។ ប៉ុន្ដែឱក សុគន្ធកញ្ញា ត្រូវបានអនាគតស្វាមីប្រគល់តំណែងធំឲ្យកាន់កម្មវិធី៣ព្រមគ្នាគឺជាគ្រូបង្វឹកកម្មវិធី The Voice Cambodia , The Voice Kids Cambodia និង Cambodian Got’s Talent ដែលតារាស្រីផ្សេងៗទៀតរបស់ហង្សមាស នៅតែមិនអាចប្រៀបផ្ទឹមជាមួយនាងបានដដែល។

អ្នកសិល្បៈជាច្រើនបាននិយាយថា សុគន្ធកញ្ញា នឹងពន្យារពេលជាច្រើនឆ្នាំទៀត ក្នុងការរៀបការជាមិនខាន ដើម្បីកុំឲ្យប្រឈមការធ្លាក់កូដ ហេតុនេះហើយបានជាពេលនេះ នាងផ្ដោតលើការដឹកដៃសង្សារសាងអនុស្សារីយ៍នៅក្រៅស្រុកច្រើនជាងគិតរឿងដេញពេលាក្រាបផ្ទឹម៕