Loading...

បរិយាយថ្ងៃនេះ ៖ មិនត្រូវចាប់ទន្សាយម្តងពីរទេ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 18:15 pm

សុភាសិតបារាំង ១ឃ្លាថា “មិនត្រូវចាប់ទន្សាយម្តងពីរទេ” (Il ne faut pas attraper deux liѐvres à la fois) មានខ្លឹមសារអប់រំពីយុទ្ធសាស្ត្រនយោបាយ ឬពាណិជ្ជកម្ម បើចង់ចាប់គូសត្រូវ ឬគូប្រជែង ដែលមានគ្នាពីរនាក់ គេត្រូវចាប់ម្តងមួយ។ ករណីបក្សកាន់អំណាច (CPP) សម្រេចបាននូវការចាប់ខ្លួនលោកកឹម សុខា ដោយទុកលោកសម រង្ស៊ី អាចស្របនឹងសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីចុងឆ្នាំ២០១៧ យើងធ្លាប់បរិយាយម្តងរួចមកហើយ ពីខ្លឹមសារសុភាសិត “មិនត្រូវចាប់ទន្សាយម្តងពីរទេ” ខណៈដែលមានការប្តឹងផ្តល់ រហូតមានការរំលាយគណបក្សសង្គ្រោះជាតិ (CNRP) និងចាប់ខ្លួនលោកកឹម សុខា ដាក់ពន្ធនាគារ និងបំភ័យលោកសម រង្ស៊ី ឱ្យរត់ទៅក្រៅប្រទេស។ រវាងលោកសម រង្ស៊ី និងលោកកឹម សុខា ប្រៀបបាននឹង “ទន្សាយញីឈ្មោល” តែងតែនាំកូនចៅទន្សាយ ចូលស៊ីត្រសក់ត្រកួន បណ្តាលឱ្យម្ចាស់ចម្ការមួម៉ៅ ក៏ព្យាយាមដាក់អន្ទាក់ចាប់ទន្សាយញី កឹម សុខា បានរួចយកទៅដាក់ទ្រុង ដើម្បីអន្ទងទន្សាយឈ្មោល ឱ្យឆ្វែលចម្ការត្រសក់ ប៉ុន្តែទន្សាយឈ្មោលនោះឆ្លាត ស្គាល់អន្ទាក់ ស្គាល់ទ្រុង ទើបគ្រាន់តែក្រឡឹង មិនឱ្យភ្លាត់ស្នៀតចូលអន្ទាក់បាន។

ដូច្នេះករណីលោកសម រង្ស៊ី ប្រកូកប្រកាសថា រវាងរូបលោក និងលោកកឹម សុខា ជាមនុស្សតែមួយនោះ មិនខុសអ្វីទេ ព្រោះសារជាតិជាទន្សាយ ទោះជាមួយជាប់ទ្រុងមួយទៀតមានសេរីភាព ក៏ជាទន្សាយដដែល។ ករណីអ្នកនាំពាក្យលើកឡើងថា រវាងលោកសម រង្ស៊ី និងលោកកឹម សុខា បែកបាក់គ្នានោះ គឺបែកបាក់ត្រង់ម្នាក់នៅក្រៅប្រទេស ម្នាក់ជាប់ឃុំក្នុងផ្ទះ ដាច់ទំនាក់ទំនង ប៉ុន្តែអ្នកវិភាគមើលឃើញថា បើសិនជាលោកកឹម សុខា ចេញសារ ឬសម្តីថ្កោលទោសលោកសម រង្ស៊ី ហើយត្រូវដោះលែងពីការឃុំខ្លួននោះ ទើបយល់ថា ជាការបែកបាក់សាមគ្គីផ្ទៃក្នុងប្រាកដមែន។ អ៊ីចឹងបើលោកកឹម សុខា នៅតែរឹងទទឹងចងសម្ព័ន្ធភាពជាមួយលោកសម រង្ស៊ី តទៅទៀត ច្បាស់ណាស់ថា “គ្មានការដោះលែង” នោះទេ ទោះជាលោកសម រង្ស៊ី ព្យាយាមអូសទាញអាមេរិក អឺរ៉ុប ឱ្យជួយគាបសង្កត់រាជរដ្ឋាភិបាលយ៉ាងណា ក៏ករណីលោកកឹម សុខា នៅតែគ្មានដំណោះស្រាយដដែល។

ទោះបីជាសហភាពអន្តរសភា (IPU) ទាមទារឱ្យរដ្ឋាភិបាលប្រស់ CNRP ឱ្យរស់ឡើញវិញ និងដោះលែងលោកកឹម សុខា ក៏មិនអាចទៅរួចដែរ ព្រោះយុទ្ធសាស្ត្រ “ចាប់ទន្សាយម្តងមួយ” គេកំពុងអនុវត្តមិនទាន់ចប់ ប៉ុន្តែដូចលើកឡើងខាងលើថា បើសិនជាមេខ្លោងទន្សាយទាំងពីរនោះ បែកបាក់សាមគ្គីគ្នា អាចនឹងមានការដោះលែង។ ទោះយ៉ាងណា យុទ្ធសាស្ត្រ “មិនត្រូវចាប់ទន្សាយម្តងពីរ” នេះ យ៉ាប់មែនទែន ព្រោះត្រូវប្រុងប្រយ័ត្នក្នុងការថែរក្សាទន្សាយជាប់ទ្រុងនោះ ឱ្យមានសុខភាពល្អ ហើយបើសិនជាទន្សាយហ្នឹងមានជំងឺធ្ងន់ ឬដូចសម្តីមន្ត្រីអ្នកនាំពាក្យថា “រង់ចាំធ្វើបុណ្យ” នោះ អាចធ្វើឱ្យខូចយុទ្ធសាស្ត្រនយោបាយ ក្នុងការចាប់ទន្សាយ។

ករណីលោកគង់ គាំ និងលោកកឹម សុខា មិនដូចគ្នាទេ ព្រោះលោកគង់ គាំ មិនមែនជា “គូស្នេហ៍ទន្សាយ” ទោះជាលោកគង់ គាំ បង្ហាញគោលជំហរខុសពីមុន ក៏អ្នកវិភាគមើលឃើញថា “គាត់សុំតែសុខ” ប៉ុណ្ណោះ ហើយក៏មិនមែនជាចារបុរសរបស់ CPP ចូលធ្វើការជាមួយលោកសម រង្ស៊ី នោះទេ។ បើគាត់សុំតែសុខយ៉ាងនេះ ការនិយាយស្តី ក៏ត្រូវតែប្រែប្រួលទៅតាមកាលៈទេសៈ ហើយកុំថាត្រឹមថ្កោលទោសអតីតបក្ស CNRP ដែលគាត់ជាស្ថាបនិកម្នាក់ដែរនោះ ទោះបីតម្រូវឱ្យគាត់ធ្វើអ្វីក៏ធ្វើដែរ។

អ្នកវិភាគចាប់អារម្មណ៍តែសកម្មភាព “គូស្នេហ៍ទន្សាយ” ឯណោះទេ ដោយរង់ចាំមើលថា បើសិនជាលោកកឹម សុខា បង្ហាញគោលជំហរបត់បែនដូចលោកគង់ គាំ ច្បាស់ជាទន្សាយត្រោស សម រង្ស៊ី អស់ក្រឡាលោតមិនខាន។ ឥឡូវទន្សាយឈ្មោលមេហ្វូង CNRP នោះ លោតពីប្រទេសមួយ ចូលប្រទេសមួយ រហូតមានសមត្ថភាពអូសទាញសហភាពអន្តរសភា IPU ឱ្យស្តាប់គាត់ ជាពិសេសទៅចាក់ចង្កេះអាមេរិក ឱ្យរករឿងមន្ត្រី CPP ពាក់ព័ន្ធការបង្កកទ្រព្យសម្បត្តិ ដកហូតទិដ្ឋិការា និងជំរុញសហភាពអឺរ៉ុប ឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ EBA។ ដល់អ៊ីចឹងទៅ ទន្សាយញី កឹម សុខា ដែលជាប់ទ្រុងស្រាប់នោះ គ្មានផ្លូវចេញរួចទេ បើទន្សាយឈ្មោលនោះនៅតែខ្លាំង។ ទោះយ៉ាងណា គន្លឹះយុទ្ធសាស្ត្រចោទប្រកាន់លោកកឹម សុខា ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” ឬក្បត់ជាតិ ចូលដៃជាមួយអាមេរិកនោះ បណ្តាលឱ្យ CPP មានអរិភាពជាមួយអាមេរិក ក៏ព្យាយាមចាប់ដៃមហាមិត្តចិន។ ឥឡូវលេចឮព័ត៌មានថា លោកប្រធានធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន នៅចុងខែវិច្ឆិកា នេះ។ បើសិនជាអាមេរិក និងចិន ព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ច្បាស់ជាមហាអំណាចទាំងពីរហ្នឹង ងាកទៅសម្របសម្រួលរឿងនយោបាយមិនខាន ហើយបើ CPP ងាកមិនទាន់សភាពការណ៍អន្តរជាតិ ឬថានៅតែចោទប្រកាន់ទន្សាយញី កឹម សុខា ពីបទក្បត់ជាតិ ចូលដៃជាមួយអាមេរិក នោះ បានត្រឹមរុញផលចំណេញសេដ្ឋកិច្ច ទៅឱ្យវៀតណាម ព្រោះវៀតណាម ឆ្លាតណាស់ ចាំតែត្រងផលចំណេញនេះជាច្រើនឆ្នាំមកហើយ។ បើកម្ពុជា រងការគាបសង្កត់ពីអាមេរិក អឺរ៉ុប ពាក់ព័ន្ធរឿង “ចាប់ទន្សាយញី ទុកទន្សាយឈ្មោល” នោះ លុះត្រាតែ CPP សម្របសម្រួលជាមួយអាមេរិក អឺរ៉ុប ឱ្យដល់កម្រិត ទើបបាន ព្រោះការបញ្ចប់សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន អាចធ្វើឱ្យចិន ប្តូរយុទ្ធសាស្ត្រថ្មីជាមួយកម្ពុជា ដើម្បីសម្របសម្រួលជាមួយអាមេរិក។

កម្ពុជា មិនអាចធ្វើតាមវេណេហ្ស៊ុយអេឡា ដែលមានទឹកដីក្បែរច្រមុះសហរដ្ឋអាមេរិក ស្រាប់តែលោកប្រធានាធិបតី ម៉ាឌូរ៉ូ ងាកទៅចាប់ដៃចិន ប្រកាសឈប់ចាយប្រាក់ដុល្លារអាមេរិក បណ្តាលឱ្យមានការបង្ក្រាប និងមានពលរដ្ឋវេណេហ្ស៊ុយអេឡា ភៀសខ្លួនទៅក្រៅប្រទេសច្រើនទៅៗ។ ស្ថានការណ៍នយោបាយនៅប្រទេសសិរីលង្កា ក៏មិនស្រួលដែរ ព្រោះវិបត្តិបំណុល ធ្វើឱ្យប្រទេសដែនកោះ ដែលជាប្រភពព្រះពុទ្ធសាសនាធំជាងគេនេះ ត្រូវប្រគល់កំពង់ផែដ៏សំខាន់មួយ ទៅឱ្យចិន គ្រប់គ្រង។

ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លាតណាស់ បើសិនជាអាមេរិក និងចិន ចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្មនោះ សម្តេចច្បាស់ជាបត់បែនទៅតាមកាលៈទេសៈ។ ករណីឃុំខ្លួនលោកកឹម សុខា ក្នុងផ្ទះនោះ អាចថា ជាការ “ថែទាំទន្សាយឱ្យមានសុខភាពល្អ” ឬថា ក្នុងន័យមនុស្សធម៌តែប៉ុណ្ណោះ គង់តែមានការដោះលែងមិនខាន បើអាមេរិក និងសហភាពអឺរ៉ុប ឈប់គាបសង្កត់។

ករណីលោកសម រង្ស៊ី អះអាងថា “ស្គាល់ចិត្តដៃគូច្បាស់” ឬថា “កឹម សុខា-សម រង្ស៊ី ជាមនុស្សតែមួយ” យើងអាចសម្គាល់បានថា បើមានការឃុំខ្លួនលោកកឹម សុខា បានយូរ ឬថាចេះតែពន្យារៗមិនកាត់ទោសនោះ មានន័យថា មេហ្វូងទន្សាយញីឈ្មោលនោះ ជាដៃគូស្នេហ៍មិនអាចបំបែកបាន។ ប៉ុន្តែបើមានការដោះលែងឆាប់ៗ ឬថាបន្ទាប់ពីទន្សាយញីប្តូរ គោលជំហរដូចលោកគង់ គាំ យើងអាចសន្និដ្ឋានបានថា សម្ព័ន្ធស្នេហ៍រវាងទន្សាយញីឈ្មោលនោះ ដល់ថ្ងៃបញ្ចប់ហើយ។ ការដោះលែង ឬបន្តឃុំខ្លួននៅលើតុលាការ ក៏ពិតមែន ប៉ុន្តែអំណាចតុលាការ នៅក្រោមព្រះរាជសិទ្ធិ ឯព្រះរាជសិទ្ធិ ទាល់តែមានការស្នើសុំពីនាយករដ្ឋមន្ត្រី។

សរុបទៅ “មិនត្រូវចាប់ទន្សាយម្តងពីរទេ” សំដៅដល់ការចាប់ខ្លួនលោកកឹម សុខា និងទុកច្រកឱ្យលោកសម រង្ស៊ី រត់។ បើសិនជាចាប់ម្តងពីរ អស់មេ អស់បា ធ្វើឱ្យកូនហ្វូងទន្សាយអស់អ្នកគ្រប់គ្រង ក៏ផ្អើលបោលចូលចម្ការត្រសក់ ខ្ទេចខ្ទីអស់។ បើកម្ចាត់ហ្វូងទន្សាយ ឱ្យផុតពូជ ក៏មិនកើតដែរ ឬថាបើអស់ពួកប្រឆាំង វាមិនចូលធ្លុងប្រជាធិបតេយ្យ ដូច្នេះ CPP គួរពិនិត្យព្រឹត្តិការណ៍អន្តរជាតិ និងពួកប្រឆាំងនៅក្រៅប្រទេសឱ្យល្អិតល្អន់ បើទន្សាយសម រង្ស៊ី នៅតែមានថ្វីមាត់ប្រាប់អឺរ៉ុប ឬ គាបម្ចាស់ចម្ការត្រសក់ “ឱ្យយកពន្ធធ្ងន់ពីបន្លែត្រសក់ ត្រកួន” លុះត្រាតែលែងទន្សាយញី ឱ្យជួបទន្សាយឈ្មោលវិញ រួចប្រើយុទ្ធសាស្ត្រទន់ភ្លន់ ក្រសោបទន្សាយទាំងពីរនេះ មកចិញ្ចឹមបំប៉នចំណី ឬ “បង្រួបបង្រួមផ្សះផ្សាជាតិ” ទើបធានាថា ហ្វូងទន្សាយ ឈប់អុកឡុកចម្ការត្រសក់ តទៅទៀត…៕