Loading...

ម្នាក់ៗផ្អើលទៅមើល រួចសង្ស័យករណីឃាតកម្មគ្រប់គ្នា

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 10:23 am

ភ្នំពេញ ៖ សាកសពបុរសម្នាក់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៣០ឆ្នាំ ស្លៀកខោពណ៌ខៀវ អាវដៃវែងឆ្នូតពណ៌ក្រហមលាយប្រផេះ នៅលើមុខមាត់មានស្នាមបែកដាច់រយះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេ ស្ថិតក្នុងសភាពហើមប៉ោង ព្រមទាំងមានស្លាកស្នាមរបួសបែក មុខមាត់  ហើយបានដាក់ការសង្ស័យថា ជាអំពើឃាតកម្ម អាចត្រូវជនល្មើសវាយសម្លាប់រួចយកមកទំលាក់ចោលក្នុងទឹក បង្កការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចដងទន្លេមេគង្គ ស្ថិត ក្នុងភូមិកោះនិរោ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សាកសពជនរងគ្រោះខាងលើបានអណ្តែតឡើងនៅចំណុច មុខព្រះបរមរាជវាំងឯណោះ ចំថ្ងៃទី៣នៃព្រះរាជ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ទើបសមត្ថកិច្ចមិនចង់ឱ្យមានការភ្ញាក់ផ្អើល បានសម្រេចប្រើអូរប័រអូសទាញយកសពខាងលើ មកដាក់នៅក្បែរមាត់ទន្លេកោះនរា វិញ ដើម្បីឱ្យខាងជំនាញកោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន ក៏បានស្រង់សាកសពជនរងគ្រោះឡើង មកលើគោក រួចដឹកតាមរថយន្តពេទ្យឯកជន ទៅតម្កល់ទុកនៅវត្ត ដើម្បីឱ្យខាងជំនាញចុះមកពិនិត្យ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបានស្លាប់ដោយសារលង់ទឹកស្លាប់ ហើយសពនេះអាចស្លាប់មិនក្រោមរយៈពេល៣ថ្ងៃនោះទេ ចំណែកស្នាមរបួសនៅត្រង់ផ្ទៃមុខ អាចបោកជាមួយរបស់រឹង ទើបមានស្នាមដាច់រលាត់។

សពជនរងគ្រោះ ត្រូវបានតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិ ព្រោះនៅលើសព មិនមានអ្វីសម្គាល់នោះទេ គឺមានតែកាតធនាគារមួយគត់៕