Loading...

បរិយាយថ្ងៃនេះ ៖ វាស់ព្រលិត ដឹងជម្រៅទឹក

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 16:14 pm

ពាក្យស្លោកបុរាណជាឃ្លោងឃ្លាថា “ប្រមាណទឹកពិនិត្យ ដកព្រលិតវាស់វែងវា ប្រមាណមនុស្សកាចជា មើលកិរិយាអាការចេញ” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់ឆ្លុះមើលតថភាពសង្គម។ បន្ទាប់ពីមានការរិះគន់ពីអ្នកលេងហ្វេសប៊ុក ថា នៅកម្ពុជា មានអ្នកសុំទានច្រើនជាងគេ កាប់ព្រៃឈើច្រើនជាងគេ អាចនឹង “ជាប់កំណត់ត្រាពិភពលោក ដូចនំអន្សមយក្ស ទូកងវែងនោះ” ធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជន ដែល “នគរធំ” សូមលើកពីការ “ដកព្រលិតវាស់ ដឹងជម្រៅទឹក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅក្នុងបឹងដ៏ជ្រៅមួយ មានសុទ្ធតែព្រលិតដុះព្រោងព្រាត បញ្ចោញផ្កាក្រហមស្រស់ ស្វាគមន៍ពន្លឺព្រះអាទិត្យ។ អ្នករកស៊ីដកព្រលិតលក់ តែងប្រើទូកត្នោត ចែវទៅកណ្តាលបឹង រួចដកព្រលិតដាក់ទូក ជួនកាលក៏យកព្រលិត ១ដើម មកវាស់មើល ក៏អាចដឹងថា ចាប់ពីលើផ្ទៃទឹកទៅដល់បាតបឹង មានជម្រៅប៉ុន្មានម៉ែត្រ? មិនចេះខុសទេ។ ធម្មតាព្រលិត បើទឹកបឹងឡើងដល់ណា វាក៏ដកកម្ពស់តាមទឹក ដែលបឹងខ្លះមានជម្រៅដល់ទៅ៣ម៉ែត្រ ដោយគ្រាន់តែដកព្រលិតវាស់ និងធ្វើឱ្យអ្នកដកព្រលិត មានការប្រុងប្រយ័ត្នក្រែងលិចទូក ហែលមិនរួច នេះបើបរិយាយតាមន័យត្រង់ ឬអត្ថានុរូប។

បើពោលតាមអត្ថប្បដិរូប ឬន័យធៀប ករណីមានការរិះគន់ថា នៅកម្ពុជា មានការកាប់ព្រៃឈើច្រើនជាងគេ ចោរច្រើនជាងគេ អ្នកសុំទានច្រើនជាងគេ អាចនឹងទទួលបានឯតទគ្គៈ ចុះក្នុងកំណត់ត្រាពិភពលោកនោះ អាចនឹងធ្វើឱ្យ “រឿងតូចក្លាយជារឿងធំ”។ យើងសូមមិននិយាយពីរឿងព្រៃឈើ រឿងចោរកម្មនោះទេ តែសូមបង្ហាញពីករណី “អ្នកសុំទាន” ដូចនៅតាមផ្លូវចូល ទៅសួនសត្វភ្នំតាម៉ៅ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ជាដើម ឃើញឈរអង្គុយតម្រៀបជួរគ្នារាប់រយនាក់ នៅសងខាងផ្លូវ រង់ចាំសប្បុរសជនដាក់ទានជាលុយកាក់ ឬនំចំណី។ អ្នកសុំទាន មានលាយចម្រុះក្មេងចាស់ ប្រុសស្រី មិនដឹងជាមកពីណាទេ ប៉ុន្តែ អាចថា ពួកគាត់មកពីស្រុកបាទី ខេត្តតាកែវ ហ្នឹងតែម្តង ជាពិសេស ប្រជាពលរដ្ឋក្រីក្រនៅតំបន់នោះ។

ដូច្នេះ អ្នកសុំទានដ៏ច្រើននោះ ប្រៀបបាននឹង “ព្រលិត” រីឯបឹងប្រៀបបាននឹង “កម្ពុជា” បើវាស់ឃើញព្រលិតវែង គឺបង្ហាញថា “ភាពក្រីក្រមានច្រើន” តែវាស់ព្រលិតឃើញខ្លី “ភាពក្រីក្រមានតិចតួច”។ ចំណែកជម្រៅទឹកពិត គឺសំដៅដល់ភាពក្រីក្រ ហ្នឹងឯង។

កន្លងមក យើងឃើញថា រាជរដ្ឋភិបាលប្រឹងប្រែងខ្លាំងណាស់ ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងសង្គម ដោយបង្ហាញអន្តរជាតិ ឱ្យឃើញថា “កម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់” មិនបារម្ភពីជីវភាពប្រជាពលរដ្ឋ។ ការបង្ហាញពីកំណើនសេដ្ឋកិច្ចនេះ មិនខុសអ្វីទេ ទើបបានជារាជរដ្ឋាភិបាល មិនញញើតសហភាពអឺរ៉ុប ដែលព្យាយាមដកប្រព័ន្ធអនុគ្រោះពន្ធ EBA។ ទោះយ៉ាងណា បើសិនជាជនបរទេសទៅទស្សនាសួនសត្វភ្នំតាម៉ៅ បានឃើញអ្នកសុំទាន ឈរបណ្តាក់គ្នាតាមផ្លូវ រាប់រយនាក់នោះ តើគេវាយតម្លៃកម្ពុជា យ៉ាងណាទៅ? អន្តរជាតិ មិនចាំបាច់សុំពិនិត្យបញ្ជីទិន្នន័យកំណើនសេដ្ឋកិច្ចនោះទេ ប៉ុន្តែគេគ្រាន់តែឃើញអ្នកសុំទានច្រើននោះ ក៏អាចវាស់ស្ទង់ដឹងថា កម្ពុជា នៅមានអ្នកក្រច្រើន ហើយបើក្រដល់ថ្នាក់សុំទាននោះ គឺមកពី “ទ័ល” ដែលហួសពីក្រទៅទៀត។

យើងទទួលស្គាល់ថា ប្រទេសគេក៏មានអ្នកសុំទានដែរ តែមានអត្រាទាបបំផុត លុះត្រាតែពិកល្យពិការជិះរទេះរុញ ទើបសុំទានគេ ប៉ុន្តែនៅកម្ពុជា ជនពិការតិចណាស់ដែលប្រកបរបរសុំទាន ខណៈដែលមនុស្សពេញលក្ខណៈសម្បទាគ្រប់គ្រាន់ ក៏សុំទានដែរ។ ករណីអ្នកសុំទាន ត្រូវសមត្ថកិច្ចបង្ក្រាបចាប់ដាក់រថយន្ត យកទៅឱ្យមូលគ្នានៅមណ្ឌលសង្គមកិច្ច ដោយបំបិទសេរីភាព មិនឱ្យដើរហើរ រហូតដល់មានអ្នកកាសែតរិះគន់ថា “ប៉ូលិស ប៉េអឹម ចាប់អ្នកសុំទាន យកស្នាដៃ”។ ការចាប់បែបកំហឹងទល់កំហល់នេះ អាចស្របនឹងឃ្លោងឃ្លាថា “ប្រមាណមនុស្សកាចជា មើលកិរិយាយអាការចេញ” ពោលគឺ មើលពីរបៀបចាប់អ្នកសុំទាន ដោយវិធីក្តៅនោះ គេអាចដឹងថា ការចេញបទបញ្ជាពីលើ គឺ “បង្ក្រាបឱ្យតែបាន” ទើបប៉ូលិស ប៉េអឹម ល្អិតល្អោច យកបទបញ្ជានោះទៅអនុវត្ត ធ្វើឱ្យទើសភ្នែកអ្នកកាសែត។

តាមពិតទៅ អ្នកសុំទាន ក៏ជាពលរដ្ឋខ្មែរដែរ ដែលពួកគាត់មិនចេះទៅលួចប្លន់អ្វីទេ បើគេឱ្យក៏យក រួចជូនពរគេទៅ ហើយបើគេមិនឱ្យ ក៏ពួកគាត់មិនថាអ្វីដែរ។ អ៊ីចឹងបើអាជ្ញាធរមានសមត្ថកិច្ច ប្រើវិធីក្តៅក្នុងការបង្ក្រាបអ្នកសុំទាន បើសិនជាជនបរទេសបានឃើញ ច្បាស់ជាធ្ងន់ជាង “ដកព្រលិតវាស់ជម្រៅទឹកទៅទៀត”។ នយោបាយលុបបំបាត់អ្នកសុំទាន គឺដើម្បីលើកមុខមាត់ប្រទេស ប៉ុន្តែគេត្រូវធ្វើដោយវិធីលួងលោម ទន់ភ្លន់ ដោះស្រាយយ៉ាងណាឱ្យពួកគាត់មានសង្ឃឹមក្នុងជីវិត ពុំមែនចាប់យកទៅបោះក្នុងមណ្ឌលសង្គមកិច្ច បិទរបងជិតឈឹង បង្ខាំងសេរីភាពដូចអ្នកទោសនោះទេ។

ព្រះវេស្សន្តរ បវរពោធិសត្វ បានបរិច្ចាគព្រះរាជទ្រព្យ ក្នុង១ថ្ងៃ អស់១សែនតម្លឹងមាស សម្រាប់ដាក់ទានដល់ស្មូម​យាចក កម្សត់ទុរគត។ ព្រះអង្គចំណាយច្រើនបែបនេះ ក៏មានចំណូលមិនតិចដែរ ព្រោះមានពន្ធដារ និងសួយសារ​អាករពី​ប្រទេសនានា ឬស្តេចចំណុះ ១០១នគរ នាំមកថ្វាយរាល់ថ្ងៃ។ អ្នកក្រកម្សត់តោកយ៉ាក ព្រះអង្គត្រាស់បង្គាប់ឱ្យសង់លំនៅឋាន ប្រទានដីធ្លី បង្កបង្កើនផល ធ្វើឱ្យប្រជារាស្ត្រព្រះអង្គ រួចផុតពីភាពក្រីក្រ ពុំមែនជានយោបាយធ្វើឱ្យប្រជារាស្ត្រ ក្លាយជាអ្នកសុំទាននោះទេ។

ដូច្នេះដើម្បីបញ្ចៀសការរិះគន់ថា នៅកម្ពុជា មានអ្នកសុំទានច្រើន គួរបានទទួលឯតទគ្គៈកំណត់ត្រាពិភពលោកនោះ អាចនឹងក្លាយជាការពិត បើសិនជាអន្តរជាតិ បានមកឃើញអ្នកសុំទានច្រើន។ គេទៅមើលតែភ្នំតាម៉ៅ ឬចូលវត្តអារាមនានា នៅរាជធានីភ្នំពេញ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ជាដើម ក៏អាចរកឃើញអ្នកសុំទានដើរប្រ០កា់គ្នាទាំងក្មេងទាំងចាស់។ នៅថ្ងៃបុណ្យអុំទូក ក៏អាចមានអ្នកសុំទាន ដាក់ផ្តិលពីមុខ រង់ចាំអ្នកមានសទ្ធាដាក់ទាន បើប៉ូលិសប្រើធម៌ក្តៅ ទាញកន្ត្រាក់ ឬវាយតប់នោះ បើជនបរទេសបានឃើញ តើកិត្តិយសជាតិ ធ្លាក់ដល់កម្រិតណាទៅ?

របៀបលុបបំបាត់អត្រាអ្នកសុំទាន គួរសមត្ថកិច្ចរកគ្រួសារពួកគាត់ តើមានកូនចៅ ឪពុកម្តាយ ឬជាជនអនាថា? បើរកឃើញថា កាត់កំព្រីកំព្រាគ្មានញាតិ គួរយកទៅចិញ្ចឹម បង្ហាត់បង្រៀនមុខជំនាញ បើកសេរីភាពដើរហើរ ចៀសវាងខ្ទប់របង ដូចអ្នកទោស។ បើរកឃើញថា គាត់បន្លំ ឬក្លែងជាសង្ឃ ដើរបិណ្ឌបាត ឬខ្លួនមិនពិការសោះ ក្លែងធ្វើកំបុតជើង វារកខ្វេសកខ្វាស គួរមានវិធានការអប់រំដោយសន្តោសប្រណី ចៀសវាងចាប់ដាក់គុកច្រវាក់។

អ្វីដែលកម្ពុជា ត្រូវប្រឈមជាមួយអ្នកសុំទាន គឺយើងប្រាប់គេថា “មានកំណើនសេដ្ឋកិច្ចខ្ពស់” លុះគេមកឃើញអ្នកសុំទានច្រើនបែបនេះ អន្តរជាតិអាចវាស់ស្ទង់ដឹងថា កម្ពុជា មានអ្នកក្រ ឬអ្នកទ័លច្រើន។ ព្រលិត ១ដើម ដកពីបាតបឹង វាស់ឃើញ៣ម៉ែត្រ ក៏ដឹងថា បើសិនជាខ្យល់បោកពន្លិចទូក ច្បាស់ជាអ្នកជិះទូកហែលមិនរួចទេ អាចនឹងលង់ទឹកស្លាប់ ប៉ុន្តែបើវាស់ឃើញកន្លះម៉ែត្រ បានន័យថា ទឹកបឹងនោះរាក់ មិនព្រួយពីលិចទូក លង់ស្លាប់នោះទេ។

សម្រាប់អ្នកមានចិត្តសទ្ធាជ្រះថ្លា នៅពេលឃើញអ្នកសុំទានលើកដៃសំពះសុំលុយ មិនដែលដើរបង្ហួសទេ ព្រោះតែអាណិតអាសូរខ្មែរដូចគ្នា ដែលធ្លាក់ក្នុងនឹមទុរគត។ អ្នកខ្លះទៀត ស្អប់អ្នកសុំទានខ្លាំងណាស់ ដោយបានទាំងស្តីបន្ទោសថា មានដៃជើងនឹងគេដែរ មិនចេះរកស៊ី បែរជាមកសុំគេ? រហូតដល់ប្តឹងប៉ូលិឱ្យចាប់អ្នកសុំទាននោះក៏មាន។ អ្វីដែលពាំត្រណោត គឺនៅត្រង់សេដ្ឋកិច្ចជឿនលឿន បើមិនដោះស្រាយបញ្ហាអ្នកសុំទាន ដោយសន្តិវិធី ឬទុកឱ្យជនបរទេស មក “ដកព្រលិតវាស់” គេអាចដឹងយ៉ាងស្រួលពីជម្រៅទឹក ឬភាពក្រីក្រក្នុងសង្គម ដែលមិនគួរមើលរំលង។

សរុបទៅ ឃ្លោងឃ្លាថា “ប្រមាណទឹកពិនិត្យ ដកព្រលិតវាស់វែងវា ប្រមាណមនុស្សកាចជា មើលកិរិយាអាការចេញ” គឺសំដៅដល់ករណីអ្នកសុំទាននេះឯង។ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ ច្បាស់ជាមានទេសចរបរទេស ទៅទស្សនា សួនសត្វ ភ្នំតាម៉ៅ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ឬមុខព្រះបរមរាជវាំង មិនតិចទេ បើសិនជាគេឃើញុអ្នកសុំទាន ឈរបណ្តាក់គ្នាតាមផ្លូវ ចាំសុំលុយនោះ តើសេដ្ឋកិច្ចជឿនលឿន មានន័យអ្វី? បើសមត្ថកិច្ចប្រើធម៌ក្តៅជាមួយអ្នកសុំទាន ក៏នាំឱ្យទើសភ្នែកជនបរទេសដែរ ហេតុនេះ ករណីមានការរិះគន់រឿងកាប់ឈើច្រើនជាងគេ ចោរច្រើន អ្នកសុំទានច្រើន សមតែទទួលបានកំណត់ត្រាពិភពលោកនោះ គួរកុំខឹងអ្នករិះគន់អី ព្រោះ “រិះគន់ស្ថាបនា ជាអាហារបណ្ឌិត”…៕