Loading...

ជិះម៉ូតូបុកឆ្កែដួល ឈើសង្កត់ស្លាប់

​ សោម សុភា​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:42 pm

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ៦៤ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

យុវជនរងគ្រោះដែលត្រូវឈើសង្កត់ស្លាប់ មានឈ្មោះអ៊ីង ហុក អាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានលំនៅភូមិអូររណា ឃុំស្រែ ស្រុកកែវសីមា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូកែច្នៃ១គ្រឿង ដឹកឈើប្រណីត (កកោះ) ខ្នាតយក្ស១ដុំធំ ប្រវែង២ម៉ែត្រ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៧៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានសត្វឆ្កែ១ក្បាល បានរត់កាត់ផ្លូវ ធ្វើឱ្យជនរងគ្រោះ គេចចង្កូតម៉ូតូមិនទាន់ ក៏ជ្រុលបុកឆ្កែដួលម៉ូតូ ធ្វើឱ្យឈើ១ដុំធំនោះ បានសង្កត់ពីលើជនរងគ្រោះជាអ្នកបើកម៉ូតូ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕