Loading...

ពេជ្រ សោភា សប្បាយចិត្តប្លែក

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:08 pm

ពេជ្រ សោភា កំពុងរៀបចំគម្រោងធំជាមួយប្រុសក្មេង សុខ វិបុល ហៅ Step ក្នុងការធ្វើបទចម្រៀងចាប់ដៃគូគ្នាតាមឆាកតន្ត្រីធំៗនៅរដូវក្តៅនេះ ដើម្បីឱ្យកាន់តែប្លែក និងមានការទាក់ទាញជាងឆ្នាំមុនៗ។

អំឡុងពេលសោភា រីករាយជាមួយប្រុសក្មេងលោក Step នោះ អ្នកដែលក្រៀបក្រំ គឺនាងទេព បូព្រឹក្ស ព្រោះនាងអាចបង្ហាញភាពស្អិតល្មួតជាមួយគូស្នេហ៍ងួន ចាន់ដេវីត បានតែនៅក្រៅឆាកប៉ុណ្ណោះ មិនអាចកាន់ដៃសង្សារឡើងផ្អែមល្ហែមលើឆាកហង្សមាស បានដូចមុនទៀតនោះទេ ទើបធ្វើឱ្យតារាចម្រៀងលេងម៉ូដសក់ប្លែកៗជាងគេ នៅហង្សមាស នាងបូព្រឹក្ស ហៅស្រីនិច្ច ដែលមិនដែលត្រូវគ្នាទាល់តែសោះជាមួយសោភា នោះ ហាក់ចាញ់ប្រៀបសិស្សច្បងកាន់តែខ្លាំង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះដែរ គឺមានព័ត៌មានចេញពីតារាចម្រៀងជ្រកកោនក្រោមដំបូលហង្សមាស បានខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា តាំងពីងួន ចាន់ដេវីត ហៅ G-Devith ដើរចេញពីហង្សមាស នោះ ស្រាប់តែឃើញសោភា ហាក់មានអារម្មណ៍ស្រស់ថ្លាជាងមុនទៅវិញ ទើបធ្វើឱ្យគេនិយាយថា ដេវីត ចេញសោភា សប្បាយចិត្ត ព្រោះថា នាងមិនចង់ឃើញអតីតដៃគូរបស់នាង ដែលនាងធ្លាប់យកខ្លួនទៅធានាឱ្យចូលហង្សមាស នោះ បង្ហាញភាពផ្អែមល្ហែមជាមួយនាងទេព បូព្រឹក្ស នៅចំពោះមុខនោះឡើយ។

ទោះជាយ៉ាងណា តាមរយៈបទសម្ភាសន៍កន្លងមក ពេជ្រ សោភា បានបញ្ជាក់ថា នាងគ្មានចាប់អារម្មណ៍ប៉ុនក្រចកដៃនោះទេ ជុំវិញការចាកចេញពីហង្សមាស របស់ងួន ចាន់ដេវីត នោះ ព្រោះថា នាងមានការរវល់ផ្ទាល់ខ្លួនច្រើន អ៊ីចឹងគ្មានពេលទៅចាំមើលថា តារាណាចេញឬចូលនោះឡើយ។

សោភា ថែមទាំងថា ពេលនេះ តារាហង្សមាសមានច្រើនណាស់ ច្រើនរហូតដល់នាងមិនអាចចាំមុខបានទៀតផង តែនាងថា ស្រលាញ់ហង្សមាស ខ្លាំងណាស់ ហើយបើផលិតកម្មនេះមានធនធានតារាចម្រៀងល្បីៗកាន់តែច្រើនថែមទៀត រឹតតែសប្បាយចិត្ត ព្រោះថា នឹងធ្វើឱ្យហង្សមាស កាន់តែខ្លាំងថែមទៀត៕