Loading...

នូ ស៊ិប និមន្តព្រះសង្ឃមកពីសៀមរាប ប្រោះព្រំ បានធូរស្បើយបន្តិច

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 13:51 pm

ថ្មីៗនេះ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនូ ស៊ិប ត្រូវបានអ្នកលេងបណ្តាញសង្គម មានការចែកចាយគ្នានូវរូបថតលោក ដេកធ្មេចភ្នែកពីមុខអាសនៈ ហើយមានព្រះសង្ឃមួយអង្គសូត្រធម៌ឱ្យ ទើបធ្វើឱ្យមានការលើកឡើងថា នេះប្រហែលជាជីវិតចុងក្រោយរបស់តារាចម្រៀងជើងចាស់នេះហើយ ព្រោះមើលទៅ លោកហាក់ធ្ងន់ធ្ងរខ្លាំងណាស់ គឺស្តូកស្តឹងកម្រើកខ្លួនមិនបានទៀតទេ។

អ្នកលេង Facebook ថែមទាំងលើកឡើងថា ចុះអស់លោកដែលជាអ្នកផ្តល់ជំនួយដល់សិល្បករជើងចាស់ ដែលគ្មានទីពឹងនោះ រត់ទៅណាអស់ហើយ ម៉េចបានមិនមកមើលលោកនូ ស៊ិប នៅដង្ហើមចុងក្រោយរបស់លោកផង?

អ្នកយកព័ត៌មានយើងបានទៅជួបផ្ទាល់ជាមួយលោកនូ ស៊ិប នៅបន្ទប់ជួលរបស់លោក ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយត្រូវបានតារាចម្រៀងជើងចាស់ គ្មានប្រពន្ធកូន រស់នៅតែម្នាក់ឯង រូបនេះអះអាងថា មុននេះ លោកពិតជាធ្វើទុក្ខក្នុងខ្លួនខ្លាំងមែន រហូតដល់សឹងទ្រាំមិនបានឡើយ ក្រោយលេបថ្នាំទៅជាប់គាំងនៅត្រឹមក។

លោកនូ ស៊ិប រៀបរាប់ថា “ខ្ញុំបានលេបថ្នាំជាប្រចាំតាមជំងឺសរសៃរបស់ខ្ញុំហ្នឹង មិនដែលខានទេ។ តែថ្ងៃមុនហ្នឹង ខ្ញុំលេបថ្នាំដូចរាល់ដងដែរ ប៉ុន្តែមិនដឹងម៉េច ថ្នាំហ្នឹងជាប់នៅកញ្ចឹងករបស់ខ្ញុំ ផឹកទឹកម៉េច ក៏មិនបាត់ដែរ។ បន្ទាប់មក ស្រាប់តែធ្វើទុក្ខខ្ញុំពេញខ្លួន ធ្វើឱ្យពិបាកទ្រាំមែនទែន។ ចៃដន្យអី! ខ្ញុំបានស្គាល់ព្រះសង្ឃមួយអង្គនិមន្តមកពីខេត្តសៀមរាប មកភ្នំពេញ ខ្ញុំក៏និមន្តព្រះអង្គមកសូត្រធម៌ប្រស់ព្រំឱ្យតែម្តងទៅ ហើយនៅពេលដែលខ្ញុំដេកឱ្យព្រះអង្កសូត្រធម៌ឱ្យហ្នឹង គេថតបង្ហោះទៅមើលទៅ ដូចជាខ្ញុំហ្នឹងធ្ងន់ខ្លាំង ឡើងមិនរួចទេ តែតាមពិត មិនដល់ថ្នាក់ហ្នឹងទេ គឺពេលនេះខ្ញុំបានគ្រាន់បើ បន្តិចវិញហើយ”។

លោកនូ ស៊ិប អាយុ៧២ឆ្នាំ ដែលបានធ្លាក់ខ្លួនឈឺដុំសរសៃជើង រយៈពេលជាង១០ឆ្នាំមកហើយ បានឱ្យដឹងថា “ពេលនេះស្ថានភាពសុខភាពលោកបានល្អប្រសើរជាងមុន ហើយកាលពីប៉ុន្មានថ្ងៃមុននេះ លោកត្រូវបានឯកឧត្តមម្នាក់ អញ្ជើញទៅច្រៀងកម្មវិធីមួយ ជាមួយអ្នកនាងម៉េង កែវពេជ្ជតា នៅក្បែរសណ្ឋាគារកាំបូឌីយ៉ាណា ទៀតផង”។

ទោះជាយ៉ាងណា លោកនូ ស៊ិប អះអាងថា “គ្រូពេទ្យតម្រូវឱ្យលោកលេបថ្នាំសរសៃជារៀងរាល់ថ្ងៃ គឺ១ខែ៣០ថ្ងៃ គឺមិនអាចខកខានបានឡើយ៕