Loading...

ចោរឆក់អស់លក្ខណ៍ ត្រូវម្ចាស់ទូរស័ព្ទជិះម៉ូតូបំបុកដួល ចាប់វ៉ៃទ្រមខ្លួន

​ សោម សុភា​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 15:51 pm

ភ្នំពេញ ៖ ករណីចោរកម្មនេះ កើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្តុបអូរឫស្សី តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលអង្គុយ និងជាអ្នកធ្វើសកម្មភាពឆក់មានឈ្មោះឡៃ សុផានី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលជាម្ចាស់ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1GH-6788 មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ សូមលាក់អត្តសញ្ញាណ ស្នាក់នៅផ្ទះជួលផ្លូវបេតុង នៅតាមក្រោយ ខារ៉ាអូខេញូស្តារ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1CM- 5529។

ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជិះម៉ូតូចេញពីផ្ទះបំណងទៅយកប្រពន្ធនៅម្តុំគីរីរម្យ ត្រឡប់មកផ្ទះវិញ ដោយជិះបណ្តើរនិយាយទូរស័ព្ទបណ្តើរជាមួយមិត្តភក្តិ លុះមកដល់ចំណុចកើតហេតុខាងលើ មិនចាប់អារម្មណ៍ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទគាត់សម្រេចរួចនាំគ្នាជិះម៉ូតូខ្លួន។ ខណៈនោះរូបគាត់បានជិះម៉ូតូដេញតាមក្រោយ ហើយបានស្រែកថាចោរៗ លុះជិះដេញមកដល់ចំណុចផ្លូវ២១៧ ផ្សារដើមគ ជនសង្ស័យបានវាក់អើនឹងរថយន្តមួយគ្រឿង បើកនៅខាងមុខ ទើបគាត់បើកបុកម៉ូតូជនសង្ស័យដួល ភ្លាមៗ នោះ ប្រជាពលរដ្ឋឃើញហេតុការណ៍បាននាំគ្នា ជួយដេញចាប់បានម្នាក់វាយឡើងទ្រមខ្លួនម្នាក់ និងបានដកម៉ូតូបានមួយគ្រឿង រួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។ ចំណែកបក្ខពួកម្នាក់ទៀត យកទូរស័ព្ទរបស់គាត់រត់គេចខ្លួនបាត់ស្រមោល៕