Loading...

ស្រីស្អាតជិះម៉ូតូកណ្តាលរាត្រី ចោរឆក់កាបូបបាត់

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 17:02 pm

ភ្នំពេញ ៖ ករណីចោរឆក់កាបូបស្រីស្អាតទាំងកណ្តាលរាត្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាសតិចណូ តាមបណ្តោយសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

នារីរងគ្រោះ ដែលត្រូវចោរឆក់កាបូប មានឈ្មោះអ៊ឹង សៀកគីន អាយុ២៣ឆ្នាំ មុខរបរអ៊ុតសក់ មានលំនៅម្តុំជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីនារីរងគ្រោះ បានរៀរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ តែម្នាក់ឯង ត្រឡប់មកពីហាងអ៊ុតសក់មីងរបស់នាងនៅទួលគោក បំណងទៅផ្ទះនៅជម្ពូវ័ន្ត ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើត ទៅលិច ខណៈមកដល់ចំណុចលើស្ពានអាកាសតិចណូ ជាកន្លែងកើតហេតុនោះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូធំមួយគ្រឿងម៉ាក SL ពណ៌កណ្តុរល្មែះ (មិនចាំស្លាកលេខ) មកពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់យកកាបូប តែមិនបានសម្រេចទេ ព្រោះពេលឆក់ទៅកាបូបបានជ្រុះ ប៉ុន្តែ ភ្លាមនោះជនសង្ស័យក៏ជិះត្រឡប់មករើសយកកាបូបវិញ រួចជិះគេចខ្លួនបាត់ស្រមោល។

នារីរងគ្រោះបន្ថែមថា ដោយសារតែភិតភ័យខ្លាំងពេក ទើបរូបនាងមិនហ៊ានជិះទៅដាក់ពាក្យបណ្តឹងទេ ហើយនាងប្រញាប់ជិះម៉ូតូត្រឡប់ ទៅផ្ទះរបស់នាងតែម្តង។ ចំណែកនៅក្នុងកាបូបដែលចោរឆក់យកទៅបាត់នោះ មានលុយចំនួន២០០ដុល្លារ អត្តសញ្ញាណប័ណ្ណមួយសន្លឹក និងសម្ភារផ្សេងៗមួយចំនួនទៀត។

ជុំវិញករណីខាងលើនេះ នារីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ ព្រោះមិនចង់មានរឿងវែងឆ្ងាយ គ្រាន់តែសំណូមពរដល់សមត្ថកិច្ច ជួយស្រាវជ្រាវមើលកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុផង៕