Loading...

ប្អូនស្រវឹង ខឹងបងប្រដៅ កាប់២កាំបិតដាច់ជើង

​ សោម សុភា​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 14:36 pm

ខេត្តកណ្តាល ៖ ករណីអំពើហិង្សា ប្អូនបង្កើតកាប់បងប្រុស២កាំបិត ដាច់ជើងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង។

ជនរងគ្រោះត្រូវជាបងដែលរងរបួសត្រង់ជើងយ៉ាងធ្ងន់ធ្ងរ មានឈ្មោះសាត អៀ អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះសាត សយ ហៅត្រឡិន អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ (ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ) មានលំនៅក្នុងភូមិឃុំជាមួយគ្នា។ ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន មានកាំបិតផ្គាក់១ដើម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះសាត សយ ដែលបានផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ ភ្នែក មិនព្រមចូលទៅរកកន្លែងដេកពួន បែរជានៅឈរស្រែកឡូឡាតែម្នាក់ឯង នាំឱ្យរំខានដល់អ្នកជិតខាងយ៉ាងខ្លាំង ខណៈដែលយប់កាន់តែជ្រៅ ណាស់ទៅហើយ។

ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ជនរងគ្រោះឈ្មោះសាត អៀ ឃើញប្អូនប្រុស (ជនសង្ស័យ) ស្រវឹង ស្រែកឡូឡាបែបនេះ ក៏ចេញទៅនិយាយណែនាំជនសង្ស័យ កុំឱ្យនិយាយឡូឡាខ្លាំងៗពេក ព្រោះយប់ហើយ គេត្រូវការដេកពួន យកកម្លាំងធ្វើការស្អែកទៀត ហើយបើស្រវឹងខ្លាំងហើយ ទៅរកកន្លែងដេកពួនទៅ។

ប្រភពខាងលើបញ្ជាក់ថា គ្រាន់តែលឺសម្តីបងប្រុសបែបនេះ ជនជនសង្ស័យក៏ច្រឡោតខឹងយ៉ាងខ្លាំង និងបានរករឿងឈ្លោះប្រកែកគ្នា ជាមួយបងប្រុសយ៉ាងខ្លាំង រហូតឈានដល់ការប្រតាយប្រតប់គ្នា។ ស្របពេលនោះ ជនសង្ស័យឈ្មោះសាត សយ បានស្ទុះទៅទាញកាំបិតផ្គាក់ កាប់ប្រហារទៅលើបងប្រុសឈ្មោះសាត អៀ ១កាំបិតដំបូង ត្រូវជញ្ជាំងផ្ទះ រួចក៏ស្ទុះទៅកាប់តែម១កាំបិតទៀត បណ្តាលឱ្យត្រូវចំជើងខាងស្តាំ ក្រោមក្បាលជង្គង់ ដាច់រយះហូរឈាមជោកជាំ៕