Loading...

ចូលក្លឹបផឹកស៊ីទាស់សម្តី ពេលចេញមកក្រៅព្រួតគ្នាចាក់៣កាំបិត

​ សោម សុភា​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 13:26 pm

បន្ទាយមានជ័យ ៖ ករណីក្មេងស្ទាវផ្ទុះជំលោះចាក់ប្រហារគ្នា៣កាំបិត បណ្តាលឱ្យស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខមជ្ឈមណ្ឌលកម្សាន្តហ្គោលថោន ក្រុងសិរីសោភ័ណ មានទីតាំងស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

យុវជនរងគ្រោះដែលត្រូវគូទំនាស់ចាក់៣កាំបិតស្លាប់ក្នុងថ្លុកឈាម មានឈ្មោះលាង ឡេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មករ ម្នាងសិលា ធ្វើការ និងស្នាក់នៅក្នុងក្រុងសិរីសោភ័ណ និងមានស្រុកកំណើតនៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ចំណែកជន ដៃដល់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេបានឃើញក្មេងស្ទាវចំនួន២ក្រុម បាននាំគ្នាចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបខាងលើ លុះក្រោយពីផឹកស្រាចូលជ្រាបក្នុងខ្លួន ស្រវឹងធ្លាក់ភ្នែក ក៏បានរាំចាក់ក្បាច់កាច់កុងគ្នា និងចេះតែសម្លឹងមុខ ឌឺដងដាក់គ្នាជាប់រហូត និងបានទាស់សម្តីគ្នាមួយប៉្រាវដែរ តែមិនហ៊ានបង្កហិង្សានៅក្នុងក្លឹបនោះទេ ព្រោះមានសន្តិសុខយាមកាមតឹងរឹងណាស់។ ស្រាប់តែចេញមកដល់មុខក្លឹបវិញ ភាគីម្ខាងបានព្រួតគ្នាដេញវាយតប់ និងកាប់ទៅលើយុវជនរងគ្រោះឈ្មោះលាង ឡេង ចំនួន៣កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែង។

ក្រោយកើតហេតុ ក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់៕