Loading...

Griezmann ៖ វត្តមាន Messi ទើបខ្ញុំសម្រេចចិត្តមិនទៅ Barcelona

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 9:42 am

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Griezmann របស់ក្លឹប At Madrid បានឱ្យដឹងថា មានកត្តាធំៗ២យ៉ាង ដែលជំរុញឱ្យលោកសម្រេចចិត្តមិនទៅលេងឱ្យក្លឹប Barcelona។

ទី១-គឺវត្តមានរបស់កីឡាករខ្សែប្រយុទ្ធ Messi។

ទី២-ភាពស្មោះស្ម័គ្រជាមួយក្លឹបតែម្តង។

ខ្សែប្រយុទ្ធ Griezmann បានទម្លាយឱ្យដឹងថា “ប្រសិនបើខ្ញុំទៅទីនោះ ខ្ញុំនឹងក្លាយជាកីឡាករជម្រើសទី២ បន្ទាប់ពី Messi។ ជាងនេះទៅទៀត  ខ្ញុំប្រាកដណាស់ថា នៅទីនោះ មិនសូវមានអ្នករាប់រកខ្ញុំទេ។ ផ្ទុយទៅវិញនៅ At Madrid មន្ត្រីក្លឹប និងមិត្តរួមក្រុម ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាមួយខ្ញុំ។ ពួកគេបានធ្វើអ្វីជាច្រើនសម្រាប់ខ្ញុំ។ នៅទីនេះ ខ្ញុំមានអារម្មណ៍ដូចផ្ទះរបស់ខ្ញុំ ”។

កីឡាករសញ្ជាតិបារាំង មានទំនាក់ទំនងផ្ទេរទៅលេងនៅពហុកីឡដ្ឋាន Camp Nou មុនការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ហើយពេលនោះអ្នកគាំទ្ររបស់ Barcelona ទន្ទឹងរង់ចាំចង់ឃើញវត្តមានរបស់ Griezmann ចាប់ដៃគូជាមួយ Messi។

កីឡាករវ័យ២៧ឆ្នាំរូបនេះ បានចូលមកលេងឱ្យក្លឹប At Madrid តាំងពីឆ្នាំ២០១៤ ក្រោយផ្លាស់មកពីក្លឹប Sociedad។ នៅជាមួយក្លឹបនេះ ស៊ុតបាល់បាន៨២គ្រាប់ ក្នុងការបង្ហាញវត្តមាន១៥៤ប្រកួត៕