Loading...

​​ប៊ុត សីហា លេងមួយក្បាច់ ចេញបទចម្រៀងស៊កឲ្យហង្សមាស

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 14:50 pm

បទ ”ហង្សមាសចិត្តបាប” ដែលច្រៀងរួមគ្នាដោយអតីតតារាចម្រៀងហង្សមាស ប៊ុត សីហា​ និងនាងគ្រីម លក្ខិណា នោះ គ្រាន់តែឮចំណងជើង ក៏មនុស្សភាគច្រើនគិតថា បទនោះ សីហា មានចេតនាឌឺដង និងវាយប្រហារទៅលើផលិតកម្មហង្សមាស ដែរ បើទោះជាអត្ថន័យ និងចំណងជើងបទចម្រៀងមួយបទនេះផ្សេងគ្នាយ៉ាងណាក៏ដោយ។

អ្នកដែលបានឃើញចំណងជើងបទចម្រៀង ”ហង្សមាសចិត្តបាប” នេះ បានលើកឡើងដូចគ្នាថា ពេលនេះ ប៊ុត សីហា ពិតជាធ្វើឲ្យលោកថៅកែហង្សមាស មួម៉ៅនិងក្ដៅក្រហាយ ដោយសារអតីតតារាចម្រៀងរបស់ខ្លួននេះមិនតិចឡើយ ព្រោះថា ចំណងជើងបទចម្រៀងមានរាប់លាន ដែលអាចដាក់បានតាមចិត្តចង់ ចុះហេតុអីបានជាសីហា ចង់ច្រៀងបទ ”ហង្សមាសចិត្តបាប” នេះទៅវិញ?

តាមរយៈការម៉ៃទៅលើចំណងជើងបទចម្រៀងថ្មីរបស់ប៊ុត សីហា នេះ បញ្ជាក់ថា អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ រូបនេះ នៅតែមិនទាន់បាត់ក្ដៅចិត្តជាមួយផលិតកម្មរស្មីហង្សមាស ដែលបានដេញគេចេញទាំងនៅចំណងកុងត្រា ពាក់ព័ន្ធការសេពគ្រឿងញៀននោះឡើយ ទើបដាច់ខាតសីហា ត្រូវតែចេញបទថ្មីមួយនេះផ្ញើជូនដល់ក្រុមហ៊ុនហង្សមាស ស្ដាប់កម្សាន្ដ។ ការចេញបទ ”ហង្សមាសចិត្តបាប” របស់ប៊ុត សីហា នេះ បន្ទាប់ពីសីហា ល្បីបទ ”គ្មានអ្នកណាកែចិត្តបងបានទេ” ដែលមានអ្នក Views ជាង១០លាននាក់។

ប៊ុត សីហា បានចូលផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ២០១៥ ហើយត្រូវបានផលិតកម្មធំនេះ ដេញរូបគេចេញកាលពីចុងឆ្នាំ២០១៧ ដោយសម្អាងថា សីហា មានសេពគ្រឿងញៀន។ ហង្សមាស ថែមទាំងសង្កត់ថា បើសិនជាថ្ងៃក្រោយ ប៊ុត សីហា កែខ្លួន ក៏ផលិតកម្មនេះមិនទទួលយកមកវិញដែរ ដែលការរអះអាងរបស់ហង្សមាស បែបនេះ ធ្វើឲ្យមហាជនមួយចំនួនលើកឡើងថា ហង្សមាស បានកាត់ក្ដីអតីតម្ចាស់ពាន The Voice Cambodia នេះ ដូចកាត់ទោសសេកស្មើខ្លាដែរ។ ប៉ុន្ដែមហាជនបានឲ្យនិយាយថា ពួកគេមិនគាំទ្រអ្នកសេពគ្រឿងញៀននោះទេ តែក្នុងនាម ហង្សមាស ជាឪពុកម្ដាយរបស់ប៊ុត សីហា នោះ គួរតែផ្ដល់ឱកាសឲ្យរូបគេបានកែខ្លួនផង។

ទោះជាយ៉ាងណា តាមរយៈបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ”នគរធំ” កាលពីខែមេសា ឆ្នាំ២០១៨ ប៊ុត សីហា ដែលអាក់ខានចេញទៅច្រៀងសម្ដែងនៅអាមេរិក ជាមួយកញ្ញារ៉ាប៊ី នោះ បានបញ្ជាក់ថា រូបគេនឹងចូលច្រៀងនៅផលិតកម្មថោន ក្នុងពេលឆាប់នេះហើយ៕