Loading...

កូនប្រសាឈ្លោះម៉ែក្មេក សំពងប្រពន្ធ២ដំបងរយះក្បាល

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:12 pm

ខេត្តកណ្តាល ៖ ករណីអំពើហិង្សា កូនប្រសាឈ្លោះម៉ែក្មេក បែរជាសំពងប្រពន្ធ២ដំបងរយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ។

ស្ត្រីរងគ្រោះដែលត្រូវប្តីសំពងនឹងដំបងឈើ បណ្តាលឱ្យបែកក្បាលហូរឈាម មានឈ្មោះញ៉ែម ឃីម អាយុ៣៥ឆ្នាំ មុខរបរដេរខោអាវរយ មានលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះញ៉ែម ផានិត អាយុ៣៨ឆ្នាំ មុខរបរ កម្មករនេសាទត្រី ស្នាក់នៅជាមួយគ្នា។ រីឯវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានដំបងឈើមូលចំនួន១កំណាត់ ប្រវែង១,៥០ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយក្មេក បានមកពិភាក្សាជាមួយនឹងកូនស្រីបង្កើត រួមនឹងជនសង្ស័យជាកូនប្រសា ពីរឿងចង់ឱ្យទិញដីបងថ្លៃ ប៉ុន្តែពេលនោះ ប្រពន្ធចង់ទិញ តែប្តីមិនចង់ទិញ ដោយបាននិយាយថា គ្មានលុយទិញទេ។

បន្ទាប់មកជនសង្ស័យក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តីជាមួយនឹងម្តាយក្មេក ទើបធ្វើឱ្យស្ត្រីជាប្រពន្ធបានព្យាយាមនិយាយកាន់ជើងម្តាយបង្កើតរបស់ខ្លួន ជាហេតុធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹង ក៏កើតមានជំលោះតឹងសរសៃកដាក់គ្នាជាមួយប្រពន្ធ លុះខឹងនឹងប្រពន្ធតមាត់មិនព្រមចុះចាញ់ ក៏ស្ទុះទៅទាញដំបងឈើមួលមួយដើម មកវាយសំពងប្រពន្ធចំក្បាល១ដំបង បណ្តាលឱ្យបែកហូរឈាម រួចក៏បានវាយចំឆ្អឹងជំនីខាងស្តាំចំនួន១ដំបងបន្ថែម ទៀតបណ្តាលឱ្យមានរបួសតែម្តង និងត្រូវបានក្រុមគ្រួសារជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕