Loading...

បរិយាយថ្ងៃនេះ ៖ ជញ្ជីងសិទ្ធិមនុស្ស

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:37 pm

ថ្ងៃនេះ លោកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ចប់ទស្សនកិច្ច និងបើកសន្និសីទសារព័ត៌មានមួយ មុននឹងចាកចេញពីកម្ពុជា។ រយៈពេល១០ថ្ងៃ នៃដំណើរស្វែងរកការពិតពីបញ្ហាសិទ្ធិមនុស្ស តំណាង អ.ស.ប នេះ ក៏បានជួបមន្ត្រីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិលនានា ក៏ដូចជា ប្រជាពលរដ្ឋមានទំនាស់ដីធ្លី ដើម្បីប្រមូលព័ត៌មានយកទៅធ្វើរបាយការណ៍ដាក់ជូនមហាសន្និបាត អ.ស.ប ដូចពីឆ្នាំមុនៗដែរ ប៉ុន្តែអ្វីដែលអ្នកតាមដានមើលឃើញនៅត្រង់លោកស្រីស្មីត ជាអ្នកថ្លឹងបញ្ហាសិទ្ធិមនុស្ស ច្បាស់ជាប៉ាក់ប៉ើក ថ្លឹងទម្ងន់មិនស្មើភាពគ្នាទេ ដែល “នគរធំ” សូមលើកពី “ជញ្ជីងសិទ្ធិមនុស្ស” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកស្រីសាស្ត្រាចារ្យច្បាប់ ជនជាតិអស់គ្លេស រ៉ូណា ស្មីត បានទទួលការតែងតាំងជាអ្នករាយការណ៍ពិសេស អ.ស.ប ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បន្តពីលោកសូរិយ៉ា ប្រាសាទ ស៊ូបេឌី (Surya Prasad Subedi) ជាជនជាតិនេប៉ាល់ នៅក្នុងអាណត្តិទី៦នេះ។ តាមការកត់សម្គាល់ អ្នករាយការណ៍ អ.ស.ប នេះ មួយណាក៏ដូចមួយណាដែរ តែងតែរិះគន់រាជរដ្ឋាភិបាល និងបក្សកាន់អំណាច (CPP) ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។ ទោះជាអ្នករាយការណ៍នោះ ចេញចូលកម្ពុជា សឹកជណ្តើរយន្តហោះ ក៏នៅតែមិនចោលការរិះគន់ និងស្នើរដ្ឋាភិបាលកម្ពុជា ឱ្យព្យាយាមកែលម្អ។

កាលពីប៉ុន្មានខែមុននេះ លោកស្រីស្មីត បានទម្លាក់ពិន្ទុផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អន់ជាងប្រទេសភូមា វៀតណាម ថៃ ដែលមានការរំលោភសិទ្ធិមនុស្ស រហូតដល់រដ្ឋាភិបាលកើតទុក្ខមិនសុខចិត្ត ក៏អញ្ជើញលោកស្រីស្មីត មកស្វែងយល់ការពិត ចៀសវាងធ្វើរបាយការណ៍លម្អៀង ស្តាប់តែពួកប្រឆាំង។ នៅពេលលោកស្រីបានជួបមន្ត្រីរាជរដ្ឋាភិបាល ក៏ព្យាយាមសួរដេញដោលមិនធម្មតាទេ ខណៈដែលលោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឆ្លើយតែដដែលៗថា “កម្ពុជា ជានីតិរដ្ឋ”។ ចំណែកអ្នកនាំពាក្យក៏និយាយតែដដែលៗថា “កម្ពុជា ជារដ្ឋអធិបតេយ្យ” ឬថា បរទេសមិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងបានឡើយ។

ចម្លើយមន្ត្រីរាជរដ្ឋាភិបាល ប្រហែលជាមិនចូលត្រចៀកលោកស្រីស្មីត នោះទេ ព្រោះពាក្យ “នីតិរដ្ឋ និងអធិបតេយ្យ” គាត់ធ្លាប់ឮជានិច្ច ឱ្យតែមានការជួបទល់មុខគ្នា គួរតែមន្ត្រីយើងរកភាសាណាដែលមានប្រសិទ្ធភាពជាងនេះ មកប្រាប់លោកស្រីស្មីត ទើបល្អ ព្រោះកម្ពុជា ហៅតំណាង អ.ស.ប មកស្វែងរកការពិត យើងត្រូវបង្ហាញភ័ស្តុតាងនៃការពិតនោះ។

យើងហៅគេមកថ្លឹងរកយុត្តិធម៌ លុះត្រាតែមាន “សក្ខីកម្មច្បាស់លាស់” ដែលអ្នកកាន់ “ជញ្ជីងសិទ្ធិមនុស្ស” ច្បាស់ជាធុញទ្រាន់ចំពោះចម្លើយដដែលៗមិនខានឡើយ លុះគេថ្លឹងទៅ “ជញ្ជីងត្រាជូ” ដែលមានសង្រែក២ និងធ្ងន់ម្ខាង ឬគេច្រឹបស៊ី ចៀសមិនរួច។ អ្នករាយការណ៍ពិសេស អ.ស.ប ៦នាក់ទៅហើយ តែងតែប្រើ “ជញ្ជីងសិទ្ធិមនុស្ស” ថ្លឹងទម្ងន់ពួកប្រឆាំងធ្ងន់ ជាងបក្សកាន់អំណាច បើរកមូលហេតុឱ្យឃើញនៃការថ្លឹងមិនស្មើនេះ គឺបណ្តាលមកពី “ខ្មែរឈ្លោះគ្នា” បានជាអ៊ីចឹង។

ឧទាហរណ៍រឿង “ភេ និងខ្លាត្រី” បានតំណាលពីសត្វភេ ២ក្បាល រកស៊ីចូលហ៊ុនគ្នា គឺភេទី១ ហែលទឹកជ្រៅ ភេទី២ ហែលទឹករាក់។ លុះពួកវាចាប់បានត្រីរ៉ស់១ ចែកគ្នាមិនដាច់ស្រេច ក៏ពាំត្រីនោះទៅប្តឹងខ្លាត្រី ជាចៅក្រម។ ខ្លាត្រី ក៏យកជញ្ជីងត្រាជូ មកដាក់ពីមុខ រួចខាំត្រីជាពីរកំណាត់ ដាក់ថ្លឹង ពេលខាងក្បាលត្រីធ្ងន់ជាង ក៏លើកមកខាំច្រឹបស៊ីបន្តិចទៅ រួចដាក់ថ្លឹងជាថ្មី ស្រាប់តែខាងកន្ទុយត្រីធ្ងន់ជាង ក៏លើកមកខាំច្រឹបស៊ីខ្លះ រួចដាក់ថ្លឹងទៀត។ ថ្លឹ់ងចុះថ្លឹងឡើង ខ្លាត្រីស៊ីច្រឹប សល់តែឆ្អឹង ទើបទម្ងន់ស្មើគ្នា ក៏ហៅភេទាំងពីរ ឱ្យចូលយកចំណែករៀងខ្លួន ធ្វើឱ្យអ្នករកស៊ីចូលហ៊ុនគ្នានោះ ខកចិត្ត មិនខ្ចីទទួលចំណែក ក៏នាំគ្នាចាកចេញទៅ…។

រឿងព្រេងខាងលើនេះ អាចយកមកប្រៀបនឹង “បញ្ហាសិទ្ធិមនុស្ស” ដែលមិនខុសពី “ត្រីរ៉ស់” នោះឡើយ។ បើយោងតាមទិដ្ឋភាពដាក់ស្តែង កាលណាច្បាប់ធូររលុង ឬ “អង្គុយលើច្បាប់” ជាហេតុនាំឱ្យមានការរំលោភសិទ្ធិមនុស្ស។ កាលបើមានករណីរំលោភសិទ្ធិមនុស្ស នឹងមានការរើបម្រះទាមទារយុត្តិធម៌។ កាលបើខ្មែរឈ្លោះគ្នា ដោះស្រាយមិនចេញ ទៅពឹងគេ គឺមិនខុសពី “ភេ២ ទៅពឹងខ្លាត្រី” បានត្រឹមខាតបង់តែប៉ុណ្ណោះ។

ករណីឃុំខ្លួនលោកកឹម សុខា នៅក្នុងផ្ទះនោះ មន្ត្រីរដ្ឋាភិបាល ថាជា “រឿងល្អ” ដើម្បីរក្សាសុវត្ថិភាព និងសុខភាពគាត់ ប៉ុន្តែមន្ត្រី UN ថាជា “រឿងមិនល្អ” ព្រោះតែការឃុំខ្លួននោះ ពន្យារពេលយូរពេក។ បើខ្មែរ ថាល្អ បរទេសថាមិនល្អបែបនេះ ដល់គេសរុបបញ្ហាសិទ្ធិមនុស្ស យកទៅថ្លឹង ច្បាស់ជា “ពួកប្រឆាំងធ្ងន់ជាង”។ តាមការកត់សម្គាល់ អង្គការសហប្រជាជាតិ តែងតែគាំទ្រប្រទេសណាខ្សោយ ដែលត្រូវមហាអំណាចរំលោភ ឬគាំទ្របក្សប្រឆាំង ដែលមានកម្លាំងខ្សោយ។ ដូច្នេះអតីតបក្សប្រឆាំង (CNRP) ដែលត្រូវរំលាយចោលនោះ ច្បាស់ណាស់ថា អ.ស.ប នឹងចាត់តំណាងពិសេសផ្នែកសិទ្ធិមនុស្ស ឱ្យតាមស៊ើបសួរមិនខាន។ រឿងគេមកស៊ើបសួរ ត្រូវតែស្កាត់ទៅដល់ទីតាំងណាដែលមានបាតុភាពកើតឡើង ដូចករណីជម្លោះដីធ្លី ជាដើម នៅពេលតំណាង UN បានឃើញ “ទឹកភ្នែករាស្ត្រ” ច្បាស់ជាគេជឿមិនខាន លុះបានឮមន្ត្រីរដ្ឋាភិបាល អះអាងពី “នីតិរដ្ឋ និងអធិបតេយ្យ” អាចឱ្យតំណាង UN ទាំងនោះ បូកសរុបលទ្ធផលថា មកពី “អនុវត្តច្បាប់ និងអាងលើអធិបតេយ្យ” បានជាទឹកភ្នែករាស្ត្រស្រក់លើដីដែលគេរំលោភ។

ដូច្នេះយើងឃើញថា ទោះជាមន្ត្រីរាជរដ្ឋាភិបាល ពន្យល់យ៉ាងណា ក៏លោកស្រីរ៉ូណា ស្មីត និងសហការី នៅតែថ្លឹងមិនស្មើភាពដដែល។ រឿងដែលលោកស្រីជជីកសួរច្រើនចំណុចពីបញ្ហាសិទ្ធិមនុស្ស គឺមកពីលោកស្រីបានដឹងរួចទៅហើយ ក៏ធ្វើជាសួរ ពុំមែនគាត់ល្ងង់នោះទេ។

បើពិចារណាឱ្យដិតដល់ទៅ ករណីអ្នករាយការណ៍ អ.ស.ប ស្តាប់តែពួកប្រឆាំងច្រើនជាងនោះ គឺមកពី “ខ្មែរឈ្លោះគ្នា” ចំណែកស្ថាប័នអន្តរជាតិ តែងតែគាំទ្រភាគីខ្សោយ។ ឧបមាដូចក្មេងប្រុស អាយុ១០ឆ្នាំ ខឹងកុមារអាយុ៧ឆ្នាំ ជេរម្តាយកាយឪពុក ក៏ស្ទុះទៅវាយតប់ ឯអ្នកជិតខាងបានឃើញ ក៏ចាប់អាធំចេញ និងស្តីបន្ទោសអាធំ បបោសអង្អែលអាតូច លួងកុំឱ្យយំ។ បញ្ហាសិទ្ធិមនុស្ស ក៏យ៉ាងនេះដែរ ជួនកាលក៏មានប្រជាពលរដ្ឋក្រីក្រ ទៅចាប់ដីរដ្ឋ ដែលធ្វើសម្បទានឱ្យក្រុមហ៊ុន លុះក្រុមហ៊ុនទៅឈូសឆាយផលដំណាំពួកគាត់ បានត្រឹមបង្ក្រាបចាប់ខ្លួនដាក់គុក រីឯអ្នកការពារសិទ្ធិមនុស្ស តែងតែការពារពលរដ្ឋក្រីក្រ និងចោទប្រកាន់សមត្ថកិច្ចការពារក្រុមហ៊ុនថា “រំលោភសិទ្ធិមនុស្ស”។

ឥឡូវលោកស្រីរ៉ូណា ស្មីត បញ្ចប់ទស្សនកិច្ចស្វែងរកការពិតហើយ បើសិនជាគាត់ធ្វើរបាយការណ៍ទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ដូចឆ្នាំមុននោះ គួរតែរាជរដ្ឋាភិបាល កុំតូចចិត្តអី។ យើងឃើញហើយ កាលលោកស្រីអោង សានស៊ូជី ជាប់ក្នុងការឃុំខ្លួនរបស់ពួកយោធាភូមា ក៏ UN ចោទប្រកាន់ពីរឿងសិទ្ធិមនុស្ស។ លុះលោកស្រីអោង សានស៊ូជី បានដឹកនាំប្រទេស មិនអាចដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា បាននោះ ក៏ UN ចោទប្រកាន់រដ្ឋាភិបាលលោកស្រីរំលោភសិទ្ធិមនុស្ស។ អ៊ីចឹងមិនបាច់សង្ស័យទេថា “ជញ្ជីងសិទ្ធិមនុស្ស” គេថ្លឹងឱ្យអ្នកខ្សោយធ្ងន់ជាង ឬមានប្រៀបជាងយ៉ាងនេះ ហើយមូលហេតុមកពី “ជម្លោះរវាងខ្មែរ និងខ្មែរ” នេះឯង។ ជម្លោះនេះ បណ្តាលឱ្យអាណិកជនខ្មែរ រស់នៅអាមេរិក, បារាំង, អូស្ត្រាលី…មួយចំនួន ដែលមាននិន្នាការប្រឆាំង មិនហ៊ានមកលេងមាតុភូមិ ខណៈដែលពួកគាត់ចេញមុខធ្វើបាតុកម្ម។ រីឯមន្ត្រី និងអ្នកគាំទ្របក្សកាន់អំណាច ដែលចេញមុខជេរប្រទេច ដៀមដាមពួកប្រឆាំង ក៏មិនហ៊ានទៅលេងអាមេរិក។ កាលបើមានការបែកបាក់ជាតិ ធ្វើឱ្យអន្តរជាតិចោទប្រកាន់រឿងរំលោភសិទ្ធិមនុស្ស ទោះជាហៅតំណាង UN មកស្វែងរកការពិតយ៉ាងណា ក៏នៅតែ “ជញ្ជីងសិទ្ធិមនុស្ស” ប៉ាក់ប៉ើកដដែល។

សរុបទៅ “ជញ្ជីងសិទ្ធិមនុស្ស” នៅក្នុងដៃលោកស្រីរ៉ូណា ស្មីត បើគាត់ចង់ថ្លឹងឱ្យខាងណាបះក៏បានដែរ ឬថា អ្នកថ្លឹងនោះ មិនដែលគាំទ្រភាគីខ្លាំងនោះទេ។ ហេតុនេះ បើមន្ត្រីរាជរដ្ឋាភិបាលអះអាងពី “នីតិរដ្ឋ និងអធិបតេយ្យ” ជារឿងត្រឹមត្រូវក៏ពិតមែន ប៉ុន្តែ “ជញ្ជីងសិទ្ធិមនុស្ស” ស្ថិតនៅលើអ្នករាយការណ៍ពិសេស ឬថាជញ្ជីងថ្លឹងត្រីនៅលើ “ខ្លាត្រី” បានត្រឹមធ្វើឱ្យសត្វភេ ដែលដណ្តើមគ្នាចង់បានក្បាលត្រីនោះ ខកចិត្តយ៉ាងនេះឯង៕