Loading...

ប្តីខ្វាក់ប្រពន្ធខ្វិន រើសអេតចាយចិញ្ចឹមជីវិតយ៉ាងវេទនា

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 14:12 pm

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធអភ័ព្វនេះ បុរសជាប្តី មានឈ្មោះសួន ទិត្យ មានអាយុ៣០ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះពៅ ធីតា អាយុ២៩ឆ្នាំ និងមានកូនស្រីក្នុងបន្ទុកម្នាក់ឈ្មោះចាន់ សំណាង អាយុ៤ឆ្នាំ។ ក្រុមគ្រួសារទុរគតខាងលើនេះ ប្រកបរបរដើររើសអេតចាយទាំងអស់គ្នា និងស្នាក់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

តាមសម្តីរសជាប្តីដែលពិការភ្នែក និងស្វិតជើងឆ្វេងម្ខាង បានរៀបរាប់ប្រាប់ថា គាត់ពិការតាំងពីកំណើតមកម៉្លេះ ដោយសារតែជម្ងឺ រីឯប្រពន្ធរបស់គាត់វិញ មិនត្រឹមតែពិការភ្នែកទាំងសងខាងប៉ុណ្ណោះទេ ថែមទាំងស្វិតជើងទាំង២ ដើរមិនរួច បានតែអង្គុយលើរទេះរុញប៉ុណ្ណោះ។  ពួកគាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ ហើយពួកគាត់បានស្គាល់គ្នា ខណៈដែលបានរៀននៅមណ្ឌល អង្គការមួយឯរាជធានីភ្នំពេញ ហើយក៏បានចាប់ចិត្តគ្នា ទទួលយកគ្នាជាប្តីប្រពន្ធតែម្តង ដោយរួមរស់បង្កើតបានកូនស្រីម្នាក់ សព្វថ្ងៃមានអាយុ៤ឆ្នាំហើយ និងតែងដើររើសអេតចាយជាមួយពួកគាត់រាល់ថ្ងៃ។

បុរសជាប្តីរូបនេះបន្តថា ដោយសារតែពួកគាត់សុទ្ធតែជាជនពិការ ទើបគ្មានវាសនាបានរៀនសូត្រចេះដឹងនឹងគេ ហេតុនេះ ជីវភាពរស់នៅសព្វថ្ងៃ ពឹងតែលើរបរដើររើសអេតចាយប៉ុណ្ណោះ ដោយតែងបណ្តើរកូនស្រីបណ្តូលចិត្តរបស់ខ្លួនទៅជាមួយ មិនដែលខានឡើយ ព្រោះមិនអាចទុកកូន ស្រីឱ្យនៅផ្ទះតែម្នាក់ឯងបានទេ ដោយសារគ្មានអ្នកជួយមើលថែ។

បុរសជាប្តីបានបញ្ជាក់ថា ក្រៅពីការដើររើសអេតចាយទាំងងងឹត និងងាយរងគ្រោះថ្នាក់ទៀតនោះ គឺពួកគាត់គ្មានមុខរបរណាក្រៅពីនេះទេ។ ពួកគាត់ទើបនឹងមករស់នៅក្នុងអូរបីជាន់ បាន៣ខែតែប៉ុណ្ណោះ ដែលកាលពីមុនរស់នៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ហើយមូល ហេតុដែលចាកចេញពីលំនៅដ្ឋានចាស់ ដោយសារដីចាស់នោះជារបស់គេ ត្រូវបានម្ចាស់គេលក់ឱ្យអ្នកដ៏ទៃ ទើបពួកគាត់បានត្រឹមរើកញ្ជើមករស់នៅ ស្រុកអូរជ្រៅនេះ។ ក្រោយពីចេញពីផ្ទះចាស់មក ប្តីប្រពន្ធពួកគាត់គ្មានប្រាក់សូម្បីតែមួយរៀលក្នុងហោប៉ៅ ដោយសុំឡានគេជិះតាមផ្លូវគេឃើញ អាណិតក៏ឱ្យជិះជាមួយទៅ លុះមកដល់ទីនេះ ក៏ចាប់របរដើររើសអេតចាយយកទៅលក់ គ្រាន់បានប្រាក់ចិញ្ចឹមជីវិត និងរស់ទាំងត្រដាបត្រដួស បំផុត៕