Loading...

ដោយសាររឿងហ្នឹងសោះ វាយគ្រូបង្រៀន១ញញួរ បែកក្បាល

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:19 pm

ភ្នំពេញ ៖ ករណីហិង្សាដោយចេតនាមួយ ដោយបុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបុរសជាគ្រូបង្រៀនម្នាក់ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា ពីរឿងដែលបុរសជាគ្រូបង្រៀននោះដាក់ពាក្យប្តឹងរឿងវាយក្មួយប្រុស ទើបធ្វើឱ្យកើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតភាគីជនបង្កបានទាញញញួរវាយសំពង បុរសជាគ្រូបង្រៀនចំក្បាល បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនដៃដល់ដែលសំពងគូទំនាស់១ញញួរ មានឈ្មោះហុក សម្បត្តិ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះ មានឈ្មោះនូ ភារម្យ អាយុ៤០ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ ជនសង្ស័យ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្តិជូនទៅព្យាបាលនៅគ្លីនិកឯកជនច្បារអំពៅ ដោយត្រូវបានក្រុមគ្រូពេទ្យដេរមុខរបួសចំនួន៦ថ្នេរ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបានភ្លាមៗ ព្រមទាំងដកហូតបាន និងវត្ថុតាងញញួរចំនួន១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕