Loading...

ក្រុមសង្គ្រោះរកឃើញប្រអប់ខ្មៅ យន្តហោះធ្លាក់ក្នុងសមុទ្រឥណ្ឌូនេស៊ី

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:00 pm

បេសកកម្មរុករករយៈពេល៤ថ្ងៃ ក្រុមសង្គ្រោះបានរកឃើញប្រអប់ខ្មៅយន្តហោះ Boeing 737 MAX-8 ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ដែលបានសម្លាប់អ្នកដំណើរ១៨៩នាក់។

ប្រអប់ខ្មៅយន្តហោះ អាចនឹងផ្តល់ទិន្នន័យចំពោះអ្វីដែលបានកើតឡើង មុនពេលដែលយន្តហោះធ្លាក់ចូលទៅក្នុងទឹកសមុទ្រក្នុងជម្រៅ ចន្លោះពី៣០-៤០ម៉ែត្រ។

ប្រធានក្រុមុអ្នកមុជទឹករុករកបំណែកយន្តហោះ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា ប្រអប់ខ្មៅនេះអាចនឹងត្រូវប្រគល់ទៅឱ្យគណៈកម្មការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៊ី នៅថ្ងៃស្អែកនេះ។

ក្រុមអ្នកស្វែងរកបានរកឃើញប្រអប់នេះ កាលពីវេលាម៉ោង១០និង១៥នាទី នៅក្នុងតំបន់ Tanjung Karawang ភាគខាងលិចនៃសមុទ្រ JAVA។

អ្នកមុជទឹកម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Hendra បានប្រាប់អ្នកយកព័ត៌មានថា យើងបានគាស់យកប្រអប់ខ្មៅ ដែលកប់ទៅក្នុងភក់បាតសមុទ្រ។

ហេតុផលដែលយើងរកប្រអប់នេះឃើញ ដោយសារតែយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សូណា (ឧបករណ៍ស្រូបសំឡេងក្នុងទឹក)។

ប្រអប់ខ្មៅនៅក្នុងយន្តហោះនេះ មានទម្ងន់ចន្លោះពី៧ទៅ១០គីឡូក្រាម ហើយអាចរស់រានមានជីវិត នៅក្នុងជម្រៅទឹក៦០០០ម៉ែត្រ ហើយវាអាចបញ្ជូនសំឡេងក្នុងរយៈពេល១ខែ។ ប្រអប់ខ្មៅនេះ មានតួនាទីថតយកទិន្នន័យរបស់យន្តហោះ ដូចជា កម្រិតល្បឿនរយៈកម្ពស់ហោះហើរទិសដៅ ហើយវាអាចថតបានរយៈពេល២៥ម៉ោង។

ទោះបីជារកឃើញប្រអប់ខ្មៅ តែគេមិនទាន់បានដឹងពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការធ្លាក់យន្តហោះនោះនៅឡើយទេ ដោយសារតែវាត្រូវប្រើពេល៣សប្តាហ៍ ដើម្បីទាញយកទិន្នន័យចេញពីប្រអប់ខ្មៅនេះ ហើយនឹងប្រើពេល៦ខែទៀត ដើម្បីវិភាគរកមូលហេតុ។ នេះបើយោងតាមលោក Tjahjono ប្រធានគណៈកម្មការសុវត្ថិភាព ដឹកជញ្ជូនជាតិ។

សម្រាប់បេសកកម្មរុករកថ្ងៃទី៤នេះ គេមិនបានបង្ហាញទិន្នន័យថា តើសាកសពប៉ុន្មាននាក់ ត្រូវបានរកឃើញនោះទេ ដោយសារតែគេកំពុងផ្តោតអារម្មណ៍ទៅលើប្រអប់ខ្មៅនេះ។

ទោះជាយ៉ាងណាក្តី តុល្យការចុងក្រោយ កាលពីថ្ងៃពុធ ទី៣១ ខែតុលា ប្រភពព័ត៌មានមួយចំនួន បានឱ្យដឹងថា សាកសពជាង៣០នាក់ ត្រូវបានគេស្រង់ចេញពីទឹកសមុទ្រ៕