Loading...

សុំលុយប្រពន្ធអត់បាន ចងកសម្លាប់ខ្លួន

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 17:22 pm

ខេត្តបាត់ដំបង ៖ បុរសជាប្តីចិត្តខ្លាំងគំនិតខ្លី បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី។ ដែលគ្រាន់តែខឹងរឿងសុំលុយប្រពន្ធអត់បាន បែរជាជ្រើសរើសវិធីចងកបញ្ចប់ជីវិត មានឈ្មោះមឿត រឿប អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ជនរងគ្រោះ និងប្រពន្ធរស់នៅមិនសូវចុះសម្រុងនឹងគ្នានេះទេ ឧស្សាហ៍កើតមាន ជំលោះញឹកញាប់ណាស់ ដោយភាគច្រើនបុរសជាប្តីផឹកស្រវឹង ចេះតែបង្ករឿងដាក់ប្រពន្ធរហូត។ លុះមកដល់ថ្ងៃកើតហេតុ បុរសជាប្តី (ជនរងគ្រោះ) បានចេញទៅផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់មកផ្ទះវិញ ហើយក៏បានសុំលុយពីប្រពន្ធ បំណងយកទៅផឹកស៊ីជាមួយបនភឿន បន្តទៀត តែប្រពន្ធបានឆ្លើយប្រាប់វិញថា អត់មានលុយឱ្យទេ ជាហេតុធ្វើឱ្យបុរសជាប្តីរូបនេះ ខឹងច្រឡោត ក៏រករឿងឈ្លោះប្រកែកតឹងសរសៃក ដាក់គ្នាមួយប៉្រាវ បន្ទាប់មក បុរសជាប្តី ក៏ឡើងទៅសម្ងំនៅលើផ្ទះបាត់ទៅ ចំណែកប្រពន្ធក៏មិនបានចាប់អារម្មណ៍ ឬនឹកស្មានដល់សោះថា ប្តីរបស់ខ្លួន មានគំនិតខ្លីដល់ម្លឹងសោះ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ពេលដែលស្ត្រីជាប្រពន្ធឡើងទៅលើផ្ទះ ក៏ស្រាប់តែប្រទះឃើញ បុរសជាប្តី បានចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ តែម្តង៕