Loading...

Facebook ទទួលស្គាល់ក្រុម Hackers លួចទិន្នន័យអ្នកប្រើប្រាស់ជាង២៩លាននាក់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:58 pm

យោងតាមប្រភពព័ត៌មានពី Channel News Asia ចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ក្រុមហ៊ុន Facebook បានទទួលស្គាល់ថា ក្រុម Hackers បានលួចព័ត៌មានអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន ជាង២៩លាននាក់ ក្នុងចំណោមជនរងគ្រោះពីការវាយប្រហារព័ត៌មានវិទ្យា។

នេះគឺជាលើកទី២ហើយ ដែលក្រុមហ៊ុន Facebook បានបញ្ចោញរបាយការណ៍នេះ បន្ទាប់ពីកាលពីខែកញ្ញា ក្រុមហ៊ុនដដែលនេះ ក៏បានបញ្ចោញព័ត៌មានមួយដែរថា ក្រុម Hackers បានចូលលុកលុយគណនីអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន ជាង៣០លាននាក់។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ នៅតែមិនទាន់រកឃើញថា ក្រុមហ៊ុន Hackers ទាំងនោះ បានលួចយកឯកសារឯកជន ឬទិន្នន័យហិរញ្ញវត្ថុពីអ្នកប្រើប្រាស់នោះទេ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រុមហ៊ុន Facebook បានថ្លែងថា យើងកំពុងតែធ្វើសហប្រតិបត្តិការជាមួយភ្នាក់ងារស៊ើបអង្កេត FBI ដែលកំពុងធ្វើការស៊ើបអង្កេតយ៉ាងសកម្ម ហើយបានសុំឱ្យយើងមិនពិភាក្សាថា តើនរណាគឺជាអ្នកនៅពីក្រោយនៃការវាយប្រហារនេះ?

ការលួចយកទិន្នន័យពីអ្នកប្រើប្រាស់  ដោយក្រុមពួក Hackers បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ ធ្លាក់ចុះ២,៦% កាលពីខែមុន និងបន្តធ្លាក់ចុះ១% ថែមទៀត នៅក្នុងសប្តាហ៍នេះ៕