Loading...

ខោកក្បាលហើយ ដើរត្រឡប់មកផ្ទះវិញ ប្តីដាស់មិនក្រោក

​ សោម សុភា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:57 pm

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរប្រគៅ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង។

ស្ត្រីរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះចិន ធា អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ មានប្តីឈ្មោះសុទ្ធ ទី អាយុ៤០ឆ្នាំ មុខរបរកសិករ និងមានកូនចំនួន៤នាក់ក្នុងបន្ទុក (ប្រុស៣ ស្រី១)។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនជាប្តីកំពុងអង្គុយផឹកស្រាជុំមិត្តភក្តិនៅក្នុងភូមិ ស្រាប់តែលេចមុខស្ត្រីជាប្រពន្ធ បានដើរមកខោកក្បាលរបស់គាត់ រួចហើយក៏ដើរចេញទៅវិញធ្វើមិនដឹង។ ចំណែកគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ លុះមួយសន្ទុះក្រោយមក ពេលដែលគាត់ត្រឡប់ទៅផ្ទះវិញ ឃើញប្រពន្ធដេកក្នុងមុង ក៏ដាស់សួរនាំ ស្រាប់តែមិនលឺមាត់ប្រពន្ធឆ្លើយតបសោះ លុះពិនិត្យមើលទៅ ទើបដឹងថា ប្រពន្ធបានស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលអ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ បានស្លាប់ដោយសារឆក់ខ្សែភ្លើង។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច នៅមុនពេលកើតហេតុ ពេលដែលស្ត្រីរងគ្រោះចូលមុងដេក ក៏បានទង្គិចក្បាលនឹងអំពូលភ្លើង រួចក៏យកដៃចាប់ ទប់ខ្សែអំពូលភ្លើងនោះចេញ ស្រាប់តែឆក់ស្លាប់តែម្តង៕