Loading...

ជិះម៉ូតូបុករថយន្ត ធ្លាយស្រោមមុខនិនចាក្រោមកែប

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 17:06 pm

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចស្ពានថ្មផ្សារលើ ស្ថិតក្នុងភូមិផ្សារលើ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

បុរសរងគ្រោះដែលជិះម៉ូតូបុកគូទរថយន្តរងរបួសធ្ងន់ មានឈ្មោះផាន់ សុជាតិ អាយុ២៦ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១ជ-៩១៣៩ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុក ពីក្រោយចំហៀងខាងស្តាំរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស្ករ បណ្តាលបុរសជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូ និងរថយន្តទទួលរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បី ព្យាបាល។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការវាស់វែងតាមជំនាញ រួចអូសយកម៉ូតូ និងរថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ប៉ុន្តែអ្វីដែលជារឿងភ្ញាក់ផ្អើលនោះ គឺនៅពេលសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ក្រោមកែបម៉ូតូ ស្រាប់តែប្រទះឃើញស្រោមមុខនិនចាមួយ ជារបស់ជនរងគ្រោះអ្នកបើកម៉ូតូ ដែលស្រោមមុខនោះ មានចេញតែប្រឡង់ភ្នែក និងច្រមុះប៉ុណ្ណោះ និងមិនដឹងថា ជនរងគ្រោះប្រើប្រាស់ សម្រាប់ធ្វើអ្វីនោះទេ៕