Loading...

Steven Mnuchin ៖ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន មិនគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 18:00 pm

ជាការឆ្លើយតបទៅនឹងអង្គការមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនគារជាតិសហរដ្ឋអាមេរិក បាននិយាយថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន គឺមិនធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចពិភពលោកនោះទេ។

លោក Mnuchin បាននិយាយថា គោលដៅរបស់យើងជាមួយចិន គឺច្បាស់លាស់ វានឹងធ្វើឱ្យមានទំនាក់ទំនងពាណិជ្ជកម្ម តុល្យភាពបានល្អជាមួយនឹងប្រទេសចិន។

លោកបានបន្តទៀតថា ប្រសិនបើការធ្វើសង្គ្រាមពាណិជ្ជកម្មនេះ ទទួលបានជោគជ័យ វានឹងធ្វើឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិក កម្មករសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និងគ្រប់សម្ព័ន្ធមិត្តទាំងអស់ ព្រមទាំងចិន ផងដែរ នឹងទទួលបានអត្ថប្រយោជន៍ពីជម្លោះពាណិជ្ជកម្មនេះ។

ថ្លែងនៅក្នុងទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រីក្រសួងរតនគារសហរដ្ឋអាមេរិក រូបនេះ នៅតែថ្លែងការពារជំហររបស់ខ្លួនថា ចក្ខុវិស័យរបស់សហរដ្ឋអាមេរិក គឺបង្កើនការនាំចេញ និងធ្វើឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម និងទំនាក់ទំនងស្មើភាពគ្នា ដូចដែលប្រទេសទាំងនោះធ្វើមកលើសហរដ្ឋអាមេរិក។

ការលើកឡើងរបស់លោក Mnuchin បន្ទាប់ពីអង្គការ IMF បានព្រមានការពីសប្តាហ៍មុន នៅក្នុងជំនួបប្រជុំប្រចាំឆ្នាំ នៅកោះបាលី ថា ការប្រឈមមុខដាក់គ្នាសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក-ចិន អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។

នៅក្នុងកិច្ចប្រជុំនេះដែរ អង្គការ IMF ដដែលនេះ បានបង្ហាញទស្សនវិស័យថា កំណើនផលិតផលសរុបក្នុងស្រុក GDP របស់ពិភពលោក កើនឡើងត្រឹមតែ០,២% សម្រាប់ឆ្នាំ២០១៨ និងិ២០១៩ ដោយលើកឡើងថា បណ្តាលប្រទេសនៅក្នុងពិភពលោក នឹងរងនូវផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដែលកើតឡើងពីប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតទាំងពីរ របស់ពិភពលោក៕