Loading...

កូនក្រមុំស្កន់ជាន់ ប្រកាច់ធ្លាក់ទឹកស្លាប់ ម្តាយឆោឡោហៅឲ្យគេជួយ

​ សោម សុភា​​ | ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 15:16 pm

ខេត្តពោធិ៍សាត់ ៖ នារីរងគ្រោះដែលត្រូវជំងឺស្កន់ជាន់រើឡើង បណ្តាលឱ្យប្រកាច់ធ្លាក់ចូលទឹកលង់ស្លាប់ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកខាងជើងផ្ទះនារីរងគ្រោះ ចំងាយប្រមាណ២៥ម៉ែត្រ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។នារីរងគ្រោះឈ្មោះសឿន ចាន់រ៉ាត់ អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះវ៉ាន់ វុត អាយុ៤៦ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា គាត់មានកូនបង្កើតចំនួន២នាក់ ហើយនារីរងគ្រោះជាកូនទី២។ នៅមុនពេលកើតហេតុ គាត់បានប្រើកូនស្រី (ជនរងគ្រោះ) ឱ្យដេរស្លឹកត្នោត ក្នុងគោលបំណងទុកសម្រាប់ ប្រក់ដំបូងទ្រុងមាន់ ឬទុកធ្វើអ្វីផ្សេងៗទៀត។ លុះដេរស្លឹកបានហើយ កូនស្រីរបស់គាត់ក៏បានយកស្លឹកត្នោតនោះទៅត្រាំទឹកប្រឡាយនៅខាងជើងផ្ទះ ចំងាយប្រមាណ២៥ម៉ែត្រប៉ុណ្ណោះ។

ម្តាយរបស់នារីរងគ្រោះបន្តថា លុះបន្តិចក្រោយមក មានអ្នកភូមិរស់នៅក្បែរខាង បានក្រឡេកមើលទៅឃើញកូនស្រីរបស់គាត់ប្រកាច់ធ្លាក់ចូលទឹកប្រឡាយ ក៏ស្រែកឆោឡោរត់មកប្រាប់រូបគាត់ជាម្តាយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ នាំគ្នាស្ទុះរត់ទៅប្រឡាយទឹកខាងលើ ដើម្បីជួយស្រង់កូនស្រីចេញពីទឹកភ្លាមៗដែរ តែអកុសលយឺតពេលទៅហើយ ដោយកូនស្រីរបស់គាត់បានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។

ស្ត្រីជាម្តាយរូបនេះ បញ្ជាក់ថា តាមពិតកូនស្រីរបស់គាត់ បានកើតមានជំងឺស្កន់ជាន់ ឬហៅថាឆ្កួតជ្រូកប្រចាំកាយយូរឆ្នាំមកហើយ និងឧស្សាហ៍កើតមានអាការប្រកាច់ខ្លាំងណាស់៕