យន្តហោះចម្បាំងអាមេរិក B-52 ហោះលើកោះមានជម្លោះសមុទ្រចិនខាងត្បូង
យោងទៅតាមមន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNN ចេញផ្សាយ កាលពីថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា យន្តហោះចម្បាំងអាមេរិក B-52 ចំនួន២គ្រឿង បានហោះចំពីលើកោះដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ។
ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា យន្តហោះចម្បាំងអាមេរិក ប្រភេទ B-52 បានចេញដំណើរពីមូលដ្ឋានទ័ពអាកាស នៅកោះហ្គាំ ហើយបានចូលរួមបេសកកម្មហ្វឹកហាត់តាមទម្លាប់ធម្មតា នៅក្នុងតំបន់ជុំវិញសមុទ្រចិនខាងត្បូង។
សេចក្តីថ្លែងការណ៍របស់មេបញ្ជាការកងទ័ពអាកាសសហរដ្ឋអាមេរិក បានឱ្យដឹងថា បេសកកម្មយន្តហោះ B-52 នៅលើសមុទ្រចិនខាងត្បូង នាពេលថ្មីៗនេះ គឺគោរពទៅតាមច្បាប់អន្តរជាតិ ដែលបានចែងនៅក្នុងច្បាប់ឥណ្ឌូប៉ាស៊ីហ្វិក។
ការហោះរបស់យន្តហោះទម្លាក់គ្រាប់បែក B-52 នេះ បានកើតឡើង ស្របពេលដែលមេដឹកនាំប្រទេសទាំងពីរ គ្រោងនឹងជួបជជែកតទល់គ្នា ដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំ G-20 ដែលគ្រោងនឹងធ្វើឡើងនៅចុងខែវិច្ឆិកា នេះ នៅប្រទេសអាហ្សង់ទី់ន។
គួររំលឹកថា យន្តហោះចម្បាំងអាមេរិក ជារឿយៗ តែងតែហោះមកបរិវេណកោះមានជម្លោះនៅសមុទ្រចិនខាងត្បូង ហើយប្រទេសចិន បានថ្កោលទោសសហរដ្ឋអាមេរិក ថា បានរំលោភមកលើដែនអាកាសរបស់ខ្លួន៕