Loading...

កម្មករ៣នាក់លួចជ័រកៅស៊ូ សន្តិសុខចាប់ជាប់

​ សោម សុភា​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:00 pm

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង១១និង៤០នាទីព្រឹក នៅចំណុចឡូត៍កៅស៊ូលេខ២២ កសិដ្ឋានទី៣ ក្រុមហ៊ុនតានបៀន កំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានកម្មករ៣នាក់ បានធ្វើសកម្មភាពលួចជ័រកៅស៊ូ តែសន្តិសុខប្រទះឃើញចាប់ប្រគល់ឱ្យប៉ូលិសនាំទៅចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៣នាក់ ទី១-ឈ្មោះរី ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្ត កំពង់ធំ ទី២-ឈ្មោះហួត ហន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងទី៣-ឈ្មោះរើន ភារ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិអូរតាសេក ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ទាំង៣នាក់នេះ ជាកម្មករចៀរជ័រកៅស៊ូឱ្យ ក្រុមហ៊ុនតានបៀន កំពង់ធំអភិវឌ្ឍន៍កៅស៊ូ។ មុនពេលចាប់ខ្លួនក្រុមជនសង្ស័យបានផ្សំគំនិតគ្នា ធ្វើសកម្មភាពលួចជ័រកៅស៊ូបង្កកតាមចាន រួចយកទៅជីកលាក់ទុកក្នុងដី ហើយត្រូវសន្តិសុខ ការពារក្រុមហ៊ុនបានរកឃើញ និងបានសួរនាំជនសង្ស័យទាំង៣នាក់។ ទើបកម្លាំងសន្តិសុខ ការពារក្រុមហ៊ុន បាននាំខ្លួនជនសង្ស័យទាំង៣នាក់ ព្រមទាំងជ័រកៅស៊ូ បង្កកតាមចានទម្ងន់ ប្រហែលជាង៤០គីឡូក្រាម មកប្រគល់ជូនសមត្ថកិច្ច។ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដូចបានចោទប្រកាន់មែន តែដឹងអីត្រូវសន្តិសុខប្រទះឃើញ ក៏ចាប់ខ្លួនពួកគេតែម្តង៕