Loading...

មេខ្យល់សន្យានាំទៅការប្តីចិន ក្រោមលេស២០០០ដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 17:30 pm

ខេត្តក្រចេះ ៖ ស្ត្រីជាមេខ្យល់ម្នាក់ បានធ្វើការបោកបញ្ឆោតនារីវ័យក្មេងម្នាក់ ថា នាំទៅរកការងារធ្វើនៅប្រទេសចិន ដឹងអី! បែរជានាំទៅលក់ឱ្យបុរសជាជនជាតិចិន យកទៅធ្វើជាប្រពន្ធ ដោយខុសច្បាប់ និងបង្ខាំងទុកសម្រាប់បម្រើតណ្ហាផ្លូវភេទ ទីបំផុត នារីរងគ្រោះទទួលបានការជួយសង្គ្រោះត្រឡប់មកស្រុកវិញ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនស្ត្រីជាមេខ្យល់ នាំយកទៅចាត់ការតាមច្បាប់។

ស្ត្រីជាមេខ្យល់មុខសញ្ញាជួញដូរមនុស្សឱ្យទៅយកប្តីនៅប្រទេសចិនខុសច្បាប់ខាងលើនេះ ត្រូវបានតុលារសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តក្រចះ ក្រោមបទចោទពីបទលក់ដូរ សម្រាប់នាំឆ្លងដែន ត្រូវបានកម្លាំងនគរបាលខេត្តក្រចេះស្រាវជ្រាវ ពន្លាតដែនដីចាប់ខ្លួនបាន នៅខេត្តត្បូងឃ្មុំ។

ស្ត្រីជាមេខ្យល់រូបនេះ មានឈ្មោះកង ជីម អាយុ៥០ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបាន លោកញឹល ប៊ុនលី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រីវរសេនីយ៍ឯក នៅ រតនា ស្នងការរង ទទួលបន្ទុកផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជន បានឱ្យដឹងថា នារីរងគ្រោះ ដែលត្រូវស្ត្រីខាងលើបោកបញ្ឆោតនាំយកទៅលក់ មានអាយុ២២ឆ្នាំ រស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។ នារីរងគ្រោះរូបនេះ ត្រូវបានស្ត្រីសង្ស័យ និងបក្សពួកបានបោកបញ្ឆោត នាំយកទៅលក់នៅប្រទេសចិន ដើម្បីឱ្យយកប្តីដោយខុសច្បាប់កាលពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួនជិត២ពាន ដុល្លារ ក្រោមលេសថា នាំទៅរកការងារធ្វើ ដើម្បីរកចំណូលមកដោះស្រាយជីវភាព។

លោកស្រីស្នងការរង បានបញ្ជាក់ថា ស្ត្រីជាម្តាយនារីរងគ្រោះ បានឱ្យដឹងថា  ក្រោយពេលកូនស្រីគាត់បានទៅដល់ ប្រទេសចិនក៏បាត់ការ ទំនាក់ទំនងឈឹង ព្រោះនាងត្រូវបានបង្ខំឱ្យយកប្តីដោយខុសច្បាប់ និងត្រូវបានបង្ខាំងទុក មិនឱ្យមានការទំនាក់ទំនងមកស្រុកខ្មែរបាននោះទេ។ តែក្រោយមក នាងបានលួចទំនាក់ទំនងមកគាត់ជាម្តាយ ទើបដឹងថា កូនស្រីបានចាញ់បោកគេ ដោយត្រូវមេខ្យល់បង្ខំឱ្យមកយកប្តីនៅប្រទេសចិន។

លោកស្ត្រីស្នងការរង បានឱ្យដឹងទៀតថា បន្ទាប់មកស្ត្រីជាម្តាយនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងឱ្យជួយអន្តរាគមន៍កូនស្រីគាត់ តាមរយៈអង្គការពាក់ព័ន្ធនានា ក៏ដូចជាមកការិយាល័យនគរបាលជំនាញ ។ ក្រោយការទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលជំនាញបានចុះ ស្រាវ ជ្រាវ និងឈានដល់ការចាប់ខ្លួនស្ត្រីជាមុខសញ្ញាមេខ្យល់ខាងលើនេះតែម្តង។

លោកស្រីស្នងការរង បានអះអាងថា ចំពោះនារីរងគ្រោះ ដែលត្រូវបានក្រុមមេខ្យល់បោកនាងយកទៅលក់នៅប្រទេសចិននោះ ត្រូវបានអាជ្ញាធរប្រទេសទាំងពីរ កំពុងតែទំនាក់ទំនងគ្នាដើម្បីនាំនាងត្រឡប់ មកស្រុកកំណើតវិញ៕