Loading...

និស្សិតសាលាច្បាប់ លួចថតស្រីៗចូលបន្ទប់ទឹក

​ សោម សុភា​​ | ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានសិល្បៈសង្គម និងជីវិត | | 0 | ម៉ោង 13:48 pm

ភ្នំពេញ ៖ យុវជនសង្ស័យដែលបានលួចចូលបន្ទប់ទឹកស្រី រួចថតវីដេអូកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកស្រី ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយត្រូវបានគេស្គាល់ឈ្មោះហ.ស.ហ មុខរបរជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Troll Rule XD បានបង្ហោះសារមួយ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានខ្លឹមសារថា “ស្រីៗចូលបន្ទប់ទឹកនៅសាលាប្រយ័ត្នផង ព្រោះមានអារោគចិត្តខ្លះ វាលួចចូលបន្ទប់ទឹកនារី ហើយលួចថតវីដេអូ ខាងសាលាគេចាប់បានល្ងាចមិញនេះ។ ខ្ញុំមិនបង្ហោះរូបគាត់ទេ ព្រោះចង់ទុកកិត្តិយសឱ្យគាត់ ព្រោះបញ្ហាត្រូវបានដោះស្រាយបញ្ចប់ តែសង្ឃឹមថាមិត្តនារីៗប្រយ័ត្នប្រយែងផងទៅ តែបើខ្វះអ្នកការពារ ហៅ Admin ទៅជួយយាមផ្លូវឱ្យបាន ស្ម័គ្រចិត្តធ្វើជាអង្គរក្សការពាររូបស្ងួន Single អត់លិឍ Admin…”។

ក្រោយកើតមានករណីខាងលើនេះ ភាគីខាងសាលា បានតម្រូវឱ្យយុវជនខាងលើ ធ្វើកិច្ចសន្យា ដោយទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើវីដេអូ ឬរូបភាពណាមួយ ត្រូវបានបែកធ្លាយទៅក្រៅ។

យោងតាមកិច្ចសន្យាមួយច្បាប់ ដែលយុវជនសង្ស័យសរសេរផ្ទាល់ដៃ ដោយមានស្នាមមេដៃ និងអត្តសញ្ញាណប័ណ្ណ ភ្ជាប់ជាមួយផងនោះ យុវជនខាងលើ បានសន្យាថា “ខ្ញុំបាទឈ្មោះហ.ស.ហ ជានិស្សិត សូមសន្យាថា ប្រសិនបើមានរូបវីឌីអូទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គល ឈ្មោះ (សុំមិនបញ្ចោញឈ្មោះ) នៅក្នុងបណ្តាញសង្គម រឺទីកន្លែងណាមួយ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ហើយសូមសន្យាថា ខ្ញុំលែងចូលបន្ទប់ទឹកនារី ក្នុងសាកលវិទ្យាល័យទៀតហើយ។ រាជធានីភ្នំពេញ ថ្ងៃទី០៥ វិច្ឆិកា ២០១៨…”។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីតំណាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕