Loading...

កិច្ចប្រជុំ APEC បរាជ័យមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 18:04 pm

យោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក ដែលបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទទួលបរាជ័យយ៉ាងអាម៉ាស់  ដោយសារតែមិនអាចចេញសេចក្តីថ្លែងការណ៍រួមជាផ្លូវការ ដូចបណ្តាកិច្ចប្រជុំឆ្នាំមុនៗ។

មូលហេតុដែលនាំឱ្យឈានទៅដល់ការមិនអាចចេញសេចក្តីថ្លែងការណ៍រួមនេះ ដោយសារតែមានស្ថានភាពតានតឹងសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានអូសបន្លាយអស់រយៈពេលជិត១ឆ្នាំមកហើយ។

នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ២៥ឆ្នាំចុងក្រោយ ដែលកិច្ចប្រជុំ APEC មិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន។

លោក Peter O’ Neil នាយករដ្ឋមន្ត្រីប្រទេសប៉ាពូញូហ្គីណេ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា សមាជិកទាំង២១ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក មិនអាចធ្វើសេចក្តីរួមបាន ដោយសារតែមហាយក្សសេដ្ឋកិច្ចទាំងពីរ គឺអាមេរិក និងចិន មានការខ្វែងគំនិតគ្នា។

នៅក្នុងកិច្ចប្រជុំនោះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានថ្លែងប្រាប់មេដឹកនាំ APEC ថា “ប្រទេសចិន ត្រូវការសហប្រតិបត្តិការពាណិជ្ជកម្មពិភពលោក”។

លោកបានថ្លែងទៀតថា “តាមប្រវត្តិសាស្ត្រ បានបង្ហាញថា ការប្រឈមមុខដាក់គ្នា ទាំងការធ្វើសង្គ្រាមត្រជាក់ ឬក៏សង្គ្រាមក្តៅ ព្រមទាំងសង្គ្រាមពាណិជ្ជកម្ម វានឹងធ្វើឱ្យគ្មានអ្នកឈ្នះនោះទេ”។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីចិន លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានចូលរួមកិច្ចប្រជុំជំនួសឱ្យលោកដូណាល់ ត្រាំ បានថ្លែងថា “ប្រទេសចិន បានទាញយកផលប្រយោជន៍ជាច្រើន ពីសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ឥឡូវនេះ សហរដ្ឋអាមេរិក ចង់បញ្ចប់អតុល្យភាពពាណិជ្ជកម្មជាមួយចិន”។

ក្រៅពីការខ្វែងគំនិតគ្នាទៅលើវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរក៏ប្រឆាំងគ្នា ចំពោះការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិក មកលើបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ជាពិសេស ពាក់ព័ន្ធទៅនឹងជម្លោះសមុទ្រចិនខាងត្បូង ស្របពេលដែលអាមេរិក ក៏កំពុងតែចង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះផងដែរ៕