Loading...

ប្រាប់ប្រពន្ធមិនស្រួលខ្លួន ចូលបន្ទប់ទឹក ដួលធ្លាក់ទឹកស្លាប់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:34 pm

ខេត្តស្វាយរៀង ៖ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បុរសម្នាក់បានត្អូញប្រាប់ប្រពន្ធថា “ម៉ែវា ខ្ញុំដូចជាមិនសូវស្រួលក្នុងខ្លួនសោះ ចេះតែលវិលៗមុខ” ពេលនោះ ប្រពន្ធក៏មិនបានចាប់អារម្មណ៍អ្វីដែរ ស្មានថាប្តីគ្រាន់តែវិលមុខធម្មតា ក៏នាំគ្នាចូលសម្រាន្តទៅ  លុះដល់វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ប្តីគាត់នៅតែនិយាយថា មិនសូវស្រួលខ្លួនសោះ លុះប្រពន្ធទារកោសខ្យល់ឱ្យ ក៏ប្រាប់ថា ឈប់សិន ទៅរកបត់ជើងបន្តិចសិន ស្រាប់តែអកុសល ពេលកំពុងអង្គុយបត់ជើងលើបង្គន់ជាប់មាត់ស្រះ ទំនងជាកើតអាការខ្យល់គរ ក៏បណ្តាលឱ្យដួលធ្លាក់ពីលើបង្គន់ ចូលទៅក្នុងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ឥហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុច ស្រះទឹកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ខាងលើ មានឈ្មោះស អាយុ៤៩ឆ្នាំ មុខរបរជាកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះ មិនស្រួលខ្លួន រួចក៏ដើរទៅបត់ជើងនៅក្បែរមាត់ស្រះ ធ្វើឱ្យកើតអាការខ្យល់គរធ្លាក់ចូលស្រះទឹកលង់ស្លាប់តែម្តង។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕