Loading...

​រចនា រ៉ាវ៉ាឌី ខ្លាចខ្មោចលង

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:04 pm

ស្រីស្រអែមស្រស់ នាងរចនា រ៉ាវ៉ាឌី ដែលធ្លាប់តែសម្ដែងតួសម្រក់ទឹកភ្នែក ត្រូវមិត្តភក្ដិឆក់ប្ដីបាត់ អង្គុយយំតែម្នាក់ឯងនោះ ស្រាប់តែពេលនេះ ស្រីស្រអែមស្រស់រូបនេះបានភ្លក្សរសជាតិធ្វើជាតួឯកក្នុងភាពយន្ដខ្មោចមួយ ដែលលងកាចសាហាវ រហូតដល់បះសក់ច្រូង។

ប៉ុន្ដែនៅពេលត្រូវសួរថា តើនាងរ៉ាវ៉ាឌី មានចង់ឃើញខ្មោចលងពិតអត់នោះ? ស្រាប់តែតារារូបនេះប្រកែកញ៉ាញថា នាងមិនត្រូវការឃើញខ្មោចលង ហើយក៏មិនចង់ជួបជាដាច់ខាត។

ស្រីស្អាតរចនា រ៉ាវ៉ាឌី វាចាថា ”នេះជាលើកទី១ហើយសម្រាប់ខ្ញុំ ក្នុងការលេងជាតួឯកក្នុងរឿងដែលទាក់ទងខ្មោចនេះ ព្រោះកន្លងមក ខ្ញុំមិនដែលប៉ះទេ។ ខ្ញុំគិតថា នោះគ្រាន់តែជាការសម្ដែង វាមិនអីនោះទេ ហើយក្នុងនាមជាអ្នកសម្ដែងម្នាក់ ខ្ញុំចង់លេងឲ្យបានគ្រប់រសជាតិ។ រឿង ”វិញ្ញាណស្នេហ៍” នេះ ឈុតដែលខ្ញុំគិតថា ពិបាកជាងគេ គឺចេញថតពេលយប់ហ្នឹងតែម្ដង យើងតែងជាខ្មោច…។ ទោះជាខ្ញុំលេងរឿងខ្មោចមែន តែខ្ញុំមិនចង់ជួបខ្មោចលងមែនទែនទេ ហើយថ្ងៃក្រុងពលីថ្ងៃនេះ គឺសូមកុំឲ្យជួបខ្មោចលងហ្នឹងតែម្ដង”។

រឿង ”វិញ្ញាណស្នេហ៍” ដែលផលិតដោយផលិតកម្ម B&S ដែលមានចាងហ្វាងផលិតកម្ម លោកប៊ុនស៊ា សហការជាមួយប៉ុស្ដិ៍លេខ៥ នេះ រឿងនេះនិពន្ធដោយលោកស៊ិន សុផាត​និងដឹកនាំដោយលោករិទ្ធ ហួរក្សារ។

ភាពយន្ដបែបភ័យរន្ធត់នេះ បានធ្វើពិធីសែនក្រុងពលី កាលពីព្រឹកថ្ងៃទី២៤ ខែតុលា នៅផ្ទះសំណាក់ B&S ជាន់ទី៧ ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រី រាជធានីភ្នំពេញ ដែលមានអ្នកសារព័ត៌មាន និងតារាល្បីៗជាច្រើនដួងដែលសម្ដែងក្នុងរឿងនេះចូលរួម។

លោកពឹង ពុទ្ធិស័ក្ក (បរមី) ដែលជាតួឯកប្រុសនោះ​បាននិយាយដោយរំភើបថា​លោកពិតជាសប្បាយចិត្តខ្លាំងណាស់​ដែលត្រូវ​B&S​ជ្រើសរើសឲ្យលេងជាតួឯកក្នុងរឿងមួយនេះ។​ប៉ុន្តែការប៉ះដៃគូជាមួយស្រីស្អាតរ៉ាវ៉ាឌី នេះជាលើកទី១ហើយ​លោករំពឹងថា​នឹងមានការចុះសម្រុងគ្នាល្អ​ដោយសារតែអ្នកដឹកនាំបានជ្រើសរើសតួសម្ដែងដោយហ្មត់ចត់ណាស់​ ចំពោះរឿងខ្មោចលាយឡំកំប្លែងនេះ។

លោកប៊ុនស៊ា ចាងហ្វាងផលិតកម្ម B&S បានឲ្យដឹងថា “រឿងនេះគ្រោងថតរយៈពេល៤ខែ ហើយនឹងដាក់បញ្ចាំងនៅដើមឆ្នាំ២០១៩ នៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នាពេលខាងមុខ។ រឿង ”វិញ្ញាណស្នេហ៍” នេះ ផលិតកម្មគ្រោងចំណាយទុនជាង១០ម៉ឺនដុល្លារ ហើយលោករំពឹងថា ទស្សនិកជននឹងប្លែកអារម្មណ៍ជាមួយភាពយន្ដនេះជាមិនខានព្រោះមានឈុតភ័យរន្ធត់ និងកំប្លែងសើចសប្បាយផងដែរ។ ប៉ុន្ដែចំពោះប្រាក់ចំណូលនោះ លោកប៊ុនស៊ា មិនហ៊ានរំពឹងនោះទេ ដោយអះអាងថា នេះជាអាជីពមួយដែលលោកស្រលាញ់ជាយូរមកហើយ អ៊ីចឹងទោះជាពិបាកមើលឃើញលុយចំណេញ ក៏លោកនៅតែផលិតអីចឹង”។

រចនា រ៉ាវ៉ាឌី ធ្លាប់លេចមុខនៅតាម MV និងស្ពតផលិតកម្មមួយចំនួន ហើយមុនគ្រងតួឯករឿង ”វិញ្ញាណស្នេហ៍” នេះ រ៉ាវ៉ាឌី ធ្លាប់ថតជាតួឯកក្នុងរឿង ”ម្ចាស់ព្រែក”, ”ផ្កាព្រៃស្រទាប់មាស” និងរឿង ”មិត្តឬស្យា”។

ស្រីស្រអែមស្រស់មានមន្ដស្នេហ៍ រ៉ាវ៉ាឌី ដែលទើបមានអាយុ១៩ឆ្នាំ អះអាងថា នាងមិនទាន់មានគូស្នេហ៍ឡើយ៕