Loading...

ប្រពន្ធសរសៃខ្ចីជេរកូន ប្តីទាត់៣ជើង ទះ១កំផ្លៀង ស្លាប់ពេលដឹកទៅមន្ទីរពេទ្យ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:26 am

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារមួយ បានកើតឡើង ដោយបុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងជោកជាំ ឮស្ត្រីជាប្រពន្ធដែលទើបនឹងសម្រាលកូនបាន៣ខែ កំពុងដេកបំបៅដោះកូន ស្រែកជេរកូន ក៏រើសដាក់ខ្លួន ធ្វើឱ្យផ្ទុះកំហឹង ស្ទុះទៅទាត់ប្រពន្ធសរសៃខ្ចីចំនួន៣ជើង រួចទះថែម១កំផ្លៀងទៀត បណ្តាលឱ្យសន្លប់បាត់មាត់ឈឹង លុះដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនដៃដល់ដែលវាយសម្លាប់ប្រពន្ធដោយគ្មានញញើតដៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចក ឆក អាយុ៤០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឈឿន ហៃ អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ ប្តីប្រពន្ធខាងលើ សព្វថ្ងៃ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសជាប្តីខាងលើ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕