Loading...

អ្នកគ្រូគង់ ណារី ឈឺថ្លើមព្យាបាលនៅពេទ្យលោកសង្ឃ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 14:43 pm

តារាចម្រៀងល្បី ដូចជា ទូច ស្រីនិច្ច, ម៉េង កែវពេជ្ជតា, ពៅ បញ្ញាពេជ្រ, កែវ ច័ន្ទសម្ផស្ស, យ៉ុង ច័ន្ទកណ្ណិកា, យ៉ុង ច័ន្ទសុធាវី, សាពូន មីដាដា, លាន អាព្រីលគីនីន, សាន ផានិត, អ៊ឹង រដ្ឋា ហៅនាយទុយ ជាដើមនោះ សុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកគ្រូគង់ ណារី ក្នុងការប្រើបច្ចេកទេសច្រៀង ពត់សំឡេង និងការធ្វើអត្ថាធិប្បាយផងដែរ តែពេលនេះ សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ នៅវត្តកោះនេះ កំពុងធ្លាក់ខ្លួនមានជំងឺអាស៊ីតក្នុងថ្លើម ដោយតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)   រយៈពេលជាង១ខែទៅហើយ។

ស្ថិតក្នុងស្ថានភាពជំងឺធ្វើទុក្ខខ្លាំងនោះ អ្នកគ្រូគង់ ណារី ដេកបន្តោកសេរ៉ូម ស្តូកស្តឹងនៅលើគ្រែអ្នកជំងឺ ហើយក៏មានតារាសិល្បមួយចំនួនបានចុះទៅសួរសុខទុក្ខ និងជូនថវិកាខ្លះៗ ដល់សាស្ត្រាចារ្យរូបនេះ ដើម្បីសម្រួលក្នុងការចំណាយខ្ពស់ទៅលើថ្លៃថ្នាំពេទ្យនោះ។

អ្នកយកព័ត៌មានយើងបានទៅជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកគ្រូគង់ ណារី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ នោះដែរ ហើយជាមួយដៃម្ខាងជាប់បន្តោកសេរ៉ូមនោះ សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ នៅវត្តកោះ តាំងពីឆ្នាំ១៩៩៨ នោះ បានឱ្យដឹងថា គាត់បានមកព្យាបាលនៅពេទ្យនេះ ជាង១ខែទៅហើយ ដោយមានសិល្បករ និងអតីតកូនសិស្សចូលមកសួរសុខទុកជាញឹកញាប់ផងដែរ។

អ្នកគ្រូគង់ ណារី បានឱ្យដឹងថា “ខ្ញុំមិនដែលមានជំងឺអីធ្ងន់ធ្ងរនោះទេ គឺទើបតែពេលនេះឈឺថ្លើមមកព្យាបាលនៅទីនេះ ហើយពិតជាចំណាយទៅលើថ្នាំពេទ្យ និងបន្ទប់គេងអស់ច្រើនមែន។ ប៉ុន្មានថ្ងៃមុន មានសាន ផានិត និងម៉េង កែវពេជ្ជតា គាត់ចុះមកសួរសុខទុក្ខខ្ញុំដែរ ហើយពេលនេះ ខ្ញុំនៅបន្តសម្រាកព្យាបាលនៅពេទ្យតទៅទៀត មិនទាន់ដឹងថា ត្រូវចេញទៅផ្ទះវិញនៅពេលណានោះទេ”។

អ្នកគ្រូគង់ ណារី ដែលជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ នៅវិទ្យាល័យវត្តកោះ ដោយមើលឃើញពីទេព្យកោសល្យរបស់គាត់ល្អ ថ្នាក់ដឹកនាំ ក៏តម្រូវឱ្យគាត់ទទួលបន្ទុកបណ្តុះបណ្តាលសិល្បៈ ដល់សិស្សានុសិស្សនិស្សិតគ្រប់សាលា និងគ្រប់ខេត្តក្រុង ដែលចងមកមកសិក្សាជំនាញសិល្បៈ មានដូចជា ពត់សំឡេងច្រៀង, សូត្រកំណាព្យ, ពត់សំឡេង និងការធ្វើអត្ថាធិប្បាយជាពិធីករ ជាដើម។

ស្ថិតក្នុងវ័យ៦៥ឆ្នាំ មិនទាន់មានគូស្រករនោះ អ្នកគ្រូគង់ ណារី សង្ឃឹមថា ជំងឺរបស់គាត់នឹងបានធូរស្រាល នាពេលខាងមុខនេះវិញ នឹងបានបម្រើ និងផ្តល់ចំណេះដឹងដែលមាន ដល់ប្អូនៗសិល្បករជំនាន់ក្រោយជាបន្តទៅទៀត។

ដោយឡែក កាលពីថ្ងៃទី៣០ ខែតុលា នេះ លោកគួច ខេវិន ដែលជាស្ថាបនិកក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គម ហើយធ្លាប់ធ្វើការងារសិល្បៈជាច្រើន ជាមួយអ្នកគ្រូគង់ ណារី នោះ ក៏បានយកថវិការបស់ក្លឹប ចំនួន៥០ម៉ឺនរៀល និងថវិកាផ្ទាល់ខ្លួនចំនួន៤០ម៉ឺនរៀល ជូនដល់អ្នកគ្រូណារី ផងដែរ។

សាស្ត្រាចារ្យគង់ ណារី បានរំភើបជាខ្លាំង នៅពេលដែលបានជួបលោកខេវិន ហើយអ្នកគ្រូណារី ថា មិនមែនរំភើបគេយកលុយមកឱ្យនោះទេ តែគាត់រំភើបនៅពេលឈឺ មានមិត្តភក្តិទៅសួរសុខទុក្ខ៕