Loading...

លោកសង្ឃចាក់សម្លាប់ស្រីស្នេហ៍ សារភាពបើអូនប្រែចិត្ត មានតែស្លាប់ទាំង2នាក់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 17:57 pm

ខេត្តបន្ទាយមានជ័យ ៖ សង្ឃវ័យចណាស់មួយអង្គ បួសរៀនធម៌អាថ៌ លះបង់កិលេសតណ្ហាមិនអស់ បានលួចទាក់ទងស្នេហាយ៉ាងស៊ីជម្រៅជាមួយស្ត្រីម្នាក់ រហូតដល់ស្បថស្បែសច្ចាស្លាប់រស់ជាមួយគ្នាទៀតផង ទីបំផុត ភាគីស្រីបែកចិត្ត សុំចែកផ្លូវ ធ្វើឱ្យសង្ឃជាគូស្នេហ៍ឈឺចិត្ត ស្អិតទ្រូង ក៏ណាត់ស្រីស្នេហ៍មកជួប រួចទាញដែកឆាបចាក់សម្លាប់ស្រីស្នេហ៍ ហើយប៉ុនប៉ងសម្លាប់ខ្លួនតាមក្រោយ តែត្រូវប្រជាពលរដ្ឋប្រទះឃើញ ជួយអន្តរាគមន៍ទាន់ពេល និងបញ្ជូនស្ត្រីរងគ្រោះជាស្រីស្នេហ៍ដែលរងរបួសយ៉ាងធ្ងន់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត ចំណែកលោកសង្ឃដៃដល់ ក៏ត្រូវបានមន្ត្រីសង្ឃចាប់ផ្សឹក ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍លោកសង្ឃចាក់សម្លាប់ស្រីស្នេហ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង10ព្រឹក ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2018 នៅចំណុចដីវាលមួយកន្លែង ស្ថិតក្នុងតំបន់អូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

សង្ឃទ្រុស្តសីល ដែលចាក់សម្លាប់ស្រីស្នេហ៍ ហើយត្រូវបានចាប់ផ្សឹកនោះ មានឈ្មោះទន់ សាវន អាយុ52ឆ្នាំ បួសរៀន គង់នៅវត្តស្វាយចាស់ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ចំណែកស្ត្រីរងគ្រោះជាស្រីស្នេហ៍ មានឈ្មោះឡេង ផល្លា អាយុ42ឆ្នាំ ជាអាជីវករបើកកន្លែងវីងវេរលុយ ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យឯទីក្រុងបាងកក ប្រទេសថៃ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ បានបើករថយន្ត 1គ្រឿង ម៉ាកហាយឡែនដឺរ មកឈប់នៅចំណុចអូរខៃដន (ទីតាំងកើតហេតុ)។ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខព្រះសង្ឃមួយអង្គ និមន្តចេញពីម្តុំកន្លែងលក់អីវ៉ាន់ មកបើកទ្វារចូលទៅក្នុងឡានរបស់ស្ត្រីរងគ្រោះ តែមិនដឹងថា ទៅជជែកគ្នា ឬសូត្រមន្តប្រោសព្រំអ្វីនោះទេ ស្រាប់តែបន្តិចក្រោយមក ក៏ផ្ទុះជាអំពើហិង្សានៅក្នុងរថយន្ត ដោយស្ត្រីរងគ្រាះត្រូវសង្ឃអង្គនោះ ចាក់នឹងដែកឆាប បណ្តាលឱ្យរងរបួស ឈាមដាបពេញខ្លួន និងបានប្រឹងបើកទ្វាររថយន្តចេញមកក្រៅ ស្រែកហៅគេឯងឱ្យជួយ ធ្វើឱ្យផ្អើលដល់អ្នកស្រុកភូមិក្បែរនោះ ស្ទុះចូលទៅមើល ឃើញសង្ឃអង្គនោះ កំពុងគង់នៅក្នុងរថយន្ត ដោយមានកាន់ដែកឆាប ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងឃាត់ព្រះកាយសង្ឃអង្គនោះតែម្តង។

ពាក់ពន្ធ័ករណីខាងលើ លោកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីរកឃើញបទល្មើស លោកបានរាយការណ៍ជូនទៅខាងការិយាល័យធម្មការនិងសាសនា ហើយក៏បានបញ្ជូនសង្ឃទ្រុស្តសីលនោះ ទៅធ្វើពិធីផ្សឹក ដើម្បីនាំខ្លួនយកមកចាត់ការតាមនីតិវិធី។

នៅចំពោះមុខមន្ត្រីសង្ឃ នៅមុនពិធីចាប់ផ្សឹកសង្ឃទន់ សាវន បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាក់ស្ត្រីរងគ្រោះ ប៉ុនប៉ងសម្លាប់ចោលប្រាកដមែន មូលហេតុ គឺផ្តើមចេញពីរឿងរ៉ាវស្នេហារវាងខ្លួន និងស្ត្រីរងគ្រោះ ដែលកំពុងឈានដល់ដំណាក់កាលបែកបាក់ប្រេះឆា។

សង្ឃទន់ សាវន បានបន្តរៀបរាប់ថា ខ្លួនបានកើតមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរងគ្រោះ អស់រយៈពេលជាង5ឆ្នាំមកហើយ ដោយកាលណោះ ខ្លួននៅបួសជាសង្ឃគង់នៅវត្តផ្សារកណ្តាល និងកំពុងមានឈ្មោះល្បី ត្រូវពុទ្ធបរិស័ទជិតឆ្ងាយស្គាល់ និងតែងមកពឹងពរជាប់មិនដាច់។ ក្រោយមក ស្ត្រីរងគ្រោះដែលជាពុទ្ធបរិស័ទមួយរូបធ្លាប់មកពឹងពរ ចេះតែចេញចូលមករកខ្លួនមិនឈប់ រួចក៏បង្កើតបានជាចំណងស្នេហ៍ជាមួយគ្នា រហូតឈានដល់ការស្បថសច្ចារួមគ្នា នៅវត្តផ្សារកណ្តាល ទៀតផង ដោយបានស្បថដាក់ជីវិតជាមួយគ្នាថា ប្រសិនបើស្នេហាបែកបាក់នោះ ពួកខ្លួននឹងសុខចិត្តស្លាប់ជាមួយគ្នា។

សង្ឃទន់ សាវន បានបន្តទៀតថា ក្រោយមក ស្ត្រីរងគ្រោះបានប្រាប់ឱ្យខ្លួនលាចាកសិក្ខាបទ (សឹក) នោះ នាងនឹងព្រមទទួលយកខ្លួនជាប្តី ចំណែកខ្លួនហេតុតែលង់ស្នេហ៍ស្ត្រីរងគ្រោះខ្លាំងពេក ទើបដាច់ចិត្តសឹក ទាំងព្រះចៅអធិការវត្ត ហាមឃាត់យ៉ាងណាក៏មិនខ្ចីស្តាប់ដែរ ដោយនឹករំពឹងថា ក្រោយសឹករួច នឹងបានរៀបការ រួមរស់ជាមួយមនុស្សស្រីជាទីស្រលាញ់ម្នាក់នេះ ដឹងអី ពេលសឹករួច បែរជាស្រីស្នេហ៍ប្រែក្រឡាស់សម្តី មិនព្រមរៀបការជាមួយខ្លួនទៅវិញ ធ្វើឱ្យខ្លួនខកបំណង (សឹកហួសព្រោះស្នេហ៍) តែមិនដឹងធ្វើយ៉ាងម៉េច ចេះតែទ្រាំចាំតាមដំណើរបន្តទៀតទៅ។ លុះសឹកបាន2ឆ្នាំ ស្រីស្នេហ៍រូបនេះ ក៏បង្ខំឱ្យខ្លួនបួសវិញ ទើបខ្លួនបានទៅសាងផ្នួសជាថ្មី នៅវត្តភ្នំបាក់លើ បន្ទាប់មកក៏មកគង់នៅវត្តស្វាយចាស់ គិតមកដល់សព្វថ្ងៃបានរយៈពេល1ឆ្នាំហើយ។

សង្ឃទន់ សាវន បានឱ្យដឹងទៀតថា តាំងពីត្រូវខកបំណងព្រោះស្រីស្នេហ៍ម្តងនោះមក បានធ្វើឱ្យខ្លួនមានអារម្មណ៍ថា ខូចចិត្តយ៉ាងខ្លាំង និងចេះតែមានគំនិតចង់បញ្ចប់ជីវិតទាំងអស់គ្នាជាយូរមកហើយ ហើយទោះជាវិលត្រឡប់មកបួសជាថ្មីម្តងទៀត ក៏មិនមានចិត្តជ្រះថ្លាដែរ ពោលគឺនៅតែវិលវល់ពីរឿងស្នេហាមួយនេះដដែល ដោយខ្លួនពិតជាមានចិត្តស្រលាញ់ស្ត្រីរងគ្រោះយ៉ាងខ្លាំង ប្រៀបបាននឹងត្រូវថ្នាំសណ្តំ ឬត្រូវស្នេហ៍នាងអ៊ីចឹង រហូតដល់ខ្លួនបានតាំងចិត្តរួចជាស្រេចថា បើខ្លួនមិនបានជួបស្រីស្នេហ៍រូបនេះទេ នឹងជ្រើសយកផ្លូវស្លាប់ទាមង2នាក់មិនខាន។

សង្ឃទន់ សាវន បានបញ្ជាក់ថា លុះមកដល់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះបានណាត់ខ្លួនឱ្យមកជួបនៅចំណុចកើតហេតុខាងលើ លុះពេលខ្លួនចូលទៅដល់ក្នុងឡាន ជួបមុខគ្នា ស្រាប់តែស្ត្រីរងគ្រោះបានប្រាប់ថា “ពួកយើងបែកគ្នាទៅ!” ដែលសម្តីនេះ គឺប្រៀបបាននឹងកាំបិតចាក់ដើមទ្រូងរបស់ខ្លួន ធ្វើឱ្យឈឺផ្សាបំផុត រកអ្វីមកប្រៀបមិនបានឡើយ។ ភ្លាមនោះ ខ្លួនក៏បាននិយាយទៅកាន់ស្ត្រីរងគ្រោះថា បើបែកគ្នា មានតែស្លាប់ទាំងអស់គ្នា ស្រាប់តែស្ត្រីរងគ្រោះបានឆ្លើយតបថា ចង់ទៅណាក៏ទៅៗ ចង់ស្លាប់ក៏ស្លាប់ទៅ! ជាហេតុធ្វើឱ្យខ្លួនទប់កំហឹងមិនបាន ក៏ទាញដែកឆាបដែលបានលាក់ទុកនៅក្នុងថង់យាម ចាក់ប្រហារស្ត្រីរងគ្រោះជាច្រើនដែកឆាប រួចប៉ុនប៉ងចាក់សម្លាប់ខ្លួនឯងដែរ តែត្រូវស្ត្រីរងគ្រោះឃាត់ រួចនាងក៏បើកទ្វារចេញពីក្នុងរថយន្ត ស្រែកហៅគេឱ្យជួយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងតែម្តង។

ទោះជាយ៉ាងណាក្តី នៅចំពោះមុខមន្ត្រីសង្ឃ ព្រមទាំងសមត្ថកិច្ច សង្ឃទន់ សាវន បានអះអាងថា ខ្លួនសុខចិត្តទទួលកំហុស ទទួលទោសទណ្ឌ និងទទួលផលកម្មចំពោះអ្វីដែលខ្លួនបានសាងមកនេះ ហើយនេះក៏មកពីខ្លួនមានចិត្តស្រលាញ់ស្ត្រីរងគ្រោះខ្លាំងលើសលប់ពេក រហូតដល់គិតថា បើមិនបាននាងមករួមរស់ជាមួយសុខចិត្ត ស្លាប់ប្រសើរជាង។

បើទោះជាសារភាពថា ខ្លួនជាមនុស្សស្មោះស្នេហ៍ និងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរងគ្រោះ5ឆ្នាំមំកហើយក្តី តែសង្ឃទន់ សាវន នៅតែអះអាងថា ពេលដែលខ្លួននៅបួសជាសង្ឃ បានទាក់ទងស្នេហ៍ជាមួយស្ត្រីរងគ្រោះ ត្រឹមតែចិត្តនិងចិត្ត និងពាក្យសម្តីប៉ុណ្ណោះ ពោលគឺមិនបានប៉ះពាល់ប្រព្រឹត្តអ្វីលើសលស់រំលងហួសធម៌វិន័យនោះឡើយ។ តែអំឡុងពេលដែលខ្លួនសឹក រយៈពេល2ឆ្នាំនោះ គឺឧស្សាហ៍ណាត់ជួបគ្នារួមរ័កណាស់។

ក្រោយពេលត្រូវចាប់ផ្សឹកតាមវិន័យសង្ឃរួចមក អន្ទិតទន់ សាវន ត្រូវបានមន្ត្រីសង្ឃ ប្រគល់ទៅឱ្យសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរបន្ត។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ទន់ សាវន ត្រូវចាប់ខ្លួនពីបទមនុស្សឃាត ដោយចេតនា គិតទុកជាមុន ហើយពេលនេះ សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕