Loading...

ឆន សុវណ្ណរាជ សុំរឿងមួយ មិននិយាយពីប៊ុត សីហា

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 10:25 am

តារាចម្រៀងផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ បានបដិសេធការបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ចំពោះតារាចម្រៀងប៊ុត សីហា ដែលជាអតីតកូនក្រុមរបស់ខ្លួន ហើយត្រូវហង្សមាស ដេញចេញ កាលពីចុងឆ្នាំ២០១៧ ដោយសុវណ្ណារាជ អះអាងថា មិនចង់និយាយអ្វីពាក់ព័ន្ធនឹងសីហា ទៀតឡើយ។

ក្នុងជំនួបផ្ទាល់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តារាចម្រៀងឆន សុវណ្ណរាជ ថ្លែងយ៉ាងខ្លីថា “អូ! អធ្យាស្រ័យ ពាក់ព័ន្ធរឿងប៊ុត សីហា ខ្ញុំសូមមិននិយាយអ្វីទាំងអស់។ រឿងហ្នឹងមួយ ខ្ញុំសូមមិននិយាយទេ”។

ការមិនចង់និយាយពាក់ព័ន្ធទៅនឹងប៊ុត សីហា របស់តារាចម្រៀងឆន សុវណ្ណរាជ នៅពេលនេះ ហាក់ធ្វើឱ្យមហាជនខ្លះមិនអស់ចិត្តឡើយ ព្រោះតែមានការលើកឡើងថា សុណ្ណរាជ បានជួយបង្ហាត់ប៊ុត សីហា ច្រើនណាស់មុនពេលដែលសីហា បានលើកពាន The Voice Cambodia រដូវកាលទី១ ដោយជោគជ័យ ដែលអាចកែប្រែមុខមាត់ និងជីវភាពរបស់គេបាន។ ប៉ុន្តែផ្ទុយទៅវិញ ប៊ុត សីហា ដែលក្លាយទៅជាតារាចម្រៀងហង្សមាស ទៅហើយនោះ បានធ្វើឱ្យក្រុមហ៊ុនហង្សមាស ទាំងមូល រួមទាំងតារាចម្រៀងអាជីព ពិសេស គឺឆន សុវណ្ណរាជ ដែលជាគ្រូបង្វឹកផ្ទាល់តែម្តង មានការខកចិត្តលើសីហា ដែលរូបគេត្រូវបានចោទប្រកាន់មានពាក់ព័ន្ធគ្រឿងញៀន រហូតដល់ត្រូវបានហង្សមាស ដេញចេញកាលពីចុងឆ្នាំ២០១៧ នោះ។ ប៉ុន្តែដោយមិនចង់មានរឿងវែងឆ្ងាយជាមួយប៊ុត សីហា ព្រោះអ្នកចម្រៀងរូបនេះ លែងជាតារាចម្រៀងហង្សមាស ទៀតហើយ ទើបពេលនេះ សុវណ្ណរាជ មិនមានប្រតិកម្ម ឬបង្ហាញអារម្មណ៍ខកចិត្ត ដោយសារតែអតីតកូនក្រុមរបស់ខ្លួននោះទេ។

ឆន សុវណ្ណរាជ បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅពេលដែលអ្នកចម្រៀងរូបនេះ បានយកឈ្នះ គ្រូបង្វឹក៣រូបផ្សេងទៀត ដែលសុទ្ធតែមានបទពិសោធន៍ផ្នែកចម្រៀងជាងនោះ គឺណុប បាយ៉ារិទ្ធ, ពេជ្រ សោភា និងឱក សុគន្ធកញ្ញា តាមរយៈការជួយកូនក្រុមរបស់ខ្លួនប៊ុត សីហា លើកពាន The Voice Cambodia រដូវកាលទី១ កាលពីឆ្នាំ២០១៥ ដោយផ្តួលបេក្ខភាព៣រូបផ្សេងទៀត គឺឃុន វត្ថា, សយ រតនៈ និងចំរើន សុភ័ក្រ។ ប៉ុន្តែ សុវណ្ណរាជ បែរជាត្រូវបាក់មុខ ដោយសារតែសីហា ទាក់ទងរឿងសេពគ្រឿងញៀននោះទៅវិញ ហើយចុងក្រោយ ហង្សមាស ដេញម្ចាស់ពាននេះ ចេញពីផលិតកម្មយ៉ាងអាម៉ាស់មុខទៀតផង។

ទោះជាយ៉ាងណា ហង្សមាស នៅតែរក្សាទុកតំណែងឆន សុវណ្ណរាជ ជាគ្រូបង្វឹកកម្មវិធី The Voice Cambodia ដដែល ប៉ុន្តែសុវណ្ណរាជ បែរជាអាក់ខានឡើងច្រៀងនៅតាមបណ្តាប៉ុស្តិ៍ផ្សេងៗ ក្រៅពីហង្សមាស ជាច្រើនឆ្នាំមកហើយ ទើបតែថ្មីៗនេះទេ ដែលតារារោមទ្រូងច្រើនរូបនេះ បានឡើងច្រៀងនៅទូរស្សន៍ PNN និងអាស៊ីអាគ្នេយ៍។

តាមព័ត៌មានថា ហង្សមាស បានចងជើងតារាល្បីៗរបស់ខ្លួនមិនឱ្យច្រៀងនៅប៉ុស្តិ៍ណាផ្សេង ក្រៅពីកម្មវិធីទូរទស្សន៍របស់ខ្លួននោះទេ ក្នុងនោះមានទាំងសុវណ្ណារាជ ម្នាក់ផងដែរ។

ឆន សុវណ្ណរាជ និយាយលឿនថា “មិនមែនហង្សមាស ហាមខ្ញុំឡើងប៉ុស្តិ៍ផ្សេងទេ គឺខ្ញុំខ្លួនឯងជាប់រវល់ច្រើនពេក ទាំងការថត MV និងភាពយន្ត អ៊ីចឹងមិនអាចដកឃ្លាបាន។ ដូចជា នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ នេះ ខ្ញុំខានឡើង៣ឆ្នាំហើយ ទើបតែពេលនេះឆ្លៀតបាន។ ក្រៅពីរវល់ខាងចម្រៀង ខ្ញុំជាប់ថតរឿង “ខ្ញុំមានញាណលើស” បាន៥០% ហើយនឹងត្រៀមបង្ហាញស្នាដៃ ទាំងបទចម្រៀង និងភាពយន្តក្រោយៗទៀត ដែលអាចធ្វើទៅបាន ព្រោះអីខ្ញុំស្រលាញ់សិល្បៈ ទាំងការសម្តែង និងច្រៀងដូចគ្នា”។

ឆន សុវណ្ណរាជ ហាក់ស្ងប់ស្ងាត់បន្តិច ក្រោយពេលដែលខេមរៈ សិរីមន្ត បានចេញពីសាន់ដេចូលទៅរួមទ្រនំជាមួយនោះ។ ប៉ុន្តែមុននេះ សុវណ្ណរាជ បានចេញបទ “អារម្មណ៍ពេលខូចចិត្ត” ដែលមានការគាំទ្រច្រើនឡើងវិញ ហើយអតីតតារាចម្រៀង U2 នេះ បានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យអុំទូក ថ្ងៃទី២១ ដល់២៣ ខែវិឆ្ឆិកា នេះ រូបគេនឹងច្រៀងនៅឆាកតន្ត្រីហង្សមាស ទាំង៣ថ្ងៃ ជាប់គ្នាតែម្តង។

ដោយឡែក រឿងស្នេហាជាមួយនិស្សិតស្រីនៅអាមេរិក នោះ ឆន សុវណ្ណរាជ ហាក់មិនដែលរំលឹករឿងស្នេហ៍ឆ្លងទ្វីបនោះទៀតទេ ទើបធ្វើឱ្យមានការសង្ស័យថា ពួកគេបានចែកផ្លូវគ្នាទៅហើយ៕