Loading...

ដាក់ត្រីសោះ បែរជាឆក់ក្មេងស្លាប់ទៅវិញ

​ សោម សុភា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 15:02 pm

ភ្នំពេញ ៖ បុរសជាជាងផ្សារដែកម្នាក់ បានលួចតខ្សែភ្លើងឆក់ត្រីនៅក្នុងស្រះមួយកន្លែង លុះឆក់ត្រីរួចហើយ មិនបានផ្តាច់ចរន្តភ្លើង ឬស្រាវ ខ្សែភ្លើងយកទៅទុកដាក់ឱ្យបានត្រឹមត្រូវនោះទេ បែរជាទុកចោលរាយប៉ាយលើស្មៅ លុះក្មេងប្រុស២នាក់ រត់ប្រលែងគ្នាលេង ជាន់ចំមុខតំណ បណ្តាលឱ្យឆក់ស្លាប់ម្នាក់ របួសស្រាលម្នាក់ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល រហូតដល់៦ថ្ងៃក្រោយទើបប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅធ្វើត្រាប់ និងរុករកវត្ថុតាងនៅកន្លែងកើតហេតុ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ហេតុការណ៍ក្មេងប្រុសត្រូវខ្សែភ្លើងឆក់ស្លាប់នេះ បានកើតឡើងតាំងពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងតំបន់ អភិវឌ្ឍន៍ឬស្សីកែវ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនុត សុផាន់ណា អាយុ៣២ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅផ្ទះលេខ២៤៧ ផ្លូវលេខ៥៩៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ ចំណែកក្មេងរងគ្រោះ មានឈ្មោះខា ស៊ីថុង អាយុ១១ឆ្នាំ មានឪពុកឈ្មោះឥត ស៊ីថា ជាកម្មករសំណង់ និងចាំដីឱ្យគេនៅក្បែរកន្លែងកើតហេតុ។ ចំណែកក្មេងប្រុសរងគ្រោះម្នាក់ទៀត ដែលរងរបួសស្រាល មានឈ្មោះហឿន សីហាក់ អាយុ១១ឆ្នាំ ស្នាក់ក្បែរកន្លែងកើតហេតុ។

ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៨ព្រឹក រូបគេបានលួចតភ្លើងពីផ្ទះម្តាយក្មេងរងគ្រោះនៅកន្លែងកើតហេតុ ទៅឆក់ត្រី បន្ទាប់ពីឆក់បានត្រីហើយ រូបគេក៏បានទុកកន្ទុយខ្សែភ្លើងចោលរាយប៉ាយ លើស្មៅ មិនដឹងថាឆក់ក្មេងនោះទេ។ លុះមកដល់ថ្ងៃទី១៩ វិច្ឆិកា នៅពេលដែលរូបគេធ្វើដំណើរមកអង្គុយមើលគេស្ទូចត្រី នៅក្បែរកន្លែងកើតហេតុ ក៏ត្រូវបានឪពុកម្តាយក្មេងប្រុសរងគ្រោះឃាត់ខ្លួនយកទៅប្រគល់ឱ្យប៉ូលិសតែម្តង។ ជនសង្ស័យបានសារភាពទៀតថា កន្លងមករូបគេធ្លាប់លួច តភ្លើងឆក់ត្រីចំនួន២លើករួចមកហើយ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕